28.4 C
Phnom Penh

កម្ពុជា​សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​នាំ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​និង​មហាមិត្ត​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​លើ “លក្ខខណ្ឌ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​” ។

លើកឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​កសិកម្ម​ក្នុង​ការ​បើក​ទីផ្សារ​ស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការ​នាំ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃ៩មិថុនា​នេះ។លោក​បន្ត​ថា នេះ​ជា​ដំណឹងល្អ​សម្រាប់​ប្រជាកសិករ ម្ចាស់​ចំការ និង​ពាណិជ្ជករ​ដែល​កំពុង​វិនិយោគ​លើ​ដំណាំ​ស្វាយ ហើយដែល​កំពុង​មាន​ក្តី​កង្វល់​ព្រោះ​មាន​ចំការ​ជាច្រើន​មាន​ស្វាយទុំ​ជ្រុះ​ចោល ហើយ​តម្លៃ​ស្វាយ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។លោក​បញ្ជាក់​ថា បើ​តាម​ព័ត៌មាន​ទទួល​បាន គឺ​មាន​អាជីវករ​បាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​ចំនួន២០ លើ​ផ្ទៃដី​ជាង២ម៉ឺន​ហិ​កតា​(២១២៨៦​)។

លោក​សង្ឃឹមថា ក្រោយពី​អគ្គនាយក​ដ្ឋាន​កសិកម្ម​ចុះ​ត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​រួចហើយ គឺ​នឹង​ឈាន​ដល់​ការនាំចេញ​ផលិតផល​ស្វាយ​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​នៅពេល​ឆាប់​នេះ​មិនខាន។ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់ ទៅ​ប្រទេស​ចិន​ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍​នេះ ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សា​ខុន និង​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា​លោក Wang Wentian ។

ក្រោយ​ចុះ​កិច្ច​ព្រមព្រៀង​នេះ កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​មានគុណ​ភាព​ខ្ពស់ ប្រមាណ៥០ម៉ឺន​តោន​ក្នុង១ឆ្នាំ​ៗ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។របាយការណ៍​របស់ក្រ​សួង​កសិកម្ម ឆ្នាំ២០១៩ បាន​បង្ហាញថា ផ្ទៃដី​ដាំដុះ​ដំណាំ​ស្វាយ​មាន​ចំនួន​ជាង១២ម៉ឺន​ហិ​កតា ហើយ​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​មាន​ចំនួន​ជិត១០ម៉ឺន ហិ​កតា។ លោក​ហ៊ុន សែន បន្ថែម​ថា តាមរយៈ​ការ​នាំ​ផ្លែស្វាយ​ចេញទៅ​ប្រទេស​ចិន​នឹង​ផ្តល់​ការងារ និង​ប្រាក់ចំណូល​កាន់តែ​ច្រើន​សម្រាប់​ពលរដ្ឋ ជាពិសេស​នៅក្នុង​ដំណាក់កាល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩។

ជាមួយគ្នា​នេះ លោក​អំពាវនាវ​ដល់​ប្រជាកសិករ​ខ្មែរ និង​ពាណិជ្ជករ​ពង្រឹង​បច្ចេកទេស​ដាំដុះ​អោយ​មានគុណ​ភាព​កាន់តែ​ខ្ពស់ និង​បង្កើត​រោងចក្រ​វេច​ខ្ចប់​អោយ​បាន​ត្រឹមត្រូវ ដើម្បី​អាច​មានលទ្ធភាព​កែ​ឆ្នៃ​ផ្លែស្វាយ និង​ទទួល​បានផល​ប្រយោជន៍​កាន់តែ​ច្រើន​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស