26 C
Phnom Penh

អាជ្ញាធរកោះកុងនៅមិនទាន់ប្រគល់កង់ឲ្យក្រុមយុវជនដែលជិះកង់ទាមទារការអភិរក្សកោះកុងក្រៅនៅឡើយទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការការពារសិទ្ធិមនុស្សក្នុងស្រុក Licadho អះអាងថា ការរារាំង និងសាកសួរអស់ជាច្រើនម៉ោងទៅលើសមាជិកចលនាមាតាធម្មជាតិ យុវជន១០០រាត្រី និងយុវជនខ្មែរថាវរៈ គឺជាការបំភិតបំភ័យមួយដល់យុវជន ដែលស្រលាញ់ និងចង់ការពារធនធានធម្មជាតិ ។
យុវជន ជាសកម្មជនបរិស្ថានមួយក្រុម ត្រូវបានរំខាន និងសាកសួររយៈពេលជាងមួយថ្ងៃ មុនពេលដែលអ្នកទាំងនោះ ត្រូវបានអាជ្ញាធរដោះលែងកាលពីរសៀលថ្ងៃព្រហស្បតិ៍។ សកម្មជនទាំងនេះ ត្រូវបាននគរបាលរារាំង ដោយមិនឱ្យបន្តការជិះកង់ពីទីក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដែលការជិះកង់នេះ ជាផ្នែកមួយនៃយុទ្ធនាការ “សង្គ្រោះកោះកុងក្រៅ” របស់អ្នកទាំងនោះ។
ក្រុមយុវជនទាំងនេះត្រូវបានអាជ្ញាធរក្នុងតំបន់ចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងអតីតគណបក្សជំទាស់ ដែលបច្ចុប្បន្នត្រូវបានតុលាការកំពូលរំលាយ ។ ជាងនេះទៅទៀតមន្ត្រីនគរបាលថ្នាក់ខេត្ត បានឃាត់ទុកកង់របស់ក្រុមយុវជន កាលពីម្សិលមិញ ដើម្បីរារាំងក្រុមយុវជនពីការបន្តជិះកង់មកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិអំពាវនាវឱ្យដាក់តំបន់កោះកុងក្រៅ ជាតំបន់អភិរក្ស ឬឧទ្យានជាតិ ។
នៅពេលដែលក្រុមយុវជនព្យាយាមបន្តដំណើរដោយថ្មើជើង អ្នកទាំងនោះ ត្រូវបានអាជ្ញាធររារាំងនៅពេលយប់ ដោយឱ្យយុវជនទាំងនោះប្រគល់ញត្តិជូនអាជ្ញាធរទាំងពាក់កណ្តាលយប់ ។
បន្ទាប់ពីបដិសេធ ដោយមិនប្រគល់ញត្តិ ក្រុមយុវជនជាសកម្មជន បរិស្ថានទាំងនោះ បានត្រឡប់ទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះកុង កាលពីព្រឹកមិញ ដើម្បីទាមទារកង់របស់អ្នកទាំងនោះមកវិញ ។ ក៏ប៉ុន្តែនៅអធិការដ្ឋាន ក្រុមយុវជន ត្រូវបានអាជ្ញាធរសាកសួរអស់ជាច្រើនម៉ោង។
អាជ្ញាធរ នៅតែទាមទារម្តងហើយម្តងទៀត ដោយចង់ដឹងអំពីអ្នកដែលនៅពីក្រោយការធ្វើយុទ្ធនាការ មូលហេតុដែលអ្នកទាំងនោះប្រើប្រាស់ពាក្យ “សង្គ្រោះ” នៅក្នុងយុទ្ធនាការ និងប្រភពថវិកាដែលអ្នកទាំងនោះយកមកធ្វើយុទ្ធនាការ ។
ក្រោយពីធ្វើការសាកសួរ នគរបាលបានរឹបអូសយកអាវយឺតរបស់អ្នកទាំងនោះ ដែលមានសរសេរអក្សរថា “សង្គ្រោះកោះកុងក្រៅ” ដោយលើកមូលហេតុថាពាក្យ “សង្គ្រោះ” គឺដូចទៅនឹងឈ្មោះគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ។ សកម្មជនទាំងនោះ គ្រោងនឹងត្រឡប់មកភ្នំពេញ ដោយជិះរថយន្ត ដើម្បីមកដាក់ញត្តិ ។
នគរបាល នៅតែបដិសេធ ដោយមិនប្រគល់កង់របស់យុវជនទាំងនោះត្រឡប់មកវិញទេ ហើយថានឹងប្រគល់សងវិញ នៅក្រោយថ្ងៃទី៦ ខែមិថុនា ក្រោយទិវាបរិស្ថានពិភពលោក ។
អង្គការការពារសិទ្ធិមនុស្សលីកាដូចាត់ទុកការឃាត់ទុកកង់របស់ក្រុមយុវជននេះ ធ្វើឲ្យអាកខានការធ្វើយុទ្ធនាការជិះកង់ដោយអហិង្សា មកកាន់រាជធានីភ្នំពេញ ។
យុទ្ធនាការ “សង្គ្រោះកោះកុងក្រៅ” ត្រូវបានចាប់ផ្តើមកាលពីដើមខែកក្កដា ឆ្នាំមុន ដើម្បីអំពាវនាវដល់ក្រសួងបរិស្ថានដាក់តំបន់កោះកុងក្រៅជាតំបន់ឧទ្យានជាតិ ។ សកម្មជនបរិស្ថាន ទាំងនេះសម្តែងក្តីបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនអាចការពារតំបន់នេះបានទេ នោះកោះកុងក្រៅនឹងជួបគ្រោះមហន្តរាយផ្នែកបរិស្ថានធ្ងន់ធ្ងរ នៅពេលណាធនធានធម្មជាតិក្នុងតំបន់នេះ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជន ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស