ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា នៅរយៈពេល៤ខែដើមឆ្នាំ២០២០ ចំណូលរដ្ឋបាលថ្នាក់ជាតិរបស់កម្ពុជា សម្រេចបានចំនួនប្រមាណ២ពាន់លានដុល្លារ។ ចំនួននេះ បង្ហាញថា មានការកើនឡើងជាង១០% (១០.២៩) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី០៤ ខែមិថុនា បញ្ជាក់ថា ចំណូលទាំងនោះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបានជាង១ពាន់៧រយលានដុល្លារ (១៧០០លានដុល្លារ) ចំណូល ផ្សេងៗ ជាង២៣០លានដុល្លារ និងអំណោយជាង៨០លានដុល្លារ។
ប្រភពដដែលបន្តថា សម្រាប់ការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប នៅ រយៈពេល៤ខែ ឆ្នាំ២០២០ មានចំនួនជាង ១ពាន់ ៧រយលាន ដុល្លារ ដែលមានការកើនឡើង ជាង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។
តែយ៉ាងណាក្រសួងសេដ្ឋកិច្ចលើកឡើងថា បើទោះបីជាការអនុវត្តចំណូល និងចំណាយសរុបមានភាពល្អ ប្រសើរក៏ដោយ តែការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-១៩ នឹងផ្តល់ផលប៉ះពាល់ដល់ការអនុវត្តថវិការបស់ រដ្ឋបាលថ្នាក់ជាតិក្នុងឆ្នាំ២០២០។
ទោះបីជាកំណើនចំណូលជាតិបែបនេះក្តី ប៉ុន្តែក្រុមអ្នកឃ្លាំមើលសង្គមយល់ឃើញថារដ្ឋាភិបាលលោកហ៊ុន សែន នៅមិនទាន់មានភាពជាក់លាក់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋអំឡុងវិបត្តិកូវីដ១៩នោះឡើយ។
កាលពីសប្ដាហ៍មុនធនាគារពិភពលោកបានវាយតម្លៃថា វិស័យសំខាន់ៗដែលគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងតែរងផលប៉ះពាល់កើតចេញពីវិបត្តិកូវីដ១៩ និងធ្វើឱ្យប៉ះពាល់ដល់វិស័យការងាររាប់លានកន្លែង។ របាយការណ៍ធនាគារពិភពលោក មានចំណងជើងថា “Cambodia in the Time of COVID-19” ឬមានន័យជាភាសាខ្មែរថា «កម្ពុជាក្នុងពេលកូវីដ១៩» លើកឡើងថាជំងឺរាតត្បាតកូវីដ១៩ កំពុងវាយប្រហារលើវិស័យទេសចរណ៍ ការនាំចេញឧស្សាហកម្ម និងវិស័យសំណង់ ដែលវិស័យទាំងបីនេះ រួមចំណែកដល់ទៅជាង ៧០% នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ធនាគារនេះ បានវាយតម្លៃទៀតថា ការវាយប្រហារដោយជំងឺរាតត្បាតសកលមួយនេះទៅលើវិស័យទាំងបី កំពុងតែប៉ះពាល់ដល់វិស័យការងារ ដល់ទៅជិត ៤០% នៃការងារសរុបទូទាំងប្រទេស ដែលគេប៉ាន់ប្រមាណថា ការងារយ៉ាងតិចជិត២លានកន្លែង (១.៧៦) បានទទួលរងផលប៉ះពាល់ ដោយសារតែការដួលរលំនៃវិស័យសំខាន់ៗដែលជាកម្លាំងទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លើសពីនេះ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ត្រូវបានរំពឹងថា នឹងទទួលបានកំណើនយឺតយ៉ាវបំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩៤មក ពោលកំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ថិតនៅចន្លោះ -១% ទៅជិត -៣% នៅឆ្នាំ២០២០នេះ៕
ក្រសួងសេដ្ឋកិច្ច អះអាងថាចំណូលរដ្ឋបាលថ្នាក់ជាតិកើនឡើងជាង១០ភាគរយ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០
© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.