ក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម មួយឈ្មោះ VN EXPRESS ដែលថា មានជនជាតិវៀតណាមម្នាក់ បានឆ្លងជំងឺកូវីដ១៩ ពីប្រទេសកម្ពុជា ហើយត្រូវបានក្រសួងសុខាភិបាលរបស់គេពិនិត្យឃើញកាលពីថ្ងៃអាទិត្យ។
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃអង្គារ៍នេះ បានបដិសេធនូវការចុះផ្សាយបញ្ហានេះ ព្រោះវាជារឿងមិនពិត ដោយបញ្ជាក់ថា កម្ពុជាមិនមានករណីនេះទេ ប៉ុន្តែករណីជនជាតិវៀតណាមឆ្លងជំងឺកូវីដ១៩នោះ គឺផ្ទុះនៅវៀតណាម និងឆ្លងនៅវៀតណាមខ្លួនឯងតែប៉ុណ្ណោះ ហើយកម្ពុជាស្នើឱ្យវៀតណាមបកស្រាយករណីនេះផងដែរ។
ការច្រានចោលនេះ ក្រោយពេលសារព័ត៌មានវៀតណាមឈ្មោះ VNEXPRESSបានចុះផ្សាយថាជនជាតិវៀតណាមម្នាក់ អាយុ១៨ឆ្នាំ ជាអ្នកស្រុកហុងងូ (Hong Ngu) ខេត្តដុងថាប់ (Dong Thap) បានផ្ទុកជំងឺកូវីដ-១៩ ពេលធ្វើដំណើរចេញពីកម្ពុជា ទៅដល់វៀតណាម កាលពីថ្ងៃទី២៥ ខែឧសភា។
កាលពីថ្ងៃទី ១៨ ឧសភា ក្រសួងសុខាភិបាលកម្ពុជាបានចេញលិខិតមួយម្តងរួចមកហើយ ដោយបានបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មាន VNExpress របស់វៀតណាមដដែលនេះ ដែលបានរាយការណ៍ថា បុរសវៀតណាមវ័យ ៣៩ឆ្នាំ នៅខេត្តតាយនិញម្នាក់ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ កាលពីថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីត្រឡប់ពីខេត្តសៀមរាបវិញ។ ក្រៅពីច្រានចោលការចុះផ្សាយនេះ កម្ពុជាក៏បានស្នើឱ្យភាគីវៀតណាមបកស្រាយទៀតផង។
ក្រោយមក ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានចេញមុខអះអាងថា វៀតណាមមិនបានបញ្ជាក់ថាអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់នោះឆ្លងពីកម្ពុជានោះឡើយ ហើយករណីនេះក៏បានស្ងប់ស្ងាត់ទៅវិញ។ក្រសួងសុខាភិបាល បានប្រកាសថាគិតត្រឹមថ្ងៃម្សិលមិញកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២៦នាក់ ដោយក្នុងនោះ អ្នកជំងឺ១២៤នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ ២នាក់ទៀត កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕