28.4 C
Phnom Penh

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​តំណាង​យុវជន​ខ្មែរ ថាវរៈ​ឲ្យ​មាន​សេរីភាព​ក្រោយពី​ឃាត់ខ្លួន​រយៈពេល៥ម៉ោង​រួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​លោក ហ៊ុន វណ្ណៈ តំណាង​យុវជន​ខ្មែរ​ថាវរៈ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​រូប​នេះ​ចំនួន​ជាង៥ម៉ោង ពាក់ព័ន្ធ​នឹង​ការ​ថត​យក​រូបភាព​អំពី​សកម្មភាព​របស់​សមត្ថកិច្ច ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ម៉ិញ​នេះ ស្រប​ពេល​ដែល ពលរដ្ឋ​ប្រកាស​ធ្វើបាតុកម្ម​នៅ​ថ្ងៃនេះ។

លោក ហ៊ុន វណ្ណៈ ដែល​ទើបត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ​បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក​ដោយសារ​លោក​បាន​ចុះ​ថតរូប និង​ឃ្លាំមើល​ការ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខណៈ​សមត្ថកិច្ច​បាន​កំលាំង​យ៉ាង​តឹងតែង​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ធ្វើបាតុកម្ម​នោះ។

លោក ហ៊ុន វណ្ណៈ បន្ត​ថា​ខណៈ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​លោក​នោះ លោក ហាក់ដូច​ត្រូវ​បាន​គេដាក់​ថ្នាំស​ណ្តំ​ពីក្រោយខ្នង​ធ្វើឲ្យ​លោក​មាន អារម្មណ៍​ញ័រ​ដូចជា​កូនសត្វ ពិបាក​ដកដង្ហើម និង​ភ័យញ័ររន្ធត់​ដូច​មនុស្ស​ជិត​ដាច់ខ្យល់​ថែមទៀត។ លោក​បន្ត​ថា​សមត្ថកិច្ច​បាន​សួរនាំ​លោក ហើយ​បាន​ចោទ​លោក​ថា ជា​អ្នកយកព័ត៌មាន​ឲ្យ​ក្រុម​បក្ស​ប្រឆាំង និង​ចោទ​ពី​បទ​ថតរូប​សមត្ថកិច្ច​ដោយ​គ្មាន​ការអនុញ្ញាត។ ប៉ុន្តែ​លោក​បាន​ប្រាប់​សមត្ថកិច្ច​ថា លោក​ទៅ​ក្រុង​ប៉ោយប៉ែត​នោះ ដើម្បី​ឃ្លាំមើល​ខ្លាច​មានការ​តវ៉ា​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ត្រៀម​ផ្តិត​យក​រូបភាព​នៃ​ការ​តវ៉ា​នោះ​តែប៉ុណ្ណោះ។

ដោយសារ​រក​មិនឃើញ​ភស្តុតាង​ដូច​ការ ចោទប្រកាន់​នេះ សមត្ថកិច្ច​ក៏បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព វិញ​នៅ​ម៉ោង១២ថ្ងៃត្រង់ ដោយ​គ្មាន​ជាប់​លក្ខខណ្ឌ​អ្វី​ទាំងអស់។លោក ចាត់ទុក​សកម្មភាព​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ថា ជា​ការ​គំរាមកំហែង​មិន​ឱ្យ​ពលរដ្ឋ​ផ្សេងទៀត​ហ៊ាន​ថតរូប ឬក៏​ឡាយ​វីដេអូ​អំពី​សកម្ម​ភាព​ផ្សេង​ៗរបស់​សមត្ថកិច្ច និង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។

កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បាន​ដាក់​លិខិត​ទៅ​អភិបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ចាប់​ថ្ងៃទី១ រហូតដល់​ថ្ងៃទី៧ ខែមិថុនា ទាមទារ​ទៅ​អាជ្ញាធរ​ឱ្យ​បើក​ច្រកព្រំដែន​សម្រាប់​អ្នកដើរ​ថ្មើរជើង រទេះ ទោចក្រយាន​យន្ត និង​រថយន្ត អាច​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​អាច​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​លក់ដូរ​ក្នុង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​វិញ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស