32 C
Phnom Penh

អតីតមន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​នៅ​រាជធានី​ភ្នំពេញ១រូប​ទៀត​ត្រូវ​បាន​ចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុទ្ធី នៅពេល​ដែល​ធ្វើដំណើរ​នៅ​តាមផ្លូវ នៅក្នុង​សង្កាត់​ចោមចៅ។

សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្រៅប្រទេស​លោក រិន រដ្ឋ បានឱ្យ​ដឹង​ថា លោក ហេង ច័ន្ទ​សុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​វេលា ម៉ោង៧ព្រឹក នៅ​ថ្ងៃសុក្រ​នេះ ប៉ុន្តែ​មិនទាន់​មាន​អ្នកណា​ដឹង​ថា ការ​ចាប់ខ្លួន​នោះ​ពាក់ព័ន្ធ​ករណី​អ្វី​នោះ​ឡើយ។

អតីតមន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ជា​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​ទី៤ហើយ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ចាប់ពី​ថ្ងៃទី ២៧ ខែឧសភា មក។អតីតមន្ត្រី​បក្ស​ប្រឆាំង៣រូប​មុន រួមមាន​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោក កាក់ កុម្ភា​រៈ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែឧសភា។ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​លោក ពៀត ម៉ា​ប់ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី២៧ ខែឧសភា និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លោក ស៊ុន ធន់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១ ខែមិថុនា។

​ពួក​គេ​ទាំង៣រូប ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​បទល្មើស​ប្រហាក់​ប្រហែលគ្នា ដូចជា​រួមគំនិតក្បត់ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស និង​ញុះញង់ ឱ្យ​កងទ័ព កុំ​ស្តាប់​បញ្ជា​រដ្ឋាភិបាល ខណៈ​សំណុំរឿង​ទាំងនោះ​ជា​សំណុំរឿង​ចាស់​កើតឡើង​កាលពី​ឆ្នាំ២០១៨ និង២០១៩។ជំងឺ​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ជាបន្តបន្ទាប់​នេះ បាន រើ​ឡើងវិញ ក្រោយពី​មាន​ព្រមាន​របស់​លោក​ហ៊ុន សែន ពី​ខេត្ត​ព្រះសីហនុ​ក្នុង​សប្តាហ៍​នេះ អំពី​ការប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ដងខ្លួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ខ្ទេច ប្រសិនបើ​ពួក​គេ​ហ៊ាន​បង្កចលាចល​សង្គម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ទោះបីជា​យ៉ាងនេះ​ក្តី អ្នកឃ្លាំមើល​សង្គម​យល់ឃើញ​ថា ការអនុវត្ត​យុទ្ធសាស្ត្រ​កាត់​ក្បាល បំបែក​ខ្លួន​គណបក្ស​សង្រ្គោះ​ជាតិ​បន្ត​ទៀត​នេះ ជា​ការ​បង្ហាញ​ពី​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង និង​មិនបាន​ប្រយោជន៍អ្វី​ដល់​ជាតិ​នោះ​ឡើយ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស