29 C
Phnom Penh

លោក កឹម សុខា អះអាង​ថា​នឹង​មិន​ចូលរួម​ជាមួយ​ក្រុម​ដែល​ចង់​ដុត​បំផ្លាញ​កម្ពុជា​នោះ​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្សជំនិត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​អះអាង​ថា លោក កឹម សុខា នៅតែ​មាន​ឆន្ទៈ​ឥត​ប្រែប្រួល​ដោយ​ប្រាថ្នា​ចង់​ឲ្យ​មានការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​កើតឡើង​នៅ​កម្ពុជា។

នាយ​ខុទ្ទកាល័យ​លោក កឹម សុខា គឺ​លោក​មុត ចន្ថា បាន​លើកឡើង​ទៅ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​អ្នកនយោបាយ​ខ្មែរ និង​មជ្ឈដ្ឋាន​អង្គទូត​ប្រទេស​ប្រជាធិបតេយ្យ អំពី​គោលជំហរ​របស់​លោក​ថា កម្ពុជា​ជា​ប្រទេស​ដែល​ផ្តល់​កំណើត​ឲ្យ​លោក។ លើស​ពីនេះ លោក​កំពុង​រស់នៅ​ក្រម​ដំបូល​ប្រទេសកំណើត​នេះ ដូច្នេះ​លោក កឹម សុខា នឹង​មិន​បង្ក​បញ្ហា​អ្វី​ដល់​ប្រទេស​នេះ ហើយ​លោក​ក៏​មិន​ដុត​បំផ្លាញ​ប្រទេស​នេះ​ដែរ។ ជាង​នេះ​ទៀត​លោក កឹម សុខា បញ្ជាក់​ជំហរ​ទៀត​ថា​លោក​នឹង​មិន​ចូលរួម​ជាមួយ​អ្នកណា​ឲ្យ​មក​ដុត​បំផ្លាញ​ប្រទេស​នេះ​ដែល​លោក​កំពុង​រស់នៅ​ជាដាច់ខាត។ 

នេះ​មិនមែន​ជា​លើក​ទី១ទេ ចំពោះ​ការប្រកាស​ជំហរ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ដែល​ប្រាថ្នា​ចង់​ឲ្យ​មានការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​កើតឡើង​នៅ​កម្ពុជា តាម​មាគ៌ា​អហិង្សា ព្រមទាំង​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ​នោះ​ឡើយ បើ​ទោះបីជា​លោក​រង​ការឈឺចាប់​រាប់មិនអស់​ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក្តី។លោក កឹម សុខា ធ្លាប់​ជាប់ពន្ធ​នា​គារ​ជាច្រើន​សារ ធ្លាប់​ជា​ឃុំ​នៅ​ស្នាក់​ការ​បក្ស​រាប់​ខែ និង​ធ្លាប់​ជាប់ឃុំ​នៅផ្ទះ​ប្រមាណ១ឆ្នាំ ក្នុងរយៈពេល​ចុងក្រោយ​នេះ មុន​ពេល​លោក​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កែប្រែ​លក្ខខណ្ឌ​ក្នុង​ការ​ឃុំខ្លួន​លោក​កាលពី​ចុងឆ្នាំ​មុន ដែល​តម្រូវ​ឱ្យ​លោក​មាន​សេរីភាព​ច្រើនជាង​មុន ប៉ុន្តែ​សិទ្ធិ​ធ្វើនយោបាយ​និង​សិទ្ធ​ដើរហើរ​ទៅក្រៅ​ប្រទេស​នៅតែ​ត្រូវ​បាន​ហាមឃាត់។

ទោះបីជា​រង​ឈឺចាប់ ហើយ​សំណុំរឿង​ក្តី​របស់​ខ្លួន​កំពុង​ដំណើរការ​នៅ​តុលាការ​មិនទាន់​បញ្ចប់​បែបនេះ​ក៏ដោយ ក៏​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិនបាន​បង្ហាញ​ការ​គុំគួន​ទៅ​លោក​ហ៊ុន សែន ឬក្រុម​របស់​លោក​នោះ​ឡើយ។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗនេះ លោក​មិន​ត្រឹមតែ​ផ្ញើរ​សារ​រំលែកទុក្ខ​ដល់​លោក​ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះទេ ខណៈ​ម្តាយក្មេក​របស់​លោកនាយក​រដ្ឋមន្ត្រី គឺ​មហា​ឧបា​សិកា​ប៊ុ​ន ស៊ាង​លី បាន​ទទួលមរណៈភាព។ ប៉ុន្តែ​លោ​កកឹម សុខា ក៏បាន​ដឹកនាំ​ប្រតិភូ​របស់​ខ្លួន​ចូល​គោរព​វិញ្ញាណ​ខន្ធ​សព និង​បាន​ជជែក​ជាមួយ​លោក​ហ៊ុន សែន តែ​ពីរ​នាក់​ផ្ទាល់​កាលពី​ថ្ងៃទី ៥ ឧសភា ក្នុង​កាយវិការ​ទន់ភ្លន់​ដាក់គ្នា​ថែមទៀត​ផង។

ជំនួប​រវាង​ដៃគូ​ប្រកួត​នយោបាយ​ចាស់វស្សា​ទាំងពីរ​រូប​ពេលនោះ ត្រូវ​បាន​សហគមន៍​ជាតិ​និង​អន្តរជាតិ​សារ​ទរ ដោយ​ចាត់ទុកថា​ជា​គម្រូ​ដ៏​ល្អ​មួយ​សម្រាប់​អ្នកនយោបាយ​ជំនាន់​ក្រោយ និង​ចាត់ទុកថា​ជា​ជំហាន​វិជ្ជមាន​ដំបូង​សម្រាប់​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស