28.4 C
Phnom Penh

ស្ថានទូត​កម្ពុជា​នៅ​អាមេរិក ប្រាប់​ឱ្យ​ពលរដ្ឋខ្មែរ​មានការ​ប្រុងប្រយ័ត្ន​អំឡុង​ពេល​មាន​បាតុកម្ម​ដោយ​ហិង្សា​កើតឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋខ្មែរ​នៅ​រស់នៅ​ប្រទេស​មហាអំណាច​លោកសេរី​មួយ​នេះ ពិសេស​ក្នុង​តំបន់​មាន​ផ្ទុះ​ការ​តវ៉ា​ដោយ​ហិង្សា​ខ្លាំង ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព និង​ការពារ​ទ្រព្យសម្បត្តិ​របស់​ខ្លួន។សេចក្តី​អំពាវនាវ​របស់​ស្ថានទូត​កម្ពុជា​នេះ ធ្វើឡើង​នៅ​ថ្ងៃទី១ ខែមិថុនា ដោយ ណែនាំ​ឲ្យ​ពលរដ្ឋខ្មែរ នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​ជួបជុំ ឬការ​ប្រមូល​ផ្តុំ​នានា ទោះ​ក្រោម​រូបភាព ឬមូលហេតុ​អ្វីក៏ដោយ ហើយ​ត្រូវ​កាត់បន្ថយ​ឲ្យបាន​ច្រើន​បំផុត ក្នុង​ការ​ចេញទៅ​ខាងក្រៅ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ។

ស្ថានទូត​កម្ពុជា ក៏បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការខូចខាត​ទ្រព្យសម្បតិ្ត និង​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ពលរដ្ឋខ្មែរ ដោយ​ទទួល​បាន​ព័ត៌មាន​ថា ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋខ្មែរ​មួយចំនួន ក្នុង​ទី​ក្រុង​ឡុង​ប៊ិច (Long Beach​) រង​ការខូចខាត ដោយសារ​បាតុកម្ម​ហិង្សា​ទាមទារ​រក​យុត្តិធម៌​ឲ្យ​បុរស​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ប៉ូល​ិ​សស្បែ​កស សង្កត់​ការ​រហូតដល់​ស្លាប់។

ស្ថានទូត​កម្ពុជា លើកឡើង​ថា ចំពោះមុខ​សភាពការណ៍​ប្របូក​ច្របល់ និង​ហានិភ័យ​នេះ អាច​កើតឡើង​ពី​បាតុកម្ម ដែល​កំពុង​រាលដាល និង​កាន់តែ​មាន​ភាព​ហិង្សា តាម​បណ្តា​ទីក្រុង​នានា​នៅ​អាមេរិក បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋខ្មែរ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ រួម​ទាំង​ទ្រព្យសម្បត្តិ​ផង​ដែរ។

បាតុកម្ម​ដោយ​ហិង្សា​នៅ​សហរដ្ឋអាមេរិក បាន​កើតឡើង​ចំ​ពេល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩ខ្លាំង ដែល​ធ្វើ​ឱ្យ​អ្នក​ឆ្លង​ជំងឺ​នេះ​បាន​កើនឡើង​ដល់ទៅ​ជិត២លាន​នាក់ និង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង១០ម៉ឺន​នាក់។ ជាមួយគ្នា​នេះ ស្ថានទូត​កម្ពុជា ក៏បាន​ឆ្លៀត​រម្លឹក​ពលរដ្ឋខ្មែរ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ចំពោះ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ជំរុញ​ពលរដ្ឋខ្មែរ គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន តាម​បម្រាមគោចរ និង​បម្រាម​នានា របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ខ្លួន​កំពុង​ស្ថិតនៅ។

បាតុកម្ម​នៅ​អាមេរិក បាន​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​ដូ​ណាល់ ត្រាំ សម្រេច​បញ្ចេញ​កម្លាំង​ដើម្បី​ទប់ទល់​បាតុករ ខណៈ​បាតុកម្ម​នោះ​បាន​ឈាន​ដល់​ការប្រើ​ប្រាស់​អំពើ​ហិង្សា ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​រដ្ឋ នឹង​ឯកជន​មួយចំនួន ហើយក៏​មាន​ជន​ឱកាសនិយម​ចូល​លួច​ទំនិញ​ឬ ទ្រព្យសម្បត្តិ​របស់​ពល​ដ្ឋ​ផង​ដែរ។

ទាក់ទង​នឹង​ការ​បង្ក្រាប​បាតុកម្ម​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃម្សិលមិញ​បាន​ឌឺដង​ទៅ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch លោក ប្រែត អា​ដាម ដោយ​ថាបើ​មិន​ថ្កោលទោស​អាមេរិក​រឿង​បង្ក្រាប​បាតុករ​នេះ​ទេ លោក​មិនមែន​ជា​មនុស្ស​ឡើយ ព្រោះ​អង្គការ​មួយ​នេះ​តែង​ថ្កោលទោស​រដ្ឋាភិបាល​លោក​ហ៊ុន សែន រហូត​មក ខណៈ​ដែល​លោក​ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​គ្រាន់តែ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​និង​សន្តិសុខ​សង្គម​ប៉ុណ្ណោះ។

យ៉ាងនេះ​ក្តី​កន្លងមក របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​លើកឡើង​ដោយ​ថ្កោលទោស​រាល់​ទម្រង់​បង្ក្រាប​ដោយ​ហិង្សា​ឬរំលោភសិទ្ធិ​មនុស្ស ទៅលើ​ពលរដ្ឋ សង្គម​ស៊ីវិល អ្នកសារព័ត៌មាន ឬការ​ធ្វើ​ទុក​បុកម្នេញ​ទៅលើ​អ្នកនយោបាយ​មិនមែន​មានតែ​នៅ​កម្ពុជា​នោះ​ទេ ដោយមាន​ទាំង​នៅ​តំបន់​អាស៊ី អាហ្វ្រិក និង​នៅ​អាមេរិក​ជាដើម។

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា​អំពើ​ហិង្សា​រដែ​លឈាន​ទៅដល់​ដុត​កំទេច ហាង​លក់ទំនិញ ដុត​កំទេច​ឡាន​ប៉ូល​ិ​ស វ៉ៃ​បំបែក​ហាង​លក់​ទំ​និញ​ធំៗ​ដែល​មាន​យី​ហោ​រល្បីៗ​ដើម្បី​លួច​អ៊ី​វ៉ាន់ មិនមែន​ជា​ការ​រក​យុត្តិធម៌​ឲ្យ​បុរស​អាមេរិកាំង​ស្បែក​ខ្មៅ​ឈ្មោះ George Floy ស្លាប់​ដោ​យសា្ន​ដៃ​ប៉ូល​ិ​សនោះ​ទេ។

ប៉ុន្តែ​ពួក​គេ​ជា​ក្រុម​ចោរ និង​ក្រុម​ឈ្លា​តឱកាស​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ និង​បំផ្លាញ​សេដ្ឋកិច្ច​របស់​អាមេរិក​ខ្លួនឯង​ប៉ុណ្ណោះ។លោក​ប្រធានាធិបតី ដូ​ណាល់ ត្រាំ កាលពី​ថ្ងៃច័ន្ទ បាន​ថ្លែង​នៅ​ខាង មុខ​សួនច្បារ​នៃ​សេតវិមាន​ថា ជាតិ​របស់​យើង​ឥលូវ​នេះ​រងគ្រោះ​ដោយសារ​ក្រុម​ឥត​សាសនា ក្រុម​ចោរប្លន់ ឧក្រិដ្ឋជន ក្រុម​បង្ក​អគ្គិភ័យ ហ្វូង​មនុស្ស​ដែល​ពោរពេញ​ដោយ​សេចក្ដី​ក្រេវក្រោធ ឥត​សណ្ដាប់ធ្នាប់​វាយ​គប់​បំផ្លាញ​របស់​អ្នកដទៃ។ លោក​បន្ត​ថា​នេះ​មិនមែន​ជាសកម្ម​ភាព​បាតុកម្ម​ដោ​យស​ន្ដិ​វិធី​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​ទង្វើ​ភេរវកម្ម​ក្នុង​ប្រទេស​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស