ខណៈ នេះសហរដ្ឋអាមេរិកដែលជា អ្នកគាំទ្រឈានមុខគេ ទៅលើមេដឹកនាំបក្សប្រឆាំងលោក វ័នកៃដូ កំពុងជាប់ផុង នឹងជំងឺកូវិដ និង កុបកម្មហិង្សា ហើយដែលនាំឲ្យស្ថានភាពនយោបាយ ក្នុងប្រទេសវេណេហ្សូអេឡា ក៏កំពុងប្រែប្រួលដែរ។ នៅពេលនេះលោក វ័នកៃដូ ត្រូវបាន តុលាការកំពូលចេញសាលក្រមដកហូតលោក ពីតំណែងប្រធានរដ្ឋសភា។
ពីទីក្រុង BRUSSELS ដែលជារដ្ឋធានីនៃប្រទេស ប៊ែលហ្សិក ហើយក៏ជាទីស្នាក់កណ្ដាលនៃសហភាពអឺរ៉ុបដែរ ។ នៅព្រហស្បតិ៍ទី៤ មិថុនានេះ សហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ដោយទាត់ចោល សាលក្រមរបស់តុលាការកំពូល នៃប្រទេសវេណេហ្សូអេឡា ដែល ប្រកាសទុកជាមោឃៈតំណែងប្រធានរដ្ឋសភា របស់ លោកវ័នកៃដូ មេបក្សប្រឆាំងដ៏មានប្រជាប្រិយ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា សហភាពអឺរ៉ុបបានធ្វើការព្រមានថា ប្រទេសអាមេរិកខាងត្បូងមួយនេះ នឹងកាន់តែបែកបាក់ ដែលមិនអាចរើខ្លួនរួចពីវិបត្តិបានឡើយ។
លោក Luis Parra ដែលរងការចោទប្រកាន់ថា បានទទួលប្រាក់សំណូកជាច្រើនម៉ឺន ដុល្លារ ពីប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ ត្រូវបានតុលាការកំពូល ប្រកាសថាជាប្រធានរដ្ឋសភាស្របច្បាប់ ។
សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននៅតែទទួលស្គាល់ លោកវ័នកៃដូ ជាប្រធានរដ្ឋសភាស្របច្បាប់ និងស្របតាមឆន្ទៈម្ចាស់ឆ្នោត ហើយសូមទាត់ចោល លោក Luis Parra, ជាប្រធានរដ្ឋសភា ដែលលើកបន្តុបដោយ លោកម៉ាឌូរ៉ូ។
សហភាពអឺរ៉ុប បានបញ្ជាក់ទៀតថា ស្ថានការណ៍នយោបាយចុងក្រោយនេះ នៅវេណហ្សូអេឡា បានកំពុងធ្លាក់ក្នុងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ព្រោះតែរបបលោកម៉ាឌូរ៉ូមិនអាចស្ដាសេដ្ឋកិច្ច អោយរស់ឡើងវិញបានឡើយ។
សហភាពអឺរ៉ុបដែលមានសមាជិក ២៧ប្រទេស បានបន្តថា ការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ មិនស្របច្បាប់ឡើយដែលនាំអោយសភាពអឺរ៉ុបនៅតែបន្តទទួលស្គាល់លោក វ័នកៃដូជាប្រធានរដ្ឋសភាដដែល។
បុរសខ្លាំង ម៉ាឌូរ៉ូ មិនត្រូវបាន ប្រទេសប្រជាធិបតេយ្យជឿនលឿន ទទួលស្គាល់លោក ជាប្រធានាធិបតី ហើយបែរជាគាំទ្រ លោកកៃដូ ជាប្រមុខរដ្ឋស្ដីទី ព្រោះតែលោកម៉ាដូរ៉ូ អស់មានតម្លៃការទូតនៅលើឆាកអន្តរជាតិទៀតហើយ។
មកដល់ពេលនេះ លោកកៃដូ មានប្រទេសប្រជាធិបតេយ្យជឿនលឿនជិត៦០ប្រទេសគាំទ្រ ក្នុងនោះ មានសហរដ្ឋអាមេរិក បារាំង កាណាដា អង់គ្លេស អាល្លឺម៉ង ជប៉ុន ប្រទេសនៃសហភាពអឺរ៉ុបនិង ប្រទេស ក្នុងតំបន់អាមេរិកខាងត្បូង មានដូចជា ប្រេស៊ីល កូឡំប៊ី ប៉េរូ អាហ្សង់ទីន ជាដើម។
លោកម៉ាឌូរ៉ូបានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីជាប់ឆ្នោតឡើងវិញនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៨ ប៉ុន្តែ សហគមន៍អន្តរជាតិមិនទទួលស្គាល់ដោយសារតែ ជនផ្ដាច់ការម្នាក់នេះ បានដេញកំចាត់មេបក្សប្រឆាំង មិនអោយនៅក្នុងប្រទេស និងមេបក្សប្រឆាំងមួយចំនួន ត្រូវបានចាប់ខ្លួន។
កាលពីចុងខែមេសាកន្លងទៅនេះ សហភាពអឺរ៉ុប និងប្រទេសកាណាដា ជប៉ុន សហរដ្ឋអាមេរិក រួមនឹង ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ មានដូចជា មូលនិធិរូបីវត្ថុ អន្តរជាតិ IMF បានបើកសន្និសីទរៃអង្គាស់ មូលនិធិ ដោយមានការសន្យាថានឹង ប្រមូលប្រាក់អោយបានជាង ៣ពាន់៤០០លានដុល្លារ ដើម្បីជួយស្ដាសេដ្ឋកិច្ចប្រទេសវេណហ្សូអេឡាឡើងវិញ នៅពេលប្រទេសនេះ មានរដ្ឋាភិបាលថ្មីកើតចេញពីការបោះឆ្នោតមួយដោយសេរីនិងត្រឹមត្រូវ។
សេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុបបានអោយដឹងថា សមាជិករបស់ខ្លួន និងកោះប្រជុំ ជាមួយប្រទេស នៃតំបន់អាមេរិកខាងត្បូង រួមនឹងអង្គការអន្តរជាតិ ដើម្បីពិនិត្យមើលឡើងវិញ ដំណើរការវិវត្តន៍ចុងក្រោយនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយនៃប្រទេស វេណេហ្សូអេឡា ដោយសន្យាថានឹងរុញអោយរបបលោកម៉ាឌូរ៉ូ ទទួលយកការលើកទឹកចិត្តអោយមានបោះឆ្នោតប្រធានាធិបតីឡើងវិញ ទើបអាច បញ្ជៀស បាននូវកិច្ចអន្តរាគមន៍ពីកម្លាំងកងទ័ពបរទេស ។
កងកម្លាំងបរទេសដែលជាអ្នកលូកដៃធ្វើអន្តរាគមន៍នោះ អាចជាកងទ័ពអាមេរិក ដែលនឹងចាប់ខ្លួនលោកម៉ាឌូរ៉ូ ក្រោមហេតុផលពីបទឧក្រិដ្ឋកម្មគ្រឿងញៀន ស្របពេលក្រុងវ៉ាស៊ីនតោន អោយតំលៃខ្លួនលោកម៉ាឌូរ៉ូដល់ទៅ ១៥លានដុល្លារអាមេរិក ៕