កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាឪពុកបង្កើតរបស់លោក ដំឡើងតំណែងនៅក្នុងជួរគណបក្ស ពីតំណែងអនុប្រធាន ទៅជាប្រធានយុវជនគណបក្សកាន់អំណាចថ្នាក់កណ្តាល។
ក្នុងសេចក្តីសម្រេចរបស់បក្សកាន់អំណាច ដែលមានត្រានិងហត្ថលេខារបស់ប្រធានបក្សនេះគឺ លោកហ៊ុន សែន សែន នៅថ្ងៃ៨មិថុនា បានសម្រេចជាផ្លូវការដំឡើងតំណែងឧត្តមសេនីយ៍ឯក និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ពីតំណែងអនុប្រធាន ទៅជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ឃើញថាការដំឡើងតំណែងកូនប្រុសនាយករដ្ឋមន្ត្រីនៅក្នុងជួរបក្សប្រជាជនបន្ថែមទៀតនេះ ព្រោះលោក ហ៊ុន សែន ជាមនុស្សជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗរាប់មិនអស់ ហើយលោក មានអារម្មណ៍មិនស្ងប់ក្នុងរឿងនេះ។ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន ត្រូវឈ្មូសឈ្មុលប្រឹងលើកលោក ហ៊ុន ម៉ាណែត ជាកូនឲ្យដល់កម្រិតកំពូលកាន់តែឆាប់ ដើម្បីជួយសំអាតផ្លូវ ការពារកិត្តិយសរបស់ខ្លួន។អ្នកវិភាគដដែលថា ពិតណាស់ ការដំឡើងតំណែងកូនប្រុសរបស់ខ្លួននេះ នឹងបង្កទំនាស់នៃមន្ត្រីផ្ទៃក្នុងបក្ស ប៉ុន្តែពុំមានភាពប្រទូស្តរាយជាក់ស្ដែងទេ ព្រោះលោក ហ៊ុន សែន ក្ដោបក្តាប់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាស្ទើរតែណែនក្នុងដៃទៅហើយ ហើយក៏ពុំមានមន្ត្រីណាហ៊ានសម្ដែងឲ្យឃើញសកម្មភាពទំនាស់ជាក់ស្ដែងនោះដែរ។
កាលពីចុងឆ្នាំ២០១៨ លោកហ៊ុន ម៉ាណែត ត្រូវបានគណបក្សសម្រេចដាក់តែងតាំងតំណែងស្ទើរកំពូលក្នុងបក្ស គឺជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណៈកម្មាធិការកណ្ដាលគណបក្សកាន់អំណាច រួមជាមួយមនុស្សកំពូលៗ៦នាក់ផ្សេងទៀត រួមមានរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន អគ្គមេបញ្ជាការកងទ័ពលោក វង្ស ពិសេន អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលោក សៅ សុខា និងនាយសេនាធិការចម្រុះកងទ័ព លោក ឥត សារ៉ាត់ ៕