ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុខ ច័ន្ទសុជាតិ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឬហៅថា ACU កោះហៅឱ្យចូលខ្លួនបំភ្លឺករណីអំពើពុករលួយជាប្រព័ន្ធជុំវិញបទល្មើសព្រៃឈើក្នុងខេត្តនេះ។
ក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ប្រធានស្តីទីមន្ទីរ បរិស្ថានខេត្តព្រះវិហារលោក សុខ ច័ន្ទសុជាតិ ត្រូវបានរកឃើញថាពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធក្នុងវិស័យបទល្មើសព្រៃឈើ រវាងមន្ត្រីក្រោមបង្គាប់របស់លោកផង និងបើកដៃឱ្យឈ្មួញកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ផងដែរ។កាលពីថ្ងៃទី២៨ ខែមេសា ACU ទទួលបានបណ្តឹងមួយ ដោយចោទប្រកាន់ថា មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សោម រដ្ឋា និងសហគមន៍ព្រៃឈើ បានឃុបឃិតគ្នាជាប្រព័ន្ធជាមួយឈ្មួញឈើខុសច្បាប់ និងអ្នកឈូសឆាយដីព្រៃខុសច្បាប់ទៀតផង។
ប្រភពដដែល បញ្ជាក់ថា មន្ត្រីបរិស្ថានខេត្តព្រះវិហារលោក សោម រដ្ឋា និងសហគមន៍ព្រៃឈើបានឃុបឃិតគ្នាជាប្រព័ន្ធ ទារប្រាក់ពីឈ្មួញដឹកឈើចេញពីព្រៃឡង់ ដោយក្នុងមួយគោយន្តត្រូវបង់ថ្លៃឱ្យពួកគេពី ៨ម៉ឺនរៀល ដល់ ១០ម៉ឺនរៀល។លើសពីនេះ ពួកគេបានសហការគ្នាយ៉ាងល្អជាមួយឈ្មួញឈើធំម្នាក់ឈ្មោះ ឡេង ដែលរស់នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ដើម្បីនាំឈើទៅលក់ឱ្យឈ្មួញរូបនេះ។លិខិតរបស់ ACU បន្ថែមថា ប្រសិបើគោយន្តណាមិនមែនជាអ្នកដឹកឈើលក់ឱ្យឈ្មួញឈើឈ្មោះ ឡេង នោះទេ គឺមន្ត្រីបរិស្ថានចាប់យកឬមិនឱ្យដឹកចេញពីភូមិឡើយ ដោយទារឱ្យបង់ផាកពិន័យ១លានរៀល ទោះបីជាគោយន្តដឹកឈើនោះ បានបង់ប្រាក់ជូនមន្ត្រីពេលចេញពីព្រៃរួចហើយក៏ដោយ។
ជាងនេះទៀត មានបុគ្គលឈ្មោះ ឡេង និងឈ្មោះ ឌី កំពុងត្រូវរ៉ូវគ្នា ដោយបើកដៃឱ្យក្រុមគោយន្តចូលទន្ទ្រានបំផ្លិចបំផ្លាញព្រៃឡង់ដោយសេរី ហើយគោយន្តទាំងនោះ បានចូលទៅអារឈើក្នុងមួយថ្ងៃពី ៣ ទៅ ៤ជើង ហើយឈើដែលកាប់ចេញពីព្រៃឡង់ គឺមានក្លោងឈ្មោះ ឌី ឈ្មោះ រឿន ឈ្មោះ ម៉េត និងឈ្មោះ យាយ លែន ជាអ្នកដើរប្រមូលទិញឈើពីអ្នកស្រុកដែលចុះទៅអារឈើក្នុងព្រៃជុំវិញភូមិទ្រា និងភូមិពើក ដោយពួកគេបានសហការជាមួយមន្ត្រីបរិស្ថាន សហគមន៍ព្រៃឈើ និងមន្ត្រីប៉ុសិ៍្តនគរបាលនៅឃុំទ្រាទៀតផង។
ACU លើកឡើងទៀតថា ពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ក៏មានបុគ្គលឈ្មោះ ឆាយ គឹមហូវ ដែលមានប្តីជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើ មានឡានសាំយ៉ុងចំនួន ២គ្រឿង និងឡានធំប្រភេទកង់១០ ចំនួន ២គ្រឿងទៀត កំពុងប្រតិបត្តិការជួញដូរឈើខុសច្បាប់នៅក្នុងតំបន់ព្រៃឡង់ផងដែរ។នេះមិនមែនជារឿងថ្មីទេ សម្រាប់បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ និងនៅតំបន់ព្រៃសហគមន៍ផ្សេងទៀត ត្រូវបានសកម្មជនព្រៃឈើធ្លាប់រាយការណ៍ថាបានកើតឡើងជាប្រព័ន្ធ ពោលគឺមានការឃុបឃិតគ្នាតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ និងអាជ្ញាធរជាដើម។
បញ្ហាអំពើពុករលួយជាប្រព័ន្ធនេះ ក្រុមអ្នកស្រលាញ់បរិស្ថានយល់ឃើញថាជាមូលហេតុចម្បងដែលធ្វើព្រៃឈើនៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀតឈានទៅរកក្តីវិនាស។ព្រៃឡង់មានផ្ទៃដីជាង៤៣ម៉ឺនហិកតា គ្របដណ្តប់ទៅលើខេត្តចំនួន៤រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
កាលពីខែឧសភា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលសម្រេចជាផ្លូវការដាក់តំបន់នេះជាតំបន់អភិរក្សសត្វព្រៃ «ព្រៃឡង់» ហើយប្រគល់ភារកិច្ចនេះទៅក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។រយៈពេលប្រមាណ៤ឆ្នាំក្រោយការដាក់តំបន់នេះចូលជាតំបន់អភិរក្សបទល្មើសព្រៃឈើ សត្វព្រៃ ការរានដីធ្វើចម្ការនៅតែបន្តកើតមានឥតស្រាកស្រាន្តដែលធ្វើឱ្យព្រៃឈើតំបន់ជម្រកសត្វព្រៃនេះកាន់តែវិនាស ខណៈវិធានការរបស់មន្ត្រីរដ្ឋាភិបាលចំពោះសកម្មភាពចូលរួមការពារព្រៃឈើតំបន់ព្រៃឡង់ទៅលើក្រុមសហគមន៍ និងអង្គការសង្គមស៊ីវិលកាន់តែរិតត្បិតខ្លាំង។
យោងតាមអង្គការឃ្លាំមើលព្រៃឈើពិភពលោក និងទិន្នន័យពីសាកលវិទ្យាល័យម៉ារីលែន កាលពីពេលថ្មីៗនេះ បានបង្ហាញរូបភាពផ្កាយរណបថ្មីស្តីពីវិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងប្រទេសកម្ពុជា ដោយគម្រប់ព្រៃឈើតំបន់ព្រៃឡង់ជាង ២៤៤ ហិកតាត្រូវបានគេកាប់បំផ្លាញនៅតំបន់ព្រៃឡង់ក្នុងកំឡុង ខែមករាឆ្នាំ២០២០។ប្រភពដដែល ឱ្យដឹងថារូបភាពពីផ្កាយរណបនោះបង្ហាញពីតំបន់ដែលទំនងជាធ្លាប់មានការបាត់បង់គម្រប់ព្រៃឈើតំបន់ព្រៃឡង់នាពេលថ្មីៗនេះ ប្រហែលជា ៣ពាន់ ២៦១ កន្លែង ដែលបានកើតឡើងក្នុងរយៈពេល ៤ សប្តាហ៍ដំបូងតែប៉ុណ្ណះនៅឆ្នាំ ២០២០៕