ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជំទាស់ដាច់អហង្កា ចំពោះគម្រោងណាមួយរបស់ក្រសួងការពារជាតិ និងរដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការសាងសង់បន្ថែមនូវស្តូបវៀតណាម ឬស្តូបអនុស្សាវរីយ៍នៃនយោបាយឈ្នះៗ ក្នុងន័យលើកទឹកចិត្តវៀតណាម និងរំលឹកនូវការដឹងគុណវៀតណាម កាលពី ៤០ ឆ្នាំមុន។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេស Norway ដែលចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទ ទី០១ ខែមិថុនា នេះឲ្យដឹងថា ការលើកទឹកចិត្តក្តី និងការដឹងគុណក្តី សុទ្ធតែធ្វើឲ្យវៀតណាម បន្តមើលស្រាល ឬបន្ទាបបន្ថោក ដល់ការដឹកនាំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាន់តែហួសហេតុឡើងៗ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍នេះថា រដ្ឋាភិបាលវៀតណាម បានបញ្ជាឲ្យទាហានរបស់ខ្លួន ចូលបោះជំរំ ឬបោះតង់ ១១៤ កន្លែងផ្សេងគ្នា នៅតាមបណ្តាយព្រំដែនក្នុងខេត្តកណ្តាលចំនួន ៣១ កន្លែង និងខេត្ត តាកែវ ចំនួន ៨៣ កន្លែង ហើយដែលតង់ទាំងនោះនៅមិនទាន់ត្រូវបានរុះរើចេញវិញទាំងស្រុងនៅឡើយទេ។លោកបន្តថា ទង្វើរបស់វៀតណាម គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ មកលើប្រទេសកម្ពុជា ទោះបីនៅក្រោមលេសថា «វិធានការរឹតបន្តឹងការចេញ-ចូលតាមច្រកព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ (Covid-19)» ក្តី។
លោកបន្តថា ទង្វើទាំងនោះ ជាការំលោភធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលវៀតណាម ជាម្ចាស់ហត្ថលេខី ត្រង់មាត្រា១ ចំណុច ២-គ. ដែលចែងថា «ជៀសវាងការជ្រៀតជ្រែករបស់រដ្ឋដទៃៗទៀត ដោយផ្ទាល់ ឬដោយប្រយោល ទោះតាមរូបភាពណាក៏ដោយ» និងត្រង់ចំណុច ២-ង. ដែលចែងថា «ជៀសវាងការគំរាមកំហែង ឬប្រើកម្លាំងប្រឆាំងនឹងបូរណភាពដែនដី ឬឯករាជ្យនយោបាយនៃរដ្ឋណាមួយ ឬដោយឥរិយាបថណាមួយ ដែលមិនស្របនឹងគោលបំណងរបស់អង្គការសហប្រជាជាតិ (អ.ស.ប)»។
ប្រតិកម្មរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាធ្វើឡើងបន្ទាប់ពីគេហទំព័រ របស់ក្រសួងការពារជាតិកាលពីថ្ងៃទី២០ ខែឧសភា បានចុះផ្សាយថា រដ្ឋាភិបាលមានគម្រោងកសាងស្តូបអនុស្សាវរីយ៍នៃយោបាយឈ្នះៗបន្ថែម ខេត្តកោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។
ចំណែកស្តូបអនុស្សាយ៍នយោបាយឈ្នះឈ្នះបីកន្លែងទៀត នឹងត្រូវកសាងឡើង នៅតំបន់អន្លុងវែង ខេត្តឧត្តរមានជ័យ នៅក្រុងប៉ៃលិន និងនៅ ខេត្តកំពង់ស្ពឺ ហើយស្តូបទាំងបីកន្លែងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់គ្នា នៅក្រោយពីរដ្ឋាភិបាល សាងសង់នៅខេត្តកោះកុងរួច។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យផ្អាកគម្រោងទាំងអស់ លើករណីសាងស្តូបវៀតណាម ឬស្តូបអនុស្សាវរីយ៍នៃនយោបាយបាយឈ្នះៗ ដោយងាកទៅពិនិត្យមើល «ដំណោះស្រាយនយោបាយកម្ពជា ស្វែងរកឯកភាពជាតិ» រួចត្រូវប្រើប្រាស់យន្តការអន្តរជាតិនានា ទប់ស្កាត់ទាហានវៀតណាម កំពុងតែគំរាមកំហែងមកលើភាគីកម្ពុជា នៅតាមបណ្តោយព្រំដែនសព្វថ្ងៃនេះ៕