34.8 C
Phnom Penh

លោក ហ៊ុន សែន សំរេច​បង្កើត​គណៈ​កម្មា​ការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន កាលពី​ថ្ងៃទី០៤ ខែមិថុនា បាន​ចេញ​សេចក្តី​សម្រេច បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែល​មាន​សមាសភាព ១០រូប ដឹកនាំ​ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន។

សេចក្តី​សម្រេច​របស់​លោក ហ៊ុន សែន ឲ្យដឹង​ថា តំបន់​កោះកុង​ក្រៅ ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី​របស់​លោក​កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេច​ប្រគល់ឲ្យ​ក្រុមហ៊ុន កោះកុង អេស​អ៊ី​ហ្សិ​ត ខូ​អិល​ធី​ឌី (SEZ Co.LTD​) ធ្វើការ​អភិវឌ្ឍ។

ទោះជាយ៉ាងណា​ក៏ដោយ​លោក ហ៊ុន សែន មិនបាន​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ឯកជន SEZ នោះ​ជា​អភិវឌ្ឍន៍​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ឡើយ ហើយ​ថា​តើ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​មាន​ប្រវត្តិ​ល្អ ឬអាក្រក់​យ៉ាងណា​នោះ​ដែរ។

សេចក្តី​សម្រេច​របស់​លោក ហ៊ុន សែន ក្នុង​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង នេះ ធ្វើឡើង ស្រប​ពេល​ដែល​មាន​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​នាំគ្នា​ធ្វើ​យុទ្ធនាការ ជិះកង់ ពី​ខេត្តកោះកុង មក​ភ្នំពេញ ក្នុង​បំណង​ដាក់​ញត្តិ​ឲ្យ​លោក ហ៊ុន សែន ជួយការ​ពារ​តំបន់​កោះកុង​ក្រៅ និង​សង្គ្រោះ​កោះកុង​ក្រៅ​មួយ​នេះ​ឲ្យ​មាន​សុវត្ថិភាព។

ប៉ុន្តែ​យុទ្ធនាការ​ជិះកង់​នេះ​ត្រូវ​បាន​ហាមឃាត់ និង​រំខាន​ដោយ​អាជ្ញាធរ​ខេត្តកោះកុង។ ទោះជាយ៉ាងណា​ក៏ដោយ អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ អះអាង​ថា ការរារាំង និង​សាកសួរ​ក្រុម​យុវជន​បរិស្ថាន​អស់​ជាច្រើន​ម៉ោង​ពីសំណាក់​អាជ្ញាធរ​ខេត្តកោះកុង គឺជា​ការ​បំភិតបំភ័យ​មួយ​ដល់​យុវជន ដែល​ស្រលាញ់ និង​ចង់​ការពារ​ធនធាន​ធម្មជាតិ​របស់​ប្រទេស ។

សកម្មជន​បរិស្ថាន​ទាំងនេះ ត្រូវ​បាន​នគរបាល​រារាំង ដោយ​មិន​ឱ្យ​បន្ត​ការ​ជិះកង់​ពីទី​ក្រុង​ខេមរភូមិន្ទ​នៃ​ខេត្តកោះកុង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ហើយ​សមត្ថកិច្ច​បាន​ចាប់​យក​កង់​របស់​ពួក​គេ​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​កោះកុង​ថែមទៀត ។

សមត្ថកិច្ច​ខេត្តកោះកុង​អះអាង​ថា​ខ្លួន​នឹង​ប្រគល់​សង​កង់​របស់​ក្រុម​យុវជន​ទាំងនេះ​វិញ នៅ​ក្រោយ​ថ្ងៃទី៥ ខែមិថុនា ដែល​ជា​ទិវា​បរិស្ថាន​ពិភពលោក ។កាលពី​ថ្ងៃទី៣ ខែមិថុនា ក្រសួងបរិស្ថាន​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ក្រុម​ជន​មួយចំនួន​តូច​ដែល​សម្តែង ធ្វើជា​អ្នកការពារ​បរិស្ថាន ដោយ​បាន​ធ្វើសកម្មភាព​ទាមទារ​ឱ្យ​មានការ​សង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់ជា​តំបន់​ការពារ។

ក្រសួងបរិស្ថាន​បាន​ចាត់ទុក​សកម្មភាព​នោះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត​ដែល​ស្ថិត​ក្រោម​ការរៀបចំ​មួយ​ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ។ក្រសួងបរិស្ថាន បញ្ជាក់​ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬការ​ទាមទារ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ​និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយ​បាន​បញ្ជូន​ក្រុម​មន្ត្រី​ជំនាញ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្ន​ន័យ​ផ្សេង​ៗទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ ជា​«ឧទ្យានជាតិ​សមុទ្រ » ព្រោះ​តំបន់​នេះ​សម្បូ​ណ៍​ទៅ​ដោយសក្តានុពល​ផ្នែក​ធនធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ និង​មាន​ឆ្នេរខ្សាច់​ល្អ​ស្រស់​ស្អាត ដែល​ត្រូវការ​ពារ​និង​អភិរក្ស។ នៅក្នុង​គម្រោង​ផែនការ ក្រសួង បរិស្ថាន​ក្រសួង រំពឹង​ថា​នឹងអាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា​«ឧទ្យានជាតិ​សមុទ្រ»អំឡុង​ឆ្នាំ ២០២១ ខាងមុខនេះ ក្រោយ​ការ​បញ្ចប់​ការសិក្សា​រួចរាល់។

ជាមួយគ្នា​នេះ ក្រសួងបរិស្ថាន សង្ឃឹមថា​ក្រុម​ជន​មួយចំនួន​តូច​នេះ នឹង​យល់ដឹង​កាន់តែ​ច្បាស់ ហើយ​ខិតខំ​រៀនធ្វើការ​រួមគ្នា​ប្រកបដោយ​ភាព​ស្មោះត្រង់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ហើយ​ជៀសវាង​ការបង្កើត​ឆាកល្ខោន​សម្តែង​និង​ធ្វើអាជីវកម្ម​ដើម្បី​កេង​ចំណេញ​នយោបាយ។

ទោះជាយ៉ាងណា​ក៏ដោយ ក្រុម​យុវជន​អះអាង​ថា សកម្មភាព​ពួក​គេ​ពុំមែន​ជា​ការ​កេង​ចំណេញ​នយោបាយ ហើយក៏​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ដូច​ការចោទប្រកាន់​នោះ​ដែរ។ទោះបីជា​មាន​ឧបសគ្គ​បែបនេះ​ក្តី ក្រុម​យុវជន​បញ្ជាក់​ថា​យុទ្ធនាការ​ដា​ក់ញ្ញ​ត្តិ​ជូន​រដ្ឋាភិបាល នឹង​នៅតែ​បន្ត ដោយ​គ្រាន់តែ​ប្តូរ​ពី​ការ​ជិះកង់ ការ​ដើរ​ដោយ​ថ្មើ​ជើង មក​ជា​ការ​ជិះឡាន​ឈ្នួល​ដើម្បី​សម្រេច​តាម​គោលដៅ​ប៉ុណ្ណោះ។

សកម្មជន​បរិស្ថាន បាន​លើកឡើង​ពី​គុណវិបត្តិ ប្រសិនបើ​រាជរដ្ឋាភិបាល​មិន​អាច​ការពារ​តំបន់​នេះ​បាន ដែល​អាច​នាំឲ្យមាន​មហន្តរាយ ផ្នែក​បរិស្ថាន ប្រសិនបើ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នេះ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស