មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោក ហ៊ូ សាគុណ បានអះអាងថាវៀតណាមបានបោះតង់ដោយឯកតោភាគី ចំនួន២៥៦កន្លែង នៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា នាពេលកន្លងមក្នុងតំបន់ដែលមិនទាន់មានឯកភាពគ្នានៅឡើយ។
សារព័ត៌មានស្និទ្ធរដ្ឋាភិបាលFresh News បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោក ហ៊ូ សាគុណ ដែលថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១០ មិថុនាថា ចាប់តាំងពីមានវិបត្តិកូវីដ-១៩មក ភាគីវៀតណាមបានបោះតង់ដោយឯកតោភាគីនៅតាម បណ្តាខេត្តមួយចំនួនជាប់ព្រំប្រទល់កម្ពុជា។លោកបញ្ជាក់ថា តង់ចំនួន២៥៦ទីតាំងដែលវៀតណាមបោះនោះ សុទ្ធតែជាតំបន់មិនទាន់បានឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែននៅឡើយ។ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលកម្ពុជានោះ ទើបភាគី វៀតណាម បានសម្រេចរើចេញ និងដកថយជាច្រើនកន្លែងទៅវិញ។លោកថា ការដែលវៀតណាមបោះតង់នោះ គឺពិបាកនិយាយថាជាតំបន់សនោះណាស់ ពីព្រោះថាវានៅមិនទាន់បានឯកភាពគ្នាក្នុងការវាស់វែងនោះឡើយ។ លោកបន្តថា កន្លងទៅមានសាធារណជនមួយចំនួន បានលើកឡើងថា តំបន់នោះ ជាតំបន់ស តែតាមពិតទៅវាមិនមែនជាតំបន់សឡើយ ប៉ុន្តែវាជាតំបន់ដែលមិនទាន់មានការឯកភាពគ្នាក្នុងការវាសវែងខណ្ឌសីមា និងការបោះបង្គោលព្រំដែនទៅវិញទេ។
យុទ្ធនាការបោះតង់នៅតាមខ្សែរបន្ទាត់ព្រំដែនពីសំណាក់យោធាវៀតណាមនេះកើតឡើងតាំងពីខែមីនា ក្រោមហេតុផលបង្ការ និងការពារមិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩។ការបោះតង់នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម រួមមានក្នុងខេត្តកណ្តាលចំនួន៣១កន្លែង និងជាប់ខេត្តតាកែវចំនួនជិត១០០កន្លែង ហើយក៏មាននៅតាមបណ្តាខេត្តផ្សេងទៀតដែរ។ កន្លងមក ក្រសួងការបរទេសកម្ពុជា និងអាជ្ញាធរខេត្តកណ្តាលជាដើម ធ្លាប់បានផ្ញើលិខិតនិង កំណត់ទូតទៅកាន់ភាគីវៀតណាមឱ្យរុះរើតង់ចេញពីតំបន់ដែលមិនទានឯកភាពគ្នានោះ ប៉ុន្តែភាគីវៀតណាមនៅតែមិនបានអនុវត្តតាម ទោះបីជាស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជាបានអះអាងថា ភាគីវៀតណាមបានរុះរើតង់ដែលបោះនៅខេត្តកណ្តាលចេញអស់តាំងមុនថ្ងៃទី ១៣ ឧសភា ក្តី។
ជាក់ស្តែងកាលពីថ្ងៃទី២ ខែមិថុនា ក្រសួងការបរទេសកម្ពុជាបានចេញលិខិតមួយ ដោយអះអាងថា មន្ត្រីជាន់ខ្ពស់របស់ខ្លួនដែលមានរដ្ឋលេខាធិការក្រសួង គឺអ្នកស្រី អ៊ាត សោភា បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វ៉ូ ក្វាងមិញ (Vu Quang Minh) មកពិភាក្សាគ្នា និងស្នើឱ្យភាគីវៀតណាមរុះរើតង់ទាំងអស់ចេញឱ្យបានឆាប់។លើសពីនេះ កម្ពុជាស្នើបន្តរក្សាស្ថានភាពដើមមិនកែប្រែនៅតំបន់បោះតង់ទាំងនោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ប្រជាជនប្រទេសទាំងពីរ។
អ្នកឃ្លាំមើលកិច្ចការព្រំដែនយល់ឃើញថា ចំណុចនេះបង្ហាញថាអ្វីដែលភាគីវៀតណាមអះអាងថាបានរុះរើតង់ចេញពីតំបន់មិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាលអស់មុនថ្ងៃទី១៣ ខែឧសភា នោះគឺគ្រាន់តែជាការភូតភរបស់វៀតណាមមកលើកម្ពុជា និងជាចេតនានៃការអនុវត្តយុទ្ធសាស្ត្រឈ្លានពានកម្ពុជាតាមតំបន់ព្រំដែនតែប៉ុណ្ណោះ៕