32 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​យាយី និង​បន្ត​ចាប់ខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ចំនួន៣០ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​បង្ហាញ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ ពិសេស​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា ដោយ​ពួក​គេ​ស្នើ​ឱ្យ​បញ្ឈប់​ការ​យាយី ការ​ចាប់ខ្លួន​អតីត​បក្ស​ប្រឆាំង​និង​ពលរដ្ឋ​ផ្សេងទៀត​ដែល​គ្រាន់តែ​ពួក​គេ​សម្តែង​មតិ​ដោយសន្តិវិធី។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍​ចំនួន៣០កាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា​ក្នុងរយៈពេល​ចុងក្រោយ​នេះ​មានការ​បន្ត​ចាប់ និង​ឃុំខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ជាបន្តបន្ទាប់ ដោយ​ការចោទប្រកាន់​ពី​បទ រួមគំនិតក្បត់ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍ និង បទ​ញុះញង់​ឱ្យ​យោធា​មិន​ស្តាប់​បង្គាប់។

អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ហៅ​ការចោទប្រកាន់​ទាំងនេះ​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើនយោបាយ​របស់​ប្រជាពលរដ្ឋ ដែល​ទទួលស្គាល់​ដោយ​រដ្ឋធម្មនុញ្ញ កម្ពុជា សេចក្តី​ប្រកាស​ជាស​កល​ស្តី​ពី សិទ្ធិមនុស្ស និង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ប្រទេស​កម្ពុជា ជារ​ដ្ឋ​ហត្ថលេខី​ផង​ដែរ។

ការ​លើក​ឡើ​ងនេះន្ទាប់​ពី​មាន​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​យ៉ាងហោចណាស់៤នាក់​ដោយ​គិត​ត្រឹម​ចុងខែ​ឧសភា​មក​ប៉ុណ្ណោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ពួក​គេ ក្នុង​សំណុំរឿង​ចាស់​ដែល​កើតឡើង​កាលពី​ឆ្នាំ២០១៨ និង២០១៩។ការ​ចាប់ខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជាបន្តបន្ទាប់​នេះ ក៏​ស្របគ្នា​នឹង​សារ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី ១មិថុនា ពី​ខេត្ត​ព្រះសីហនុ ដោយ​ថា លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ដងខ្លួន​គណបក្ស​សង្រ្គោះ​ជាតិ​ឱ្យ​ខ្ទេច​បន្ថែម​ទៀត ប្រសិនបើ​ពួក​គេ​ហ៊ាន​យក​ឱ្យ​កាស​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដើម្បី​ផ្តួល​រលំ​លោក។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា៣៥ ចែងថា “ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេសជាតិ។ រី​ឯមាត្រា៤១ ចែងថា “ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ក្នុង​កា​របោះ​ពុម្ភ​ផ្សាយ សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ឬ ជួប​ប្រជុំ​ជាដើម។

ដោយឡែក​មាត្រា ៥១ថ្មី​បាន​ចែងថា “ប្រជាពលរដ្ឋ គឺជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន ហើយ​អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ក្រុម​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ដើម្បី​ឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​លូតលាស់ និង​សុខ​សន្តិភាព​ពិតប្រាកដ​ទៅ​បាន គឺ​ទាល់តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​បាន​ដោយសេរី និង​ពេញលេញ។​

ពួក​គេ​មើលឃើញ​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល កំពុង​ប្រឈម​ដោយសារ​ជំងឺ​កូ​វិដ១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ចរន្ត​សេដ្ឋកិច្ច សង្គមកិច្ច ទីផ្សារ​ការងារ​និង ភាព​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។ហេតុដូច្នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍ ស្នើ​ដល់​អាជ្ញាធរ រដ្ឋាភិបាល តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​ការ​យាយី និង​បន្ត​ចាប់ខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​គ្រាន់តែ​ពួក​គេ​សម្តែង មតិ​ដោយសន្តិវិធី និង​ស្របតាម​គោលការណ៍​ច្បាប់។ក្រុម​សង្គម​ស៊ីវិល​យល់ឃើញ​ថា​ការ​បន្ត​ចាប់ និង​ឃុំខ្លួន​សកម្មជន​ទាំងនោះ មិនមែន​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ទេ ផ្ទុយទៅវិញ រឹតតែ​ធ្វើ​ឱ្យ​ប្រទេសជាតិ​ជួប​នូវ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រមទាំង​ធ្វើ​ឱ្យ​សង្គមជាតិ​ទាំងមូល បែកបាក់​កាន់តែ​ខ្លាំង​ឡើង​ៗ ទៅវិញ។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ក៏បាន​ស្នើ​ដល់​អ្នកនយោបាយ ទាំង​គណបក្ស​កាន់អំណាច ទាំង​គណបក្ស​ប្រឆាំង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រឡប់​មករ​កការចរចា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​រួមគ្នា ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ជាធំ។លើស​ពីនេះ ត្រូវ​គោរព​សិទ្ធិពល​រដ្ឋ សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​សកម្ម និង​ធ្វើការ​ដោះលែង​អ្នកជាប់ឃុំ​ដោយ​រឿង​នយោបាយ និង​អ្នកទោស​មនសិការ​ជាដើម​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស