ក្រសួងការបរទេសកម្ពុជា បានចេញលិខិតកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh មកប្រាប់អំពីរឿងយោធាវៀតណាម បោះតង់ នៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាល ហើយក៏បានជំរុញឱ្យភាគីវៀតណាមដកតង់ដែលបោះទាំងនោះចេញឱ្យបានឆាប់។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃនេះ បានស្នើទៅឯកអគ្គរដ្ឋទូតវៀតណាម ឲ្យរុះរើតង់យោធាទាំងនោះឲ្យបានឆាប់ជាទីបំផុត ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
ចាប់តាំងពីខែមីនា យោធាវៀតណាមបានបោះតង់ចំនួន៣១ទីតាំង នៅតាមបណ្តោយព្រំដែនក្នុងតំបន់មិនទាន់ឯកភាពគ្នាឬហៅថាតំបន់ ស ក្នុងភូមិសាស្ត្រស្រុកលើកដែកនិងស្រុកកោះធំខេត្តកណ្តាល ក្រោមហេតុផលថាជាវិធានការដើម្បីរឹតបន្តឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យ៉ាងនេះក្តី រហូតដល់ថ្ងៃទី២៩ ខែមេសា អភិបាលខេត្តកណ្តាលថ្មី លោក គង់ សោភ័ណ្ឌ បានសរសេរលិខិតជូនទៅភាគីវៀតណាម ដើម្បីសុំឲ្យខេត្តអានយ៉ាង រុះរើតង់ទាំងនោះចេញ ប៉ុន្តែយោធាវៀតណាមមិនបានអនុវត្តនោះឡើយ។
កាលពីថ្ងៃទី២២ ខែឧសភា ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានអះអាងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា វៀតណាមបានធ្វើការរុះរើគ្រប់តង់ដែលបានបោះជាប់ខ្សែរព្រំប្រទល់ខេត្តកណ្តាលតាំងពីមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ ប៉ុន្តែមកទល់ថ្ងៃទី២មិថុនានេះ កម្ពុជានៅតែទទូចឱ្យវៀតណាមរុះរើតង់ទាំងនោះចេញដដែល។
នេះមានន័យថាអ្វីដែលវៀតណាមអះអាងនោះគឺជាការភូតភទាំងស្រុង។ អ្នកវិភាគនយោបាយរស់នៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងថា មូលហេតុដែលពួកបរទេសជិតខាង នាំគ្នាសម្រុកឈ្លានពានកម្ពុជានៅពេលនេះទៀត ព្រោះតែផ្ទៃក្នុងជាតិខ្មែរកើតជម្ងឺវ៉ល់ទៅហើយ និងគិតតែអំណាចរបស់ខ្លួនប៉ុណ្ណោះ។
លោកបន្តថា ប្រទេសជិតខាងមាក់ងាយកម្ពុជា ដោយសារតែ មេដឹកនាំកម្ពុជា មានចំណេះដឹងទាប គ្មានសមត្ថភាពថ្នាក់អន្តរជាតិដូចជាគេឯង ហើយដឹងតែបំបែកបំបាក់ជាតិដើម្បីតែអំណាចខ្លួនឯង ជាពិសេសរវល់តែរឿងរៀបចំយុទ្ធសាស្ត្រត្រៀមផ្ទេរអំណាចឲ្យទៅកូនប្រុស។
រីឯគណបក្សប្រឆាំងដ៏ធំ ដែលគួរជាទីសង្ឃឹមរបស់ប្រជារាស្ត្រខ្មែរ នៅពុំទាន់ឃើញមានកោះត្រើយ ដោយសារមានមនុស្ស ព្យាយាមបន្តសម្លាប់នយោបាយគូបដិបក្ខផ្ទៃក្នុងបក្ស ដែលធ្វើឱ្យកម្លាំងខាងក្នុងកាន់តែបែកបាក់។ បញ្ហាទាំងនេះដែលធ្វើឱ្យបរទេសជិតខាងមិនញញើតក្នុងការឈ្លានពានកម្ពុជាម្តងហើយម្តងទៀតនោះ៕