26 C
Phnom Penh

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ថៅកែ​ពន្យារពេល​បើកប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​តាមរយៈ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០១៩ និង២០២០ ដោយ​ត្រូវលើ​កទៅ​បើក​ឱ្យ​កម្មករ​និយោជិត​នៅ​ឆ្នាំ២០២១វិញ។

ការ​ផ្អាក​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​នេះ ក្រោយពេល​កម្ពុជា​ត្រូវ​ប្រឈម​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​រោងចក្រ សហគ្រាស​ជាច្រើន​ត្រូវ​បាន​ផ្អាក ឬព្យួរ និង​ធ្វើ​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ​ថែមទៀត​ផង។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ​នៅ​ថ្ងៃទី២ ខែមិថុនា បញ្ជាក់​ថា កម្មករ និយោជិត ដែល​ប្រើប្រាស់​កិច្ចសន្យា​ការងារ​មាន​ថេរវេលា​មិនកំណត់ នឹង​ទទួល​បាន​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​នៅ​ឆ្នាំ ក្រោយ។ ក្រសួង​បន្ត​ថា ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ២០១៩ និង​ប្រាក់បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ២០២០ ត្រូវ​បាន​ពន្យារពេល​ក្នុង​ការអនុវត្ត​ទៅ​ឆ្នាំ២០២១ ប៉ុន្តែ​ក្នុង​ពេល​ពន្យារពេល​នេះ ថៅកែ​រោងចក្រ សហគ្រាស ថា ត្រូវ​ទូទាត់ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត នៅពេល​មានការ​លាឈប់ ឬបញ្ចប់​កិច្ចសន្យា។

ពាក់ព័ន្ធ​បញ្ហា​ប្រាក់បំណាច់​អតីតភាព​ការងារ​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​តាម​បណ្តា​រោងចក្រ​ជាច្រើន​នាំគ្នា​តវ៉ា ហើយ​មាន​ករណី​តវ៉ា​ខ្លះ កម្មករ​នាំគ្នា​មក​តវ៉ា​ជិត​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ទៀតផង ព្រោះតែ​ថៅកែ​មិនបាន​បើកប្រាក់​អតីតភាព​ការងារ​ជូន​ពួក​គាត់​តាម​ការណែនាំ​របស់ រដ្ឋាភិបាល។វិស័យ​ឧស្សាហ៍​កម្ម​វាយនភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​បាន​ទ្រទ្រង់​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ និង​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ១លាន​នាក់​ដោយ​ផ្ទាល់ និង​ជាច្រើន​លាន​នាក់​ទៀត​ដោយប្រយោល ប៉ុន្តែ​បច្ចុប្បន្ន​វិស័យ​នេះ​កំពុង​រង​ផល​ប៉ះ​ពាល់​ផ្ទួន​ៗគ្នា ដោយ​រាប់​តាំងពី​ផល​ប៉ះពាល់​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពីសំណាក់​សហភាព​អឺរ៉ុប និង​បញ្ហា​ជំងឺ​កូ​វីដ១៩ជាដើម។

អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​មាន​រោងចក្រ​ចំនួន​ជាង២០០ទៀត​កំពុង​បន្ត​ព្យួរការងារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​និយោជិត ចំនួន​ជាង ១១ម៉ឺន​នាក់។ចំពោះ​ផល​ប៉ះពាល់​ទៅលើ​វិស័យ​ការងារ ដែល​ធ្វើកម្មករ បុគ្គលិក រាប់​សិប​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ គ្មាន​ប្រាក់ចំណូល​នោះ ក្រុម​សហជីព​ធ្លាប់​លើកឡើង​ថា ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ដល់​ពួក​គាត់​នៅ​មាន​ចំនួន​តិចតួច និង​មាន​ភាព​មិន​ច្បាស់លាស់​នៅឡើយ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស