ពលរដ្ឋខ្មែរក្រោម ព្រះសង្ឃជាច្រើនអង្គ និងពលរដ្ឋខ្មែរកណ្តាលជាច្រើននាក់បាននាំគ្នាប្រារព្ធពិធីរំលឹកខួប ៧១ឆ្នាំនៃការកាត់ទឹកដីខ្មែរក្រោមទៅឱ្យវៀតណាមគ្រប់គ្រង ពីសំណាក់អាណាព្យាបាលបារាំង។
ថ្លែងក្នុងពិធីនេះនៅថ្ងៃទី៤ ខែមិថុនា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា អាណាព្យាបាលបារាំង បានប្រគល់ទឹកដីកម្ពុជា ទៅឲ្យវៀតណាមគ្រប់គ្រង ដោយអត្តនោម័តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មានការយល់ព្រមពីប្រជាជនខ្មែរឡើយ។
លោកបន្ថែមថាប្រជាពលរដ្ឋខ្មែរ ចាត់ទុកថា ការផ្ទេរទឹកដីខ្មែរទៅឱ្យទៅវៀតណាមគ្រប់គ្រងពេលនោះ គឺជារឿងត្រឹមត្រូវទៅតាមលក្ខណៈច្បាប់ ហើយជាការបំពានទាំងអយុត្តិធម៌ ដែលប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន ហើយនៅតែចាត់ទុកថា ទឹកដីកម្ពុជា គឺជាទឹកដីខ្មែរ។
លោក ថាច់ សេដ្ឋា អះអាងថាទឹកដីកម្ពុជាក្រោមនៅតែអាចទាមទារមកវិញបាន បើទោះជាវាត្រូវបានបាត់បង់ជិត១រយឆ្នាំក្តី ឱ្យរដ្ឋាភិបាលមានឆន្ទៈចង់ទាមទារ ក្រោមហេតុផលថា ទឹកដីកម្ពុជាមិនមែនកម្ពុជា បោះបង់ចោលទេ ហើយក៏មិនមែនជាទឹកដី ដែលកម្ពុជាប្រគល់ឲ្យ វៀតណាម ដោយស្របច្បាប់តាមរយៈសន្ធិសញ្ញា កតិកាសញ្ញា ឬ កិច្ចព្រមព្រៀងណាមួយដែរ។
ពិធីរម្លឹកខួប៧១ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជានៅឆ្នាំនេះ ពុំមានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ យាងធ្វើជាអធិបតីនោះឡើយ ហើយក៏មិនធ្វើជាលក្ខណៈទ្រង់ទ្រាយធំដូចរាល់ឆ្នាំនោះដែរ ក្រោមហេតុផលដើម្បីការពារការរាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុន សែន រយៈពេលប្រមាណ៤០ឆ្នាំមកនេះ គេមិនដែលបានឮពីបំណងរបស់រដ្ឋាភិបាលក្នុងការចង់បាន ឬទាមទារទឹកដីកម្ពុជាក្រោមមកនោះឡើយ គឺមានតែការរុញទូកបណ្តោយទឹក ដោយមន្ត្រីរដ្ឋាភិបាលតែងថ្លែងការពារវៀតណាមរហូតមក។
សូម្បីតែកោះមួយចំនួន រួមទាំងកោះត្រល់ ដែលទើបនឹងបាត់បង់ទាំងខុសច្បាប់ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ទៅលើដៃវៀតណាម ដោយស្នាដៃដឹកនាំរបស់លោក ហេង សំរិន ជា ស៊ីម និង ហ៊ុន សែន ក៏ដោយ ក៏រហូតមកទល់ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនហ៊ានចេញមុខប្តឹងពីការបាត់បង់កោះដ៏ធំមួយនេះទៅតុលាការយុត្តិធម៌អន្តរជាតិដូចករណីប្រាសាទព្រះវិហារនោះដែរ៕