26 C
Phnom Penh

លោក ហ៊ុន សែន ព្រមាន​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ខ្លួន​ក្រុមប្រឆាំង​បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ក្រុមប្រឆាំង​ទាំង​នៅ​ក្រៅ​ស្រុក និង​អ្នក​នៅក្នុង​ស្រុក ដោយ​លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ដងខ្លួន​ឱ្យ​ខ្ទេច ប្រសិនបើ​ពួក​គេ​ហ៊ាន​បង្កចលាចល​សង្គម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក។

ថ្លែង​សារ​ពី​ខេត្ត​ព្រះសីហនុ លោក​ហ៊ុន សែន បាន​ព្រមាន​ដល់​អតីត មន្ត្រី​បក្ស ដែល​ហ៊ាន​ធ្វើ​ចលនា​បង្កចលាចល​សង្គម ដោយ​យក​បញ្ហា​នៃ​វិបត្តិ​កូ​វីដ១៩ ជា​លេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក​បន្ត​ថា លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ខ្លួន​ក្រុមប្រឆាំង​ថែមទៀត។លោក​បន្ត​ថាបើ​ក្រុមប្រឆាំង​ចង់​សាក​ជាមួយ​បុរស​ខ្លាំង​រូប​នេះ កម្លាំង​របស់​ពួក​គេ​នឹង​កាន់តែ​ថយ​ចុះ តាមរយៈ​យុទ្ធសាស្ត្រ​កាត់​ផ្តាច់​ក្បាល បំបែក​ដងខ្លួន​តែម្តង។

ការ​ផ្ញើ​សារ​គំរាម​ជាថ្មី​ទៀត​នេះ ធ្វើឡើង​បន្ទាប់ពី​អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​លោក សម រង្ស៊ី និង​អតីតមន្ត្រី​ឬសកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស​មួយចំនួន​បាន​ផ្ញើ​សារ​ប្រាប់​ទៅ​ពលរដ្ឋ​កុំឱ្យ​សងបំណុល​ទៅ​ធនាគារ អំឡុង​ពេល​នៃ​វិបត្តិ​កូ​វីដ១៩នេះ ដោយ​ថា​ប្រសិនបើ​ធនាគារ​ទាំងនោះ​ដួល​រលំ​មក​ពី លោក​ហ៊ុន សែន មិនកើត​ជាដើម។

យុទ្ធសាស្ត្រ​កាត់​ក្បាល និង​បំបែក​ខ្លួន​គណបក្ស​សង្រ្គោះ​ជាតិនេះ ដែល​លោក​ហ៊ុន សែន លើកឡើង​នេះ ស្របគ្នា​នឹង​សមត្ថកិច្ច​របស់​លោក បាន​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាបន្តបន្ទាប់។ជាក់ស្តែង​គ្រាន់តែ​គិត​ពី​ថ្ងៃទី ២៧ ខែឧសភា ដល់​ថ្ងៃទី១ មិថុនា មាន​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន៣នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​និង​ឃុំខ្លួន តាម​ដីកា​របស់​តុលាការ ដែល​ចោទប្រកាន់​ពួក​គេ​ពាក់ព័ន្ធ​បទល្មើស​ប្រហាក់​ប្រហែលគ្នា រួមមាន​រួមគំនិតក្បត់​ជាតិ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាដើម។

អតីតមន្ត្រី​បក្ស​ប្រឆាំង​ទាំង​បី​រូប ដែល​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស រួមមាន​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោក កាក់ កុម្ភា​រៈ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ឧសភា។

អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​លោក ពៀត ម៉ា​ប់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែឧសភា និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លោក ស៊ុន ធន់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃម្សិលមិញ។

ពួក​គេ​ទាំង៣ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ប្រហាក់​ប្រហែលគ្នា ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ឆ្នាំ២០១៨ និង២០១៩។អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា ការអនុវត្ត​យុទ្ធសាស្ត្រ​កាត់​ក្បាល បំបែក​ខ្លួន​គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​ទៀត​នេះ ជា​ការ​បង្ហាញ​ពី​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង និង​មិនបាន​ប្រយោជន៍អ្វី​ដល់​ជាតិ​នោះ​ឡើយ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស