អង្គការសង្គមស៊ីវិលចំនួន៣០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការចាប់ខ្លួនសកម្មជននយោបាយ ពិសេសអតីតសមាជិកគណបក្សសង្គ្រោះជាតិនៅកម្ពុជា ដោយពួកគេស្នើឱ្យបញ្ឈប់ការយាយី ការចាប់ខ្លួនអតីតបក្សប្រឆាំងនិងពលរដ្ឋផ្សេងទៀតដែលគ្រាន់តែពួកគេសម្តែងមតិដោយសន្តិវិធី។
ក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ចំនួន៣០កាលពីថ្ងៃម្សិលមិញ បានលើកឡើងថាក្នុងរយៈពេលចុងក្រោយនេះមានការបន្តចាប់ និងឃុំខ្លួនអតីតសមាជិកគណបក្សប្រឆាំងជាបន្តបន្ទាប់ ដោយការចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និង បទញុះញង់ឱ្យយោធាមិនស្តាប់បង្គាប់។
អង្គការសង្គមស៊ីវិលទាំងនេះ ហៅការចោទប្រកាន់ទាំងនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយរបស់ប្រជាពលរដ្ឋ ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ កម្ពុជា សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជា ជារដ្ឋហត្ថលេខីផងដែរ។
ការលើកឡើងនេះន្ទាប់ពីមានអតីតសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តយ៉ាងហោចណាស់៤នាក់ដោយគិតត្រឹមចុងខែឧសភាមកប៉ុណ្ណោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួនពួកគេ ក្នុងសំណុំរឿងចាស់ដែលកើតឡើងកាលពីឆ្នាំ២០១៨ និង២០១៩។ការចាប់ខ្លួនអតីតមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់នេះ ក៏ស្របគ្នានឹងសារព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី ១មិថុនា ពីខេត្តព្រះសីហនុ ដោយថា លោកនឹងប្រើយុទ្ធសាស្ត្រកាត់ក្បាលបំបែកដងខ្លួនគណបក្សសង្រ្គោះជាតិឱ្យខ្ទេចបន្ថែមទៀត ប្រសិនបើពួកគេហ៊ានយកឱ្យកាសនៃវិបត្តិជំងឺកូវីដ១៩ ដើម្បីផ្តួលរលំលោក។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣៥ ចែងថា “ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ រីឯមាត្រា៤១ ចែងថា “ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពក្នុងការបោះពុម្ភផ្សាយ សេរីភាពក្នុងការប្រមូលផ្តុំឬ ជួបប្រជុំជាដើម។
ដោយឡែកមាត្រា ៥១ថ្មីបានចែងថា “ប្រជាពលរដ្ឋ គឺជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ហើយអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើនលូតលាស់ និងសុខសន្តិភាពពិតប្រាកដទៅបាន គឺទាល់តែប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយបានដោយសេរី និងពេញលេញ។
ពួកគេមើលឃើញថា ក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងប្រឈមដោយសារជំងឺកូវិដ១៩ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ចរន្តសេដ្ឋកិច្ច សង្គមកិច្ច ទីផ្សារការងារនិង ភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ។ហេតុដូច្នេះ ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ស្នើដល់អាជ្ញាធរ រដ្ឋាភិបាល តុលាការ និងស្ថាប័នពាក់ព័ន្ធបញ្ឈប់ការយាយី និងបន្តចាប់ខ្លួនអតីតសមាជិកគណបក្សប្រឆាំង ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលគ្រាន់តែពួកគេសម្តែង មតិដោយសន្តិវិធី និងស្របតាមគោលការណ៍ច្បាប់។ក្រុមសង្គមស៊ីវិលយល់ឃើញថាការបន្តចាប់ និងឃុំខ្លួនសកម្មជនទាំងនោះ មិនមែនជាជម្រើសដ៏ល្អក្នុងការដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យប្រទេសជាតិជួបនូវវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ព្រមទាំងធ្វើឱ្យសង្គមជាតិទាំងមូល បែកបាក់កាន់តែខ្លាំងឡើងៗ ទៅវិញ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលក៏បានស្នើដល់អ្នកនយោបាយ ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង និងភាគីពាក់ព័ន្ធទាំងអស់ ត្រឡប់មករកការចរចា ដើម្បីរកដំណោះស្រាយនយោបាយរួមគ្នា ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងគោរពតាមរដ្ឋធម្មនុញ្ញ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិជាធំ។លើសពីនេះ ត្រូវគោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋសកម្ម និងធ្វើការដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ និងអ្នកទោសមនសិការជាដើម៕