35 C
Phnom Penh

ក្រសួងទេសចរណ៍​នឹង​ចាត់វិធានការ​លើ​ម្ចាស់​អាជីវកម្ម​សេវា​កម្សាន្ត​ដែល​មិនព្រម​អនុវត្ត​លើ​វិធានការ​ការពារ​ជំងឺ​កូ​វីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រសួងទេសចរណ៍​ព្រមាន​ថា ខ្លួន​នឹង​ចាត់វិធានការ​លើ​ម្ចាស់​អាជីវកម្ម​លើ​ផ្នែក​សេវា​កម្សាន្ត ដូចជា​ខារ៉ាអូខេ រង្គសាល ក្លឹប និង​បៀ​រហ្កា​ឌិន​ជាដើម ដែល​បន្ត​បើក​អាជីវកម្ម​របស់​ខ្លួន ល្មើស​នឹង​វិធានការ​របស់ រដ្ឋាភិបាល។

ការព្រមាន​នេះ ធ្វើឡើង​ដោយ​ក្រសួង​សង្កេតឃើញ​ថា មាន​អាជីវកម្ម​សេវា​កម្សាន្ត​តាម​បណ្តា​រាជធានី​-ខេត្ត​មួយចំនួន​បាន​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្តើរ​ៗ ល្មើស​បម្រាម​របស់​រដ្ឋាភិបាល ខណៈ​ជំងឺ​កូ​វីដ១៩នៅ​លើ​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មាន​ភាព​ប្រសើរ​នៅឡើយ​ទេ។ក្រសួងទេសចរណ៍ បាន​ចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃពុធ ទី៣ ខែមិថុនា នេះ​ឱ្យ​ដឹង​ថា ខ្លួន​នឹង​ចាត់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់ អាជីវកម្ម លើ​វិស័យ​សេវា​កម្សាន្ត​ទាំងនោះ ត្បិត​ក្រសួង​មើលឃើញ​ថា​បច្ចុប្បន្ន មាន​អាជីវកម្ម​មួយចំនួន​នៅតែ​បន្តសកម្មភាព​អាជីវកម្ម​របស់​ខ្លួន ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល ។

កាលពី​ខែមីនា​រដ្ឋាភិបាល​តាមរយៈ​ក្រសួងទេសចរណ៍ បាន​ប្រកាស​ឱ្យ​បិទ​អាជីវកម្ម​សេរ​វា​កម្សាន្ត និង​រោងភាពយន្ត ក្លឹប​កម្សាន្ត បៀរហ្គាឌិន នៅ​ទូទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន១២៥នាក់​ហើយដែល​បាន​ឆ្លង​ចាប់តាំងពី​ចុងខែ​មករា។

ក្នុង​នោះ​មាន​អ្នកជំងឺ​កូ​វីដ១៩ ចំនួន ១២៣នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ប៉ុន្តែ​នៅសល់ ២នាក់​កំពុង​សម្រាក​ព្យាបាល​នៅ ឡើយ។ក្រោយពេល​ក្រសួង​ប្រកាស​ឱ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​វិស័យ​សេវា​កម្សាន្ត​ទាំងនោះ សហជីព និង​សមាគម​ដែល​ធ្វើការងារ​លើ​វិស័យ​នេះ បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​របស់​បុគ្គលិក​ដែល​បម្រើ ការងារ​ក្នុង​វិស័យ​នេះ​ប្រមាណ៨ម៉ឺន​នាក់ ដែល​ភាគច្រើន​លើសលប់​ជា​ស្ត្រី។

ក្រុម​សហជីព​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ពួក​គាត់​ខ្លះ​ដើម្បី​សម្រួល​ដល់​ការរស់នៅ ពេល​ឈឺថ្កាត់ បង់ថ្លៃ​ផ្ទះ​ជួល ព្រមទាំង​អន្តរាគមន៍​ទៅ​វិស័យ​ធនាគារ​ឱ្យ​ផ្អាក​ការ​បង់ប្រាក់​បំណុល​ទាំង​ប្រាក់ការ និង​ដើម ក្នុង​ស្ថានភាព​នេះ​ទៀតផង ប៉ុន្តែ​ការ​ស្នើសុំ​ទាំងនោះ ក្រុម​អ្នក​តាមដាន​សង្គម​មើលឃើញ​ថា រដ្ឋាភិបាល​នៅ​មិនទាន់​ចាត់វិធានការ​ដោះស្រាយ​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស