27 C
Phnom Penh

USAID ប្រសិទ្ធ​នាម​មន្ត្រី​សង្គម​លោក នាង សុ​វ៉ា​ត ជា​អ្នកតស៊ូ​មតិ​និង​ការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម​ដែល​បំពេញការងារ​មិន​ចេះ​នឿយ ហត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ហៅ​កាត់​ថា USAID បាន​ប្រសិទ្ធ​នាម​ឱ្យ​អតីតមន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់ចាម ថា​ជា​អ្នកតស៊ូ​មតិ និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម។

USAID បាន​លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​នៅ​ថ្ងៃនេះ ដោយ សម្តែង​នូវ​សេចក្តី​ក្រៀមក្រំ​ជា​ខ្លាំង ព្រោះ​បាន​ទទួល​ដំណឹង​មរណភាព​របស់​លោក នាង សុ​វ៉ា​ត អតីតមន្ត្រី​សម្របសម្រួល​ប្រចាំ​ខេត្ត កំពង់ចាម និង​ជាស​មា​ជិ​កក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថាស​មា​គម​«អាដ​ហុក»។

ក្រៅពី​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​គាត់ និង​សមា​គម​អាដ​ហុក​ក្នុង​វេលា​ដ៏​សោកសៅ​មួយ​នេះ ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក​ដដែល​បាន ចាត់ទុក​លោក នាង សុ​វ៉ា​ត គឺជា​អ្នកតស៊ូ​មតិ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម ដែល បាន​បំពេញការងារ​ដោយ​មិន​ចេះ​នឿយហត់ និង​ក្លាហាន ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជាជន និង​សហគមន៍​ងាយ​រងគ្រោះ​របស់​កម្ពុជា​អស់​រយៈពេល​ជាង២០ឆ្នាំ​មកនេះ។

កើត​នៅ​ឆ្នាំ១៩៦០ ជា​កូន​កសិករ​នៅ​ស្រុក​ព្រៃ​ឈ ខេត្ត​កំពង់ចាម លោក​នាង សុ​វ៉ា​ត បាន​ទទួលមរណៈភាព​កាលពី​ព្រឹក​ថ្ងៃទី៣ ខែមិថុនា ក្នុង​ជន្មាយុ ៦០ឆ្នាំ ដោយ​រោគាពាធ ហើយ​សព​របស់​លោក​ត្រូវ​បាន​បញ្ចុះ​កាលពី​ថ្ងៃទី៤ ខែមិថុនា ដោយ​គ្រួសារ​នឹង​រៀបចំ​ពិធីបុណ្យ​គម្រប់៧ថ្ងៃ ចូល​រោង​នៅ​ថ្ងៃទី៨ខែមិថុនា និង​ដា​បង្ហើយ​បុណ្យ​នៅ​ថ្ងៃទី៩ ខែមិថុនា នា​គេហដ្ឋាន​របស់​លោក ហុង ហេង និង​អ្នកស្រី ណាំ ចិន្តា ក្នុង​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។

មរណភាព​របស់​លោក នាង សុ​វ៉ា​ត បាន​ធ្វើ​ឱ្យ​មិត្តភក្តិ​រួមការ​ងារ ពលរដ្ឋ​ជាច្រើន​សោក​ស្តាយ ត្បិតថា​ជា​ការបាត់បង់​នូវ​ធនធានមនុស្ស បាត់បង់​នូវ​បញ្ញវ័ន្ត​ដល់​ល្អ។ លោក បាន​រៀបការ​ជាមួយ​អ្នកស្រី ណាំ ចន្តា នៅ​ទសវត្ស​ឆ្នាំ៨០ ដោយ​ចំណង​អាពាហ៍​ពិពាហ៍​នេះ​បន្សល់ទុក​នូវ​កូន៤នាក់ ស្រី៣នាក់ និង​ប្រុស​ម្នាក់។

ក្នុងចំណោម​កូន​ទាំង៤នាក់ គឺ​មាន​ម្នាក់​ដែល​ពលរដ្ឋ ពិសេស​ក្រុម​យុវជន​ស្គាល់​ច្បាស់ គឺ​អ្នកស្រី នាង សុ​វ៉ា​តនា ហៅ DJ ណា​ណា ដែល​ជាពិធី​ការិនី​វិទ្យុ​និង​ទូរទស្សន៍​ក្នុង​ស្រុក ព្រមទាំង​ជា​វាគ្មិន​ដ៏​ល្បីល្បាញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទៀតផង។លោក​បាន​ប្រឡូក​ក្នុង​វិស័យ​ការពារ​សិទ្ធិមនុស្ស​នៅ​ទសវត្ស​ឆ្នាំ១៩៩០ ដោយ ចំណាយពេល​ស្ទើរតែ​ពេញ​មួយ​ជីវិត​របស់​លោក​ក្នុង​វិស័យ​នេះ។

កាល​នៅ​មានជីវិត​លោក នាង សុ​វ៉ា​ត តែង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ ចងក្រង​ពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ឱ្យ​យល់​អំពី​សិទ្ធិមនុស្ស និង​ជួយ​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិ ព្រមទាំង​ចែករំលែក​នូវ​ព័ត៌មាន​ដល់​ពលរដ្ឋ ក៏ដូចជា​អ្នកសារព័ត៌មាន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ទៀតផង។

ត្បិត​មិនមែន​ជាគ្រួសារ​មានទ្រព្យ​សម្បត្តិ​ហូរហែ ប៉ុន្តែ​លោក​ជា​មនុស្ស​ពោ​ពេញដោយ​ទឹកចិត្ត​ជួយសង្គ្រោះ​ដល់​មនុស្ស​ទូទៅ មាន​ទាំង​បងប្អូន មិត្តភក្តិ ពលរដ្ឋ​រងគ្រោះ​នៅ​តាម​មូលដ្ឋាន​ជាដើម។លោក នាង សុ​វ៉ា​ត បាន​លាឈប់​ពី​តំណែង​ជាម​ន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​កាលពី​ឆ្នាំ២០១៨ ប៉ុន្តែ​លោក​នៅតែ​ជួយ​កិច្ចការ​សមាគម​នេះ​ក្នុង​តំណែង​លោក​ជាស​មា​ជិ​កក្រុមប្រឹក្សា​ភិបាល​ម្នាក់។

ក្រៅពី​ការងារ​ជាម​ន្ត្រី​សង្គម​ស៊ីវិល លោក នាង សុ​វ៉ា​ត ក៏​ជា​សាស្ត្រា ចារ្យ​ផ្នែក​ច្បាប់​នៃ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ក្រុង​កំពង់ចាម ដែល​បាន​បង្ហាត់បង្រៀន​ដល់​សិស្ស និស្សិត ព្រះសង្ឃ យ៉ាងច្រើន ឱ្យ​យល់ដឹង​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ តាមវិធី​សាស្ត្រ​បង្រៀន​ងាយ​ៗ លើក​ឧទាហរណ៍​ជាក់ស្តែង ដោយ​ផ្អែក​តាម​បទពិសោធន៍​របស់​លោក​ក្នុង វិស័យ​ច្បាប់​ជាង២០ឆ្នាំ ដែល​លោក​បាន​ចូលរួម​ប្រឡូក។

លើស​ពីនេះ លោក​ធ្លាប់​បាន​ចូលរួម​ចំណែក​កែ​លម្អ​សង្គម តាមរយៈ​ការ​លើកឡើង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​អំពី​ភាព​អសកម្ម​របស់ រដ្ឋាភិបាល អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ភាព​អយុត្តិធម៌​សង្គម បញ្ហា​ព្រំដែន អំពើពុករលួយ បើ​ទោះបីជា​ពេលខ្លះ​លោក​ដឹងខ្លួន​ថា នឹងអាច​ប្រឈម​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​យ៉ាងណា​ក្តី។

USAID អះអាង​ថា​នឹង​ចងចាំ​ពី​វីរៈ​ភាព ការ​លះបង់ ភាព​ក្លាហាន និង​ការ​ប្តេជ្ញា​ចិត្ត របស់​លោក នាង សុ​វ៉ា​ត ក្នុង​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រមទាំង​បួងសួង​សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ លោក បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស