ដែលជាសកម្មជននយោបាយខាងក្រុងអាវក្រហម នៅក្រុងភ្នំពេញ លោក វ៉ាន់ឆាឡឺម សាត់ស័ក្កសិទ្ធ (Wanchalearm Satsaksit) ដោយមិនដឹងពីមូលហេតុច្បាស់លាស់។
ការតវ៉ានេះធ្វើឡើងនៅថ្ងៃទី ៨ មិថុនានៅខាងមុខស្នាក់ការស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដោយមានទាំងការយករូបថតសកម្មជននយោបាយក្រុមអាវក្រហមថៃ ឈ្មោះ វ៉ាន់ឆាឡឺម ទៅបិទនៅជញ្ជាំងស្ថានទូតកម្ពុជាថែមទៀតផង។
ក្រុមនិស្សិត និងពលរដ្ឋថៃមានគ្នារាប់សិបនាក់ បានអំពាវនាវនៅមុខស្ថានទូតខ្មែរដោយទាមទារឱ្យអាជ្ញាធរប្រទេសទាំងពីរ សហការគ្នាបើកការស៊ើបអង្កេតលើករណីបាត់ខ្លួនលោក វ៉ាន់ឆាឡឺម ដោយអាថ៌កំបាំង កាលពីថ្ងៃទី៤ ខែមិថុនា នៅកណ្តាលក្រុងភ្នំពេញ។ពួកគេថា ការរកឱ្យឃើញមូលហេតុនៃការបាត់ខ្លួន គឺជាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារ ព្រមទាំងជាការលើកតម្កើងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ខណៈករណីនេះពុំមែនជាការបាត់ខ្លួនសកម្មជននយោបាយថៃជាលើកទី១នោះឡើយ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ស្នើឱ្យកម្ពុជាស៊ើបអង្កេតបាត់ខ្លួន លោកវ៉ាន់ឆាឡឺម នេះ ដែលអង្គការនេះចាត់ទុកថាជាករណីចាប់ជំរិតសកម្មជននយោបាយថៃលើទឹកដីកម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍របស់ Human Right Watch បានឱ្យដឹងថា ករណីចាប់ជំរិតនេះ កើតឡើងមួយថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោកវ៉ាន់ឆាឡឺម បានចេញវីដេអូឃ្លីបមួយ និយាយជាភាសាថៃ រិះគន់មេដឹកនាំប្រទេសថៃបច្ចុប្បន្ន គឺលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចារ ថាជាមេដឹកនាំរបបផ្តាច់ ដែលបានធ្វើឱ្យប្រទេសជាតិអាប់អោនកិត្តិយស និងទាមទារឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែងថែមទៀតផង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ កំពុងបារម្ភពីសុវត្ថិភាពរបស់សកម្មជននយោបាយថៃ និងជាក្រុមអាវក្រហមថៃរូបនោះ ដោយបានស្នើឱ្យកម្ពុជាស៊ើបអង្កេតនេះជាបន្ទាន់។យ៉ាងនេះក្តី យោងតាមសារព័ត៌មានថៃ បានដកស្រង់ការលើកឡើងរបស់មន្ត្រីកម្ពុជា និងថៃ ថាពួកគេមិនបានដឹងរឿងនេះឡើយ ហើយក៏គ្មានគម្រោងស៊ើបអង្កេតនោះដែរ ប្រសិនបើគ្មានការស្នើសុំពីភាគីណាមួយ។
អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ យល់ឃើញថា ករណីនេះអាចជាជំនួញនយោបាយ យកសេរីភាពពលរដ្ឋទាំងសងខាង ធ្វើជាដើមទុន ដើម្បីជាប្រយោជន៍របស់អ្នកកាន់អំណាចសព្វថ្ងៃនៃប្រទេសទាំងពីររៀងៗខ្លួន។លោកបន្តថា ការចាប់សកម្មជនប្រជាធិបតេយ្យថៃដោយលាក់កំបាំងនៅភ្នំពេញ មន្ត្រីនគរបាលខ្មែរ ឆ្លើយថាមិនដឹងរឿង។ លោកថានេះជាចម្លើយនយោបាយសុទ្ធសាធ ព្រោះករណីនេះបានកើតនៅលើទឹកខ្មែរ ក្នុងដែនសមត្ថកិច្ចនៃការទទួលខុសត្រូវរបស់អាជ្ញាធរខ្មែរ ហើយបើមិនទាន់ដឹងច្បាស់ដំណើររឿង ក៏មិនអាចឆ្លើយថា មិនដឹងរឿងដែរ ពោលគឺយ៉ាងហោចណាស់ ត្រូវហ៊ានអះអាងធានាអំពីការស្រាវជ្រាវដើម្បីបំភ្លឺការពិតពាក់ព័ន្ធរឿងនេះ។
រដ្ឋប្រហារយោធាក្នុងប្រទេសថៃ កាលពី ឆ្នាំ២០១៤ យ៉ាងយោចណាស់មានសកម្មជនថៃ ៨នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឡាវ កម្ពុជា និងវៀតណាម ហើយបានបាត់ខ្លួន និងមួយចំនួនទៀត ត្រូវបានរកឃើញថាស្លាប់។
សារព័ត៌មានថៃក៏បានឱ្យដឹងដែរថា លោក វ៉ាន់ឆាឡឺម គឺឋិតក្នុងចំណោមសកម្មជននិរទេសខ្លួន ២៩នាក់ ដែលរងការចោទថា បានប្រមាថព្រះមហាក្សត្រថៃផងដែរ។Human Right Watch បានឱ្យដឹងថា លោក វ៉ាន់ឆាឡឺម គឺជាសកម្មជននយោបាយថៃម្នាក់ និងជាសកម្មជននយោបាយគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា ដែលតែងរិះគន់របប យោធាដឹកនាំប្រទេសសព្វថ្ងៃ ។លោក វ៉ាន់ឆាឡឺម បានរត់គេចខ្លួនមកសម្ងំរស់នៅកម្ពុជា តាំងពីខែឧសភាឆ្នាំ២០១៤ ក្រោយពីយោធាថៃតាមចាប់ខ្លួនលោក បន្ទាប់ពីមានការធ្វើរដ្ឋប្រហារទម្លាក់នាយរដ្ឋមន្ត្រីជាស្ត្រី ដែលជាប្អូនបង្កើតរបស់លោក ថាក់ស៊ីន កាលពីឆ្នាំ២០១៤ រួចមក៕