ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួបតំណាងក្រុមហ៊ុន Malaysia Airlines ដើម្បីជជែកអំពីផែនការនាំពលរដ្ឋដែលខកខានធ្វើដំណើរមកប្រទេសកម្ពុជាកាលពីដើមខែមេសាប្រមាណ១៥០នាក់។
ការខកខាននោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកបញ្ជាឱ្យផ្អាកជើងហោះហើររបស់ពួកគេមកកម្ពុជាពេលនោះ ក្រោមហេតុផលថាដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាបន្ថែម ទៀត។ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថាកាលពីថ្ងៃម្សិលមិញថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនេះ លោក ឆឺយ វិចិត្ត បានជួបពិភាក្សាតំណាងក្រុមហ៊ុន Malaysia Airlines អំពីការរៀបចំការហោះហើរសម្រាប់បងប្អូនដែលខកខានការធ្វើដំណើរត្រឡប់មកកម្ពុជាកាលពីថ្ងៃទី៧ ខែមេសា អោយពួកគេបានវិលត្រលប់ទៅកម្ពុជាវិញ។
ប្រភពដដែលបន្តថា ក្នុងជំនួបនោះតំណាងក្រុមហ៊ុនហោះហើរមួយនេះ បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាឱ្យមានការហោះហើរដើម្បីដោះស្រាយបញ្ហានេះ ក្នុងរយៈពេល២សប្តាហ៍។បន្ថែមពីនេះ ក្រុមហ៊ុន Malaysia Airlines នឹងទាក់ទងទៅបងប្អូនទាំងប្រមាណ១៥០នាក់នោះដោយផ្ទាល់ក្នុងពេលឆាប់ៗនេះ ហើយស្ថានទូតក៏ណែនាំឱ្យពលរដ្ឋទាំងអស់ត្រៀមសហការឱ្យបានល្អ នៅពេលក្រុមហ៊ុនទាក់ទងទៅពួកគាត់ផ្ទាល់។
ការជួបជជែកគ្នារវាងមន្ត្រីទូតកម្ពុជា និងតំណាងក្រុមហ៊ុន Malaysia Airlines ដើម្បីដោះស្រាយបញ្ហាពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ីនេះ ធ្វើឡើងក្រោយពី លោក ហ៊ុន សែន កាលពីថ្ងៃពុធ បានប្រកាសដាក់ចេញនូវវិធានការដោះស្រាយជាផ្លូវការ ចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវ អោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ-១៩ទេ។
សរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួកាលពីថ្ងៃទី២៧ ខែឧសភានេះ លោកហ៊ុន សែន បញ្ជាក់ថាវិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។យ៉ាងនេះក្តី លោកថា ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវ អោយចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក រយៈចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើពួកគេមានរោគឆ្លងជំងឺកូវីស១៩ ឬអត់រោគឆ្លង ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។
ការសម្រេចរបស់រដ្ឋាភិបាលនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសង្គមយល់ឃើញថាប្រហែលជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ជាច្រើនដែលបានលើកឡើងពីបញ្ហាប្រឈមរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសពលរដ្ឋខ្មែរដែលជាប់នៅប្រទេសម៉ាឡេស៊ី។ ពលរដ្ឋដែលខកខាតហោះហើរមកកម្ពុជាកាលពីថ្ងៃទី៧ ខែមេសានោះ មានមនុស្សមួយចំនួនបានលើកឡើងថាពួកគាត់បារម្ភខ្លាចដាច់ពោះស្លាប់នៅប្រទេសនេះ ប្រសិនបើរដ្ឋាភិបាលគ្មានគោលការណ៍ជួយពួកគាត់ច្បាស់លាស់ ព្រោះអ្នកខ្លះមានផ្ទៃពោះជិតគ្រប់ខែ ហើយគ្មានអ្នកជួយមើលថែទាំ គ្មានការងារធ្វើ គ្មានប្រាក់ចំណូល និងត្រូវចំណាយជាប្រចាំជាដើម។
ក្រៅពីពលរដ្ឋដែលខកខានប្រមាណ១៥០នាក់នោះ ក៏នៅមានពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីដែលជាពលករចុះទូកនេសាទ និងពលរដ្ឋដែលអាជ្ញាធរម៉ាឡេស៊ីទើបនឹងដោះលែងពីពន្ធនាការជាង២រយនាក់ទៀត ក៏កំពុងរង់ចាំការជួយពីរដ្ឋាភិបាលដើម្បីបានវិលត្រឡប់មកកាន់កម្ពុជាវិញផងដែរ៕