38 C
Phnom Penh

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ ក្រោយ​ផ្អាក​ដំណើរការ​ជិត២០ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​ថា SMD ដែល​ជា​ចលនា​មិន​ចំណុះ​រដ្ឋាភិបាល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជាថ្មី​ម្តង​ទៀត ដោយមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បាន​លើកឡើង​ថា អតីត​ស្ថាបនិក នៃ​ថ្នាក់ដឹកនាំ និង​សមាជិក​របស់​ខ្លួន សម្រេច​បង្កើត​ស្ថាប័ន​នេះ​ឡើងវិញ ដើម្បី​បន្ត​ទស្សនៈ​វិស័យ និង​បេសកកម្ម​របស់​ខ្លួន​ក្នុង​បុព្វហេតុ ចង់​ឃើញ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យ​ភាពជា​តិ និង​បូរណភាពទឹកដី​ពេញលេញ។

ក្នុង​កិច្ចប្រជុំ​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ លទ្ធផល​នៃ​កិច្ចប្រជុំ​បានសម្រេច​ជ្រើសរើស​លោក អ៊ុំ សំ​អាន ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នេះ និង​បាន​ជ្រើសរើស លោក ទូច វិបុល ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​ស្ថាប័ន​នេះ​ជា​ផ្លូវការ ព្រមទាំង​សហការី​ជាច្រើន​រូប​ទៀត។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បង្កើត​ឡើងជា​ថ្មីទៀត​ក្រោយពេល​ផ្អាក​សកម្មភាព​ជិត២០ឆ្នាំនេះ ក្នុង​គោលបំណង​លើកកម្ពស់​ការចូលរួម​ថែរក្សា​ស្ថេរ​ភាព និង​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​ការ​តស៊ូ​មតិ​ជាមួយ​ស្ថាប័នជាតិ និង​អន្តរជាតិ។ដោយឡែក​បេសកកម្ម​របស់ SMD វិញ នឹង​ប្រើ​យន្តការ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣តុលា​ឆ្នាំ១៩៩១ រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ និង​យន្តការ​អន្តរជាតិ​នានា។ បន្ថែម​ពីនេះ​ផ្សារភ្ជាប់​យុវជន​ខ្មែរ​ជាមួយ​យុវជន​អន្តរជាតិ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក លើ​របៀប​នៃ​ការ​តស៊ូ​មតិ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ជំរុញ​ឱ្យ​មានការ​ឯកភាព​គ្នា​រវាង​ខ្មែរ និង​ខ្មែរ ព្រមទាំង​យន្តការ​មួយចំនួន​ទៀត។ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ បាន​ង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ ដើម្បី​ប្រឆាំង​លទ្ធផល​ការបោះឆ្នោត និង​បេក្ខភាព​លោក ហ៊ុន​សែន ធ្វើជា​នាយក​រដ្ឋមន្ត្រី នៅ​ក្រោយ​ការបោះឆ្នោត លើក​ទី២ កាលពី​ខែកក្កដា ឆ្នាំ ១៩៩៨។

ចលនា​នេះ ធ្លាប់​ចូលរួម​ប្រឆាំង​តវ៉ា​ជន​អន្ត​ប្រវេសន៍​ខុសច្បាប់​វៀតណាម នៅ​កម្ពុជា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុបចោល​សន្ធិសញ្ញា​និង​កិច្ច​ព្រមព្រៀង​ខុសច្បាប់​នានា ដូចជា​ឆ្នាំ ១៩៧៩​, ១៩៨២​, ១៩៨៣ និង​ឆ្នាំ ១៩៨៥។ ថ្នាក់ដឹកនាំ​របស់ SMD ចាត់ទុកថា សន្ធិសញ្ញា​និង​កិច្ច​ព្រមព្រៀង​ទាំងនោះ ធ្វើឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ដោយ​ខុសច្បាប់ រាប់​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ ជាង​នេះ​ទៅទៀត ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក៏​ធ្លាប់​បាន​ធ្វើសកម្មភាព​តវ៉ា​ជាច្រើន​ទៀត លើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ពង្រឹងស្មារតី ដឹកនាំ​យុវជន​ជំនាន់​ថ្មី ឲ្យ​ចូលរួម​យុទ្ធនាការ​ទាមទារ​យុត្តិធម៌​សង្គម នៅ​កម្ពុជា​ផង​ដែរ។

នៅ​ឆ្នាំ ២០០៥ ចលនា​និស្សិត​មួយ​នេះ បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន ហើយ​មេដឹកនាំ​សំ​ខាន់​ៗ បាន​រង​ការ​គំរាមកំហែង​ដល់អាយុ​ជីវិត ពីសំណាក់​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​បាន​ភៀសខ្លួន សុំ​សិទ្ធិជ្រកកោន​នយោបាយ​នៅ​បរទេស។ ទោះជា​បែបនេះ​ក្តី ក៏​ឆន្ទៈ​របស់​ក្រុម​នេះ នៅតែ​ក្តៅ​គគុក មិន​រួញរា​ក្នុង​កិច្ចការ​តស៊ូ លើ​កិច្ចការ​ព្រំដែន​នោះ​ឡើយ។ថ្លែង​នៅក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily កាលពី​យប់​ថ្ងៃទី ០៣ ខែឧសភា ប្រធាន​ក្រុមប្រឹក្សា​ភិបាល នៃSMD លោក អ៊ុំ សំ​អាន បញ្ជាក់​ថា «បេសកកម្ម​ចលនា​និស្សិត​ថ្មីនេះ មិន​ត្រឹមតែ​តវ៉ា​បញ្ហ​ព្រំដែន ជន​អន្ត​ប្រវេសន៍​ខុសច្បាប់ និង​យុត្តិធម៌​សង្គម​នោះ​ទេ ប៉ុន្តែ​ក្រុម​របស់​លោក នឹង​ទាមទារ «កោះត្រល់» របស់​ខ្មែរ ត្រឡប់​ពី​ការគ្រប់គ្រង​របស់​វៀតណាម មកវិញ នៅពេល​មាន​រដ្ឋាភិបាល​ត្រឹមត្រូវ មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​វៀតណាម​នោះ»។ លោក អ៊ំ សំ​អាន បន្ត​ថា កូនខ្មែរ​មិន​ត្រូវ​ភ្លេច​ទឹកដី ដែល​បរទេស​ឈ្លានពាន យក​ទៅ​នោះ​ទេ។

ចំណែក លោក ទូច វិបុល ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែរ​នោះ​បញ្ជាក់​ថា «ការបង្កើត​ចលនា​និស្សិត​នេះ​ឡើងវិញ គឺ​ដើម្បី​ប្រឆាំង​ការឈ្លានពាន​ព្រំដែន ពី​ប្រទេសជិតខាង និង​បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់ លើទឹក​ដី​កម្ពុជា»។

ក្រុម​ស្ថាបនិក​នៃ​ចលនា​និស្សិត​កំណើត​ទី២ នេះ ប្តេជ្ញា​ថា ពួក​គេ​នឹង​ធ្វើជា​គំរូ ដល់​ប្រជាពលរដ្ឋ និស្សិត និង​បញ្ញវន្ត​គ្រប់រូប ក្នុង​ការ​តស៊ូ​មតិ ហើយ​ត្រូវតែ​ហ៊ាន​និយាយ​ការពិត ហ៊ាន​លះបង់​ដើម្បី​បម្រើ​ជាតិ មាតុភូមិ។ ជាង​នេះ​ទៅទៀត ពួក​គេ​ក៏បាន​អំពាវនាវ ឲ្យ​មានការ​ចូលរួម​ពីអ​តី​តក្រុមការងារ សមាជិក និស្សិត​បញ្ញវន្ត និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស