34 C
Phnom Penh

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាត់ទុក​សកម្មជន​បរិស្ថាន​ជាស​ត្រូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌ស​កម្ម​ជន​បរិស្ថាន ថា​ជា​ក្រុម​ខុសច្បាប់ ក្រុមប្រឆាំង ឬជា​ក្រុម​ដែល​ធ្វើការ​ដើម្បី​បម្រើ​ប្រយោជន៍​បរទេស​ជាដើម។

ថ្លែង​នៅក្នុង​វីដេអូ​ឃ្លី​បប្រមាណ៤នាទី ដែល​ចែកចាយ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​លើកឡើង​ថា ការដែល​លោក​ចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន​នេះ គឺ​ដោយសារ​លោក​មិន​អាច​ទ្រាំ​ឈរ​អោបដៃ​មើល​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​តម្លាភាព ហើយ​ពលរដ្ឋ​មូលដ្ឋាន​ក្លាយជា​អ្នករងគ្រោះ ទៅវិញ។

ជាមួយគ្នា​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កុំ​ចាត់ទុក​សកម្មជន​បរិស្ថាន ឬអ្នក​ស្រលាញ់​ធនធាន​ធម្មជាតិ​ជាស​ត្រូវ​តទៅទៀត​អី ដោយ​ងាក​មក​ចាត់ទុក​ពួក​គាត់​ទាំងនោះ​ជា​ដៃគូ​សហការ ឬជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល ខណៈ​តំបន់​ខ្លះ​មន្ត្រី​រដ្ឋាភិបាល​ឬ មន្ត្រី​ជំនាញ​មិន​អាច​មើល​បាន​សព្វគ្រប់ ដែល​ធ្វើ​ឱ្យ​ជនល្មើស​មានឱកាស​បំផ្លិច​បំផ្លាញ​សម្បត្តិ ធម្មជាតិ​ខ្មែរ​ទាំងនោះ។ លោក ថុន រដ្ឋា ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លាប​ពណ៌​ពួក​គាត់​ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល ឬចោទប្រកាន់​ក្នុង​រូបភាព​អា​ក្រ​ក់ៗ បន្ត​ទៀត។

សកម្មជន​បរិស្ថាន បាន​ធ្វើការងារ​ច្រើន​ដើម្បី​រួមចំណែក​ថែរក្សា​ធនធាន​ធម្មជាតិ ការពារ​បរិស្ថាន និង​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​កាន់តែ​ចាប់អារម្មណ៍​ចូលរួម​ការពារ​ធម្មជាតិ​នៅ​កម្ពុជា បើ​ទោះបីជា​ការងារ​របស់​ពួក​គាត់​គ្មាន​ប្រាក់ចំណូល និង​ត្រូវ​ប្រឈមមុខ​ជាមួយ​ជនល្មើស ប្រឈម​ការ​ប្តឹងផ្តល់​ដល់​ពន្ធនាគារ ឬគំរាមកំហែង​ពីសំណាក់​អ្នកមាន​ប្រាក់ និង​មានអំណាច​យ៉ាងណា​ក្តី។ ប៉ុន្តែ​ក្នុងរយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ពិសេស​ក្រសួងបរិស្ថាន​ហាក់​មិនបាន​ស្វាគមន៍​ការងារ​របស់​សកម្មជន​បរិស្ថាន​នោះ​ឡើយ។ ជាក់ស្តែង​ក្រសួង​បាន​ហាមឃាត់​ប្រជា​សហគមន៍ អង្គការ​សង្គម​ស៊ីវិល សកម្ម​ការពារ​ព្រៃឈើ​មិន​ឱ្យ​ចូល​តំបន់​ព្រៃ​ឡង់​ចាប់តាំងពី​ខែកុម្ភៈ​មក​ម្លេះ។ លើស​ពីនេះ ក្រសួង​ថែមទាំង​ចោទប្រកាន់​សកម្មជន​បរិស្ថាន​ថា​បាន​ធ្វើសកម្មភាព​ខុសច្បាប់ អនាធិបតេយ្យ និង​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ធ្វើវិទ្ធង្សនា​ប្រឆាំង​រដ្ឋាភិបាល លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាដើម។

ទាំងនេះ បាន​បង្ហាញ​ពី​ភាព​ផ្ទុយគ្នា​ស្រឡះ​ពី​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ធ្លាប់​ប្រកា​សក្តែ​ងៗ ក្នុង​ទិវា​ស្តី​ពី​កិច្ចការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជា​រៀងរាល់​ឆ្នាំ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ ឬមន្ត្រី​ជំនាញ​សហការ​ល្អជា​មួយ​តួអង្គ​ពាក់ព័ន្ធ សកម្មជន​បរិស្ថាន អង្គការ​សង្គម​ស៊ីវិល​ជាដើម ព្រមទាំង​តម្រូវ​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​ពួក​គេ​ក្នុងរយៈពេល ៣ខែ​ម្ដង។ បន្ថែម​ពីនេះ លោក​ក៏​ធ្លាប់​ណែនាំ​ទៅ​ក្រសួង​ស្ថាប័ន​ទាំងអស់ ព្យាយាម​ស្ដាប់​ពាក្យពិត​របស់​ពួក​គេ​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​កិច្ចការ​ងារ​ធនធាន​ធម្មជាតិ​មានប្រសិទ្ធភាព​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស