34 C
Phnom Penh

កម្ពុជា​ច្រានចោល​ព័ត៌មាន​ថា​ជនជាតិ​វៀតណាម​ម្នាក់ទៀត​ឆ្លង​ជំងឺ​កូ​វីដ១៩ ពី​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្រសួងសុខាភិបាល បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម មួយ​ឈ្មោះ VN EXPRESS ដែល​ថា មាន​ជនជាតិ​វៀតណាម​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ពី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​ក្រសួងសុខាភិបាល​របស់​គេ​ពិនិត្យ​ឃើញ​កាលពី​ថ្ងៃអាទិត្យ។

ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​អង្គារ៍​នេះ បាន​បដិសេធ​នូវ​ការ​ចុះផ្សាយ​បញ្ហា​នេះ ព្រោះ​វា​ជា​រឿង​មិន​ពិត ដោយ​បញ្ជាក់​ថា កម្ពុជា​មិន​មាន​ករណីនេះ​ទេ ប៉ុន្តែ​ករណី​ជនជាតិ​វៀតណាម​ឆ្លង​ជំងឺ​កូ​វីដ១៩នោះ គឺ​ផ្ទុះ​នៅ​វៀតណាម និង​ឆ្លង​នៅ​វៀតណាម​ខ្លួនឯង​តែប៉ុណ្ណោះ ហើយ​កម្ពុជា​ស្នើ​ឱ្យ​វៀតណាម​បកស្រាយ​ករណីនេះ​ផង​ដែរ។

ការ​ច្រានចោល​នេះ ក្រោយពេល​សារព័ត៌មាន​វៀតណាម​ឈ្មោះ VNEXPRESSបាន​ចុះផ្សាយ​ថា​ជនជាតិ​វៀតណាម​ម្នាក់ អាយុ១៨ឆ្នាំ ជា​អ្នក​ស្រុក​ហុង​ងូ (Hong Ngu​) ខេត្ត​ដុង​ថាប់ (Dong Thap​) បាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ពេល​ធ្វើដំណើរ​ចេញពី​កម្ពុជា ទៅដល់​វៀតណាម កាលពី​ថ្ងៃទី២៥ ខែឧសភា។

កាលពី​ថ្ងៃទី ១៨ ឧសភា ក្រសួងសុខាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​មួយ​ម្តង​រួចមក​ហើយ ដោយ​បាន​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន VNExpress របស់​វៀតណាម​ដដែល​នេះ ដែល​បាន​រាយការណ៍​ថា បុរស​វៀតណាម​វ័យ ៣៩ឆ្នាំ នៅ​ខេត្ត​តាយ​និញ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូ​វីដ១៩ កាលពី​ថ្ងៃទី១៦ ខែឧសភា បន្ទាប់ពី​ត្រឡប់​ពី​ខេត្តសៀមរាប​វិញ។ ក្រៅពី​ច្រានចោល​ការ​ចុះផ្សាយ​នេះ កម្ពុជា​ក៏បាន​ស្នើ​ឱ្យ​ភាគី​វៀតណាម​បកស្រាយ​ទៀតផង។

ក្រោយមក ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ចេញមុខ​អះអាង​ថា វៀតណាម​មិនបាន​បញ្ជាក់​ថា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ម្នាក់​នោះ​ឆ្លង​ពី​កម្ពុជា​នោះ​ឡើយ ហើយ​ករណីនេះ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ។ក្រសួងសុខាភិបាល បាន​ប្រកាស​ថា​គិត​ត្រឹម​ថ្ងៃម្សិលមិញ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ចំនួន១២៦នាក់ ដោយ​ក្នុង​នោះ អ្នកជំងឺ១២៤នាក់ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ខណៈ​អ្នកជំងឺ ២នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស