30.7 C
Phnom Penh

ឥណ្ឌូ​នេ​ស៊ី​ទាត់ចោល​សំណើម​ហា​យក្ស​ចិន​សុំ​ចរចា​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ធ្វើអោយ​ចិន​អាម៉ាស់មុខ​ជា​ខ្លាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ធ្លាក់​ក្នុង​សង្រ្គាម ជំងឺ​ផ្លូវដង្ហើម​កូ​វិដ ១៩ បែរជា​ប្រទេស​ចិន ដែល​ទើប​ឈ្នះ​នឹង​សង្រ្គាម​នេះ កំពុង​ត្រូវ​បាន​ពិភពលោក ចោទ​ថា ជា​ប្រទេស​បង្ក​ហានិភ័យ​កាន់តែ​ខ្លាំង នៅ តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ប្រទេស​មហាយក្ស​មួយ​នេះ បាន​កំពុង​វាតទី​កាន់កាប់​ដែនទឹក​នៅ​ប្រជុំកោះ ស្រ្តា​តលី នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​សំបូរ​ធនធាន សមុទ្រ​យ៉ាង​សម្បើង។ ចិន​នៅពេល​នេះ ត្រូវ​បាន​វៀតណាម និង​ហ្វីលីពីន​ចោទ​ថា បាន​ឈ្លានពាន ដែនទឹក​របស់​ពួក​គេ ដោយ​មិនបាន​គោរពច្បាប់​អន្តរជាតិ​ឡើយ។ទោះជា ប្រទេស​ពីរ​នេះ​គំរាម​ប្ដឹង​បន្ត​ទៀត​ទៅ កាន់​តុលាកា​រម​ជ្ឈឹ​ត្ត​ការអន្តរជាតិ ក៏ដោយ​ក៏​ចិន​មិន​ខ្លាច​បន្តិច​ឡើយ គឺ​កាន់តែ​បង្ក​សកម្មភាព ឈ្លានពាន​ទៅមុខ​ទៀត។

ប៉ុន្តែ​សម្រាប់​ប្រទេស ឥណ្ឌូ​នេ​ស៊ី មិន​ដូច​ប្រទេស​ពីរ​នេះ​ទេ​គឺ​មិន​ទទួលយក​សំណើ​របស់​ចិន ដែល​សុំ​ចរចា​អំពី​ដែនទឹក​ត្រួតស៊ីគ្នា នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។ ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ដូច្នេះ ហាក់ដូចជា​ទះ​កាំ​ភ្លៀង​មហាយក្ស​ចិន ហើយ​ប្រាប់​ថា​កុំ​ប្រមាថ​ប្រទេស​តូចតាច​មួយ​នេះ។សារព័ត៌មាន Benar News បាន​ចុះផ្សាយ​ថា​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង ថា​ចិន​គ្មាន​ដែនទឹក​របស់​ខ្លួន​នៅ​តំបន់​ដែល​ក្រុង​ប៉េកាំង​អះអាង​ថា​ត្រួតស៊ីគ្នា​នឹង​ដែន​ទឹ​កឥណ្ឌូ​នេ​ស៊ី​នោះ​ទេ។

សំណើ​របស់​ចិន​ត្រូវ​បាន​មើលឃើញ​ថា មានខ្លឹមសារ​ប្រាស់​ចាក​នឹង​លិខិត​របស់​ខ្លួន​ដែល​បាន​ផ្ញើ​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres កាលពី​ថ្ងៃអង្គារ ទី២ ខែមិថុនា ដែល​ក្នុង​លិខិត​នោះ​ក្រុង​ប៉េកាំង​ខ្លួនឯង​ផ្ទាល់​បាន​អះអាង​ថា ខ្លួន​គ្មាន​ជម្លោះ​អធិបតេយ្យ​ភាព​នឹង​ឥណ្ឌូ​នេ​ស៊ី​ទេ ហើយ​ស្រាប់តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ប្រទេស​ដ៏​ធំ មួយ​នេះ​បាន​ដាក់​សំណើសុំ​ចរចា​ជាមួយនឹង​រដ្ឋាភិបាល ក្រុង​ហ្សាការតា ដោយ​អះអាង​ថា​ដែនទឹក​របស់​ខ្លួន​មាន​ត្រួតស៊ីគ្នា​នឹង​ដែន​ទឹ​កឥណ្ឌូ​នេ​ស៊ី​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

លិខិត​របស់​ទីក្រុង​ប៉េកាំង​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​ឆ្លើយតបទៅនឹង​កំណត់​ទូត​មួយ​ធ្វើឡើង​ដោយ​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី ដែល​បាន​បញ្ជូន​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី២៦ ខែឧសភា ដែល​ក្នុង​លិខិត​នោះ​ក្រុង​ហ្សាកាតា បាន​ច្រានចោល​ផែនទី​ស្ទង់​ដែនទឹក​សមុទ្រ​របស់​ចិន​ហើយ​បាន​ប្រកាស​ថា​ឥណ្ឌូ​នេ​ស៊ី​ពុំ​ដែល​មាន​ដែនទឹក​ត្រួតស៊ីគ្នា​ជាមួយ​ចិន​នៅក្នុង​ផ្នែក​ណាមួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ឡើយ។ក្រុង​ហ្សាការតា​បញ្ជាក់​ថា ដែនទឹក​ទាំងនោះ​ជា​របស់​ឥណ្ឌូ​នេ​ស៊ី​មាន​ជា​ប្រវត្តិសាស្ត្រ​មក​ហើយ។

លោក Damos Dumoli Agusman អគ្គនាយក​នៃ​សន្ធិសញ្ញា​និង​ច្បាប់ អន្ដរ​ជាតិ​នៃ​ក្រសួង​ការ​បរ​ទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រាប់​សារព័ត៌មាន BenarNews ថាបើ​យោង​តាមច្បាប់​សមុទ្រ UNCLOS 1982 របស់ អង្គការសហប្រជាជាតិ គឺ​ឥណ្ឌូ​នេ​ស៊ី​ពុំ​មាន​ដែនទឹក​ត្រួតស៊ីគ្នា​ជាមួយនឹង​សាធារណរដ្ឋ​ចិន​នោះ​ទេ ដូ​ច្នេះ​ឥណ្ឌូ​នេ​ស៊ី​មិន​ចាំបាច់​ទទួលយក​សំណើសុំ​ចរចា​របស់​ទីក្រុង​ប៉េកាំង​នោះ​ទេ។យោង​តាម​សេចក្ដីថ្លែង​ការណ៍ កាលពី ខែមករា ឆ្នាំ២០២០ ក្រសួង​ការ​បរ​ទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ក្រុង​ហ្សាកាតា​ពិតជា​គ្មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។បើ​ផ្អែក​តាមច្បាប់​សមុទ្រ​អន្ដរ​ជាតិ​ឆ្នាំ១៩៨២ បាន​បញ្ជាក់​ច្បាស់​ថា​ឥណ្ឌូ​នេ​ស៊ី​មិន​ចាំបាច់​ទទួលយក​សំណើ​ពីទី​ក្រុង​ប៉េកាំង​មក​ពិនិត្យ​នោះ​ទេ។ នេះ​ជា​ការ​បញ្ជាក់​ឡើងវិញ​របស់​លោក​ដា​ម៉ូស។

ប៉ុន្ដែ​នៅក្នុង​លិខិត​ផ្ញើ​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​គឺ​ប្រទេស​ចិន​បាន​អះអាង​ថា​សិទ្ធិ និង​អត្ថ​ប្រយោជន៍​របស់​ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ដែនទឹក​ប្រវត្តិ​សា​ស្រ្ដរ​បស់​ខ្លួន​ស្រប​នឹង​ច្បាប់​អន្ដរ​ជាតិ។ទោះបីជា​ចិន​គ្មាន​ជម្លោះ​ដែនទឹក​នេះ​នឹង​ឥណ្ឌូ​នេ​ស៊ី​ក៏ដោយ​តែ​ក្រុង​ប៉េកាំង​ត្រូវការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ទីណា​ជា​ដែនទឹក​របស់​ចិន ហើយ ទីណា​ជា​ដែន​ទឹ​កឥណ្ឌូ​នេ​ស៊ី។

លិខិត​របស់​ចិន​បាន​បញ្ជាក់​ទៀត​ថា​ចិន​ពិតជា​មានបំណង​ចង់​ដោះស្រាយ​ដែនទឹក​ត្រួតស៊ីគ្នា​តាមរយៈ​ការចរចា​យ៉ាង​ពិតប្រាកដ​ជា​មួយ​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ធ្វើឲ្យ​មាន​ស្ថេរ​ភាព និង​សន្តិភាព ក្នុង​តំបន់ ប៉ុន្ដែ​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ថា​សំណើ របស់​ចិន​សុំ​ចរចា​ទ្វេភាគី គឺ​មិន​អាច​ទៅរួច​ទេ ហើយក៏​គ្មាន​ហេតុផល​ច្បាប់ អន្ដរ​ជាតិ​មក​ចរចា​នឹង​ឥណ្ឌូ​នេ​ស៊ី​នោះ​ដែរ។

អ្នកវិភាគ​ម្នាក់ទៀត​ដែល​ជា​អ្នកស្រាវជ្រាវ​ច្បាប់​សមុទ្រ​អន្ដរ​ជាតិ​នៅ​ឯស​កល​វិទ្យាល័យ Gadjah Mada គឺ​លោក Andi Arsana បាន​ហៅ​សំណើ​ររបស់​ចិន ថា​ជា​សំណើ​គ្មាន​ហេតុផល​ត្រឹមត្រូវ និង​បាន​បង្ក​អោយ​ខ្លួន​រង​ភាព​អាម៉ាស់​ទៅវិញ​ទេ។ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន​បួន​រួចមក​ហើយដែល​កំពុង​មាន​ជម្លោះ​នឹង​ចិន​ក្នុង​នោះ​វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី។ចំពោះ​ប្រទេស ឥណ្ឌូ​នេ​ស៊ី ត្រូវ​បាន​មើលឃើញ​ថា ចិន កំពុង​ទាញ​ប្រទេស​នេះ​ឲ្យ​ចូល​ទៅ​ក្នុង​ជម្លោះ​ដែនទឹក​ដែរ ដែល​នាំ​ឲ្យ​ឥណ្ឌូ​នេ​ស៊ី​ក្លាយជា​ប្រទេស​ទី​ប្រាំ​ក្នុង​សមាគម​អាស៊ាន មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ។

តំបន់​សមុទ្រ​ចិន​ខាងត្បូង​មានផ្ទៃ​ដី៣លាន​គីឡូម៉ែត្រ​ក្រឡា​ការ៉េ។ប្រទេស​មហាយក្ស​ចិន​គឺ​ក្នុងរយៈពេល​ជាង​មួយ​ទសវត្ស​មកនេះ​ត្រូវ​បាន​រាយការណ៍​ថា​បាន​រឹបអូស​យក​កោះ​ជាច្រើន​របស់​ប្រទេសជិតខាង​មក​ធ្វើជា​របស់​ខ្លួន។ នៅ​តំបន់​នោះ ក្រុង​ប៉េកាំង​ក៏បាន​សាងសង់​កោះ​សិប្បនិម្មិត​ចំនួន​ជិត១០កោះ ហើយ​កោះ​ទាំងនោះ​សុទ្ធសឹង​ជា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​ថែមទៀត។មានការ​ព្រមាន​ថាស​មុទ្រ​ចិន​ខាងត្បូង​ពេលនេះ​បាន​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​តានតឹង​ដោយសារតែ​ចិន​ធ្វើសកម្មភាព​យ៉ាង​ខ្លាំង​ខណៈ​ពិភពលោក​កំពុងតែ​ធ្លាក់​ក្នុង​វិបត្តិ​កូ​វីដ​-19។

សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​តែងតែ​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅកាន់​តំបន់​នោះ​ដើម្បី​គម្រាម​ចិន​មិន​ឱ្យ​ត្រួតត្រា​តំបន់​នោះ​បាន​ឡើយ។នាយក​រដ្ឋ​មន្រ្ដី​សិង្ហបុរី​លោក លី ស៊ាន​ឡុង បាន​ធ្វើ​បទ​វិភាគ​មួយ​ដោយ​ដាក់​ចំណងជើង​ថា​ចិន​គ្មាន​ឱកាស​ដើម្បី​ត្រួត​ត្រា​សន្ដិ​សុខ​តំបន់​អាស៊ី​អាគ្នេយ៍​ជំនួស​អាមេរិក​បាន​ឡើយ។ លោក លី ស៊ាន​ឡុង បាន​វិភាគ​ថា​ចិន ទោះបី​ខិតខំ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​តាមរយៈ​ពាណិជ្ជកម្ម ឬពង្រីក​កូនបំណុល នៅ​តំបន់​អាស៊ាន​ច្រើនជាង​អាមេរិក​ក៏ដោយ​ប៉ុន្ដែ​មិន​មានលទ្ធភាព​ដើម្បី​គ្រប់​គ្រង​សន្ដិ​សុខ​នេះ​ដោយ​លើសលុប​បាន​ឡើយ។លោក​បន្ត​ថា ប្រទេស​មួយចំនួន​នៅ​សមាគម​អាស៊ាន​ក៏​មិន​ប្រាកដ​ថា​ទទួលយក​កម្លាំង​សន្ដិ​សុខ​របស់​ចិន​ជំនួស​បាន​ដែរ​លើកលែង​ប្រទេស​មួយ ឬ២ប៉ុណ្ណោះ ដែល​ជា​កូនបំណុល​ពាន់​លា​នដុ​លា្ល​ររបស់​ចិន។

ជា​ការ​កត់សំគាល់​មួយទៀត​នោះ ខណៈ​ប្រទេស​ឥណ្ឌា កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វិដ ធ្ងន់ធ្ងរ គឺ​កងទ័ព​ប្រទេស​ចិន បាន​ជ្រា​តចូល​ព្រំដែន​ឥណ្ឌា នៅ​តំបន់​ជួរភ្នំ ហិម​ម៉ាល័​យ កាលពី​ប៉ុន្មាន​សប្ដាហ៍​មកនេះ ដោយ​កងទ័ព​ឥណ្ឌា​បាន ដេញ​ពួក​គេ​ឲ្យ​ត្រឡប់​ចូល​ព្រំដែន​របស់​ខ្លូន​វិញ​ក្រោយពី​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ាវ។

ប្រទេស​មហាយក្ស​ទាំងពីរ​នេះ សុទ្ធតែ​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា។ សហរដ្ឋអាមេរិក ទោះជា បាន​អំពាវនាវ​អោយ​ភាគី​ទាំង២ អត់ធ្មត់​ក៏ដោយ ប៉ុន្តែ​បាន​ព្រមាន​ចិន​កុំ អោយ​បង្ក​ភាព​តានតឹង នៅពេល​ពិភពលោក​ជួបនឹង​សង្រ្គាម​កូ​វិដ​- ១៩នេះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស