ថ្នាក់ដឹកនាំកម្ពុជានិងឥណ្ឌា បានសម្រេចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងពីរប្រទេស ដែលជាប់ឬខកខានក្នុងការត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនដោយសារជំងឺកូវីដ១៩។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១១ ខែមិថុនានេះ បានឱ្យដឹងថាការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចសន្ទនាតាមខ្សែរទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន និងនាយរដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃម្សិលមិញ។
ក្រសួងការបរទេសបានបន្តថា កិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងបានពិភាក្សាពីទំនាក់ទងទ្វេភាគី និងក្នុងតំបន់។ បន្ថែមពីនេះ សម្រេចសម្រួលការធ្វើដំណើរតាមជើងយន្តហោះរវាងប្រជាជនប្រទេសទាំងពីរ ដើម្បីឱ្យពួកគេបានត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនវិញ បន្ទាប់ពីខកខានដោយសារជំងឺកូវីដ១៩។
ប្រភពដដែលបន្តថា យន្តហោះមួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ ពីឥណ្ឌាមកកម្ពុជាវិញនៅថ្ងៃទី១២មិថុនា ហើយពលរដ្ឋឥណ្ឌា ដែលមានចំនួនសរុបជិត៣០០នាក់(២៨០) នឹងត្រឡប់ទៅស្រុកកំណើតវិញតាមជើងយន្តហោះពីរជើង ដោយជើងហោះហើរទី១នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀតនៅថ្ងៃទី ១៩ខែមិថុនា។
ជំងឺកូវីដ១៩ បានធ្វើឱ្យប្រជាជនកម្ពុជាត្រូវជាប់ឬ ខកខាននៅក្រៅប្រទេសជាច្រើនរយនាក់ ពិសេសបញ្ហាពលរដ្ឋខ្មែរដែលកំពុងជាប់នៅប្រទេសម៉ាឡេស៊ី ប្រមាណ១៥០នាក់ ហើយមានពលរដ្ឋមួយចំនួនកំពុងជួបបញ្ហាប្រឈមជាច្រើន។ការខកខានរបស់ពលរដ្ឋខ្មែរនៅម៉ាឡេស៊ីនោះ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាឱ្យផ្អាកជើងហោះហើរពីម៉ាឡេស៊ីមកកម្ពុជា ក្រោមហេតុផលដើម្បីបង្ការជំងឺកូវីដ១៩មិនឱ្យឆ្លងបន្ថែមទៀតនៅកម្ពុជា។
យ៉ាងនេះក្តី កាលពីថ្ងៃទី ៩មិថុនា ស្ថានទូតកម្ពុជាប្រចាំទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានអះអាងថាក្រុមការងាររបស់ខ្លួនកំពុងធ្វើការជាមួយ Malaysian Airlines ដើម្បីរៀបចំជើងហោះហើរសំរាប់អ្នកខកដំណើរកាលពីថ្ងៃទី៧ ខែមេសា កន្លងទៅចំនួន១៤៣នាក់ ឱ្យបានត្រឡប់មកកម្ពុជាវិញ។
ស្ថានទូតដដែលអះអាងថា ប្រសិនបើមានអ្នកដំណើរគ្រប់ចំនួនក្រុមហ៊ុនអាកាសចរណ៍ឬ Airlines អាចហោះបាននៅថ្ងៃទី១៦ សប្តាហ៏ក្រោយ។ក្រៅពីពលរដ្ឋដែលខកខានកាលពីដើមខែមេសា ប្រមាណ១៥០នាក់នេះ ក៏នៅមានពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីដែលជាពលករចុះទូកនេសាទ និងពលរដ្ឋដែលអាជ្ញាធរម៉ាឡេស៊ីទើបនឹងដោះលែងពីពន្ធនាការជាង២រយនាក់ទៀត ក៏កំពុងរង់ចាំការជួយពីរដ្ឋាភិបាលដើម្បីបានវិលត្រឡប់មកកាន់កម្ពុជាវិញផងដែរ៕