លោកមហាធាមហាម៉ាត់អតីតនាយករដ្ឋមន្ដ្រីពីរជំនាន់ត្រូវបានបក្សរបស់ខ្លួនបណ្ដេញចេញពីបក្ស ក្រោម ហេតុផលថា បុរសវ័យ៩៥ឆ្នាំម្នាក់នេះបានអុកឡុក និងបំផុសបំផុលប្រឆាំងនឹងនាយក រដ្ឋមន្ដ្រីថ្មីលោក Muhyiddin Yassin។
អ្នកនយោបាយជើងចាស់រូបនេះត្រូវបានមើលឃើញថានៅទីបំផុត បានរបូតស្នៀតល្បិចនយោបាយរបស់ខ្លួនដែលបានប្រកាសលាលែងពីតំណែងពីនាយករដ្ឋមន្ដ្រីកាល ពីខែកុម្ភៈហើយត្រូវបានព្រះមហាក្សត្ររបស់ខ្លួនស្នើរឲ្យបន្ដកាន់តំណែងជានាយករដ្ឋមន្ដ្រីស្ដីទីបានតែ រយះពេល១០ថ្ងៃប៉ុណ្ណោះ។អ្នកនយោបាយជើងចាស់ដែលសំបូរល្បិចម្នាក់នេះបានធ្វើឲ្យសម្ព័ន្ធមិត្ត របស់ខ្លួន គឺអតីតឧបនាយករដ្ឋមន្ដ្រី អាន់វ៉ាអ៊ីប្រាហ៊ីមខកខានទទួលតំណែងពីលោករហូតមកដល់ពេលនេះហើយបានធ្វើឲ្យសម្ព័ន្ធភាពរដ្ឋាភិបាលចំរុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ បែកបាក់មកដល់ពេលនេះ។តែទីបំផុតអតីតនាយករដ្ឋមន្ដ្រីរូបនេះត្រូវបានកូនចៅរបស់ខ្លួនបណ្ដេញចេញពីបក្សទៅវិញ។ បន្ថែមលើពីនេះបណ្ដាញផ្សាយព័ត៌មាន Aljazerra បានចុះផ្សាយថាសូម្បីតែកូនប្រុសរបស់លោកម្នាក់ដែលមានតំណែងខ្ពង់ខ្ពស់ក្នុងបក្ស បឺសាទូ ក៏ត្រូវបានបណ្ដេញចេញពីបក្សបន្ទាប់ពីឪពុករបស់ខ្លួនដែរ។
កាលពីថ្ងៃទី២៩ ខែឧសភាបណ្ដាញផ្សាយព័ត៌មានអាល់ចាហ្សេរ៉ា បានស្រង់សេចក្ដីថ្លែងការណ៍របស់បក្សបង្រួបបង្រួមជនជាតិដើមម៉ាឡេស៊ីដែលហៅកាត់ បឺសាទូ ថា សមាជិកភាពរបស់លោកមហាធាត្រូវបានដកចោលជាប្រញាប់ហើយ ដោយសារបុរសរូបនេះមិនគាំទ្ររដ្ឋាភិបាលរបស់លោក Muhyiddin Yassin ជានាយករដ្ឋមន្ត្រី។សេចក្ដីថ្លែងការណ៍បក្សនោះថែមទាំងបង្ហោះនៅក្នុងបណ្ដាញសង្គមទៀតផងដោយបញ្ជាក់ថាកាលពីកិច្ចប្រជុំសភាសប្ដាហ៍មុនលោក មហាធាបានបង្ហាញឥរិយាបថយ៉ាងគឃ្លើនទៅអង្គុយជាមួយនឹងក្រុមប្រឆាំងទៅវិញ។សេចក្ដីថ្លែងការណ៍នោះក៏ទទួលបានការវាយតម្លៃទីលើលោកមហាធាដោយនាយករដ្ឋមន្រ្ដី Muhyiddin Yassin ជាប្រធានថ្មីរបស់បក្សបឺសាទូ។ប៉ុន្ដែការិយាល័យលោកមហាធាបានបដិសេធក្នុងការឆ្លើយតបភ្លាមៗរាល់ការបញ្ចេញមតិទាំងអស់ដោយអះអាងថាមិនទាន់បានឃើញលិខិតបណ្ដេញលោកមហាធាជាផ្លូវការនោះនៅឡើយទេ។លោក Muhyiddin Yassin ត្រូវបានមើលឃើញថាលោកកំពុងត្រូវការតំណែងដ៏កំពូលនេះ ក្នុងការបង្រួបបង្រួមអំណាចខណៈលោកប្រឈមនឹងកម្លាំងរារាំងក្នុងភាពជានាយករដ្ឋមន្រ្ដីរបស់លោកកាន់តែច្រើន ឡើង។
លោកមហាធាស្ថិតក្នុងវ័យជិត៩៥ឆ្នាំទៅហើយលោកគឺជាមេដឹកនាំរដ្ឋាភិបាលដែលចាស់ជាងគេនៅលើលោក។ លោកបានធ្វើឱ្យម៉ាឡេស៊ីមានវិបត្តិនយោបាយជាខ្លាំងនៅខែកុម្ភៈដោយសារតែការមិនគោរពតាមពាក្យសន្យាក្នុងការប្រគល់តំណែងនាយករដ្ឋមន្រ្ដីឱ្យទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម ព្រោះលោកអាន់វ៉ាម្នាក់នេះហើយជាអ្នកឱ្យលោកនាំភាពជោគជ័យក្នុងការបោះឆ្នោតដោយគំនិតបង្កើតឱ្យមានចលនាប្រមូលផ្ដុំនយោបាយ។ ដោយសារតែមិនប្រកាន់ពាក្យសច្ចៈរបស់លោកមហាធាបានបង្កឱ្យមានការបែកបាក់កម្លាំងនយោបាយទៅវិញដែលនៅទីបំផុតវិបត្តិត្រូវបានបញ្ចប់ដោយលោក Muhyiddin ឡើងកាន់អំណាចលោកគឺជាស្ថាបនិករួមនឹងរបស់បក្សបូសាទូមុនចូលរួមនឹងសម្ព័ន្ធនយោបាយចំនួនបួនទៀតដែលបានឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ គឺឈ្នះលើបក្សជនពុករលួយ Najib Razakដែលជាអតីតនាយករដ្ឋមន្រ្ដីលួចលុយជាតិ។លោកមហាធាក្រោយពីសហស្ថាបនិកលោកប្រកួតសម្លេងគាំទ្រឈ្នះលោកមកលោកបានចេញមុខប្រឆាំង គឺលោកបានចោទលោក Muhyiddin Yassin ថាជាមេដឹកនាំក្បត់ជាតិ។ អ្នកវិភាគថាយុទ្ធសាស្រ្ដវាយតម្លៃថា ការបណ្តេញលោកមហាធាចេញពីបក្សនៅពេលនេះ ក៏ដូចជាការបើកផ្លូវមួយទៀត សំរាប់លោកអាចជ្រើសរើសយកការប្រកាសលាឈប់ពីជីវិតនយោបាយតែម្ដង។ លោក Awang Azman Pawi សាស្រ្ដាចារ្យនៃសកលវិទ្យាល័យ Malaya និយាយថា វាដល់ពេលវេលាដែលត្រូវទុកផ្លូវឱ្យក្មេងជំនាក់ក្រោយហើយ។
មកដល់ពេលនេះសម្ព័ន្ធភាពរបស់លោកមហាធាដែលខកខានមិនបានស្នងតំណែងពីលោក គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅតែត្រូវបានធ្វើជាប្រធានគណបក្សយុត្តិធម៌ប្រជាជនហើយអតីតទណ្ឌិតនយោបាយ ម្នាក់នេះក៏កំពុងសម្លឹងមើលតំណែងជានាយករដ្ឋមន្ដ្រីម៉ាឡេស៊ីទី៩នៅក្នុងការបោះឆ្នោតសភាឆ្នាំ២០២៣ ដែលគេរំពឹងថានឹងគ្មានលោកមហាធាជាអ្នកនយោបាយកំពូលល្បិចប្រលូកក្នុងឆាកនយោបាយម៉ាឡេស៊ីទៀតនោះឡើយ៕