ចលនានិស្សិតដើម្បីលទ្ធិប្រជាធិតេយ្យហៅកាត់ជាភាសាអង់គ្លេសថាSMD បានស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវលើកយកបញ្ហាជម្លោះព្រំដែនជាមួយវៀតណាមពេលនេះ ប្តឹងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។
លើសពីនេះ ក៏ត្រូវលើកយកករណីមួយចំនួនទៀត ដូចជាចង្កោមកោះត្រល់ជាដើម ប្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិតែម្តងដោយមិនត្រូវពន្យាពេលយូរតទៅទៀតនោះឡើយ។ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិតេយ្យយល់ឃើញថា កាបោះតង់របស់យោធាវៀតណាម កើនឡើងចំនួន ២៥៦ នៅតាមព្រំកម្ពុជា គឺជាការរំលោភឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីខ្មែរ ព្រមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថេរភាព និងសន្តិភាពក្នុងតំបន់អាស៊ានទៀតផង។
SMD ក្រៅពីទាមទារឱ្យអាជ្ញាធរខ្មែរបន្តធ្វើយ៉ាងណាជំរុញឱ្យ ទាហានវៀតណាម ត្រូវរុះរើជំរុំ និងតង់ទាំងអស់ចេញពីព្រំដែនកម្ពុជា។ចលនានិស្សិតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ ទាមទារដ្ឋាភិបាលលោកហ៊ុន សែន ត្រូវពិចារណាឡើងវិញ ក្នុងការជំរុញការដាក់«មោឃភាព» នូវកិច្ចព្រមព្រៀង និងសន្ធិសញ្ញាមិនស្មើភាពគ្នា រវាងកម្ពុជា-វៀតណាមកាលពីពេលកន្លងមកទាំងអស់ផងដែរ។
ជាពិសេសសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ រួមទាំងសេចក្តីប្រកាសរួម ឆ្នាំ១៩៩៥ និងឯកសារខុសច្បាប់ក្នុងទសវត្សរ៍ទី៨០ ដើម្បីឲ្យស្របនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ និងមាត្រា៥៥។
សេចក្តីថ្លែងការណ៍របស់ SMD នេះ ធ្វើឡើងក្រោយពេល ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែនកម្ពុជា លោក ហ៊ូ សាគុណ កាលពីថ្ងៃទី១០ ខែមិថុនា បានអះអាងថា យោធាវៀតណាម ចូលមកបោះតង់ នៅតាមបណ្តោយព្រំដែនកម្ពុជា ដោយឯកតោភាគីចំនួន ២៥៦ កន្លែង នៅក្នុងតំបន់មិនទាន់ឯកភាពគ្នា ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង។
SMD លើកឡើងថា សកម្មភាពបោះតង់របស់យោធាវៀតណាម នៅតាមបណ្តាយព្រំដែនកម្ពុជា គឺជាការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោលដល់កម្ពុជា ព្រមទាំងបង្កការភ័យខ្លាចដល់ពលរដ្ឋខ្មែរ រស់នៅបណ្តោយព្រំដែន។សកម្មភាពទាំងនេះ រំលោភយ៉ាងធ្ងន់ធ្ងរ លើមាត្រា១ ចំណុច ២.គ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលចែងថា ជៀសវាងការជ្រៀតជ្រែករបស់រដ្ឋដទៃៗទៀត ដោយផ្ទាល់ ឬដោយប្រយោល ទោះតាមរូបភាពណាក៏ដោយ។
ប្រធានក្រុមប្រឹក្សាភិបាលរបស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ំ សំអាន សរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីប៉ុន្មានម៉ោងមុននេះថា កងទ័ពវៀតណាមបានបោះតង់រហូតដល់ទៅ ២៥៦ កន្លែង រំលោភចូលដីខ្មែរ ហើយលោក ហ៊ុន សែន ទើបតែនឹងដឹង និងមិនបានលើកទ័ពទៅការពារព្រំដែនដើម្បីជំរុញឲ្យកងទ័ពវៀតណាមដកតង់ទៅវិញ ដូចការហ៊ានប្រឈមមុខជាឡាវ និងថៃនោះទេ ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន នៅជំពាក់គុណ វៀតណាមជ្រៅពេក។
ប្រធានក្រុមប្រឹក្សាភិបាលរបស់ចលនានិស្សិតដែលទើបត្រូវបានក្រុមនិស្សិតបោះឆ្នោតជ្រើសរើសរូបនេះបញ្ជាក់ថា យុទ្ធសាស្រ្តរបស់វៀតណាមគឺដណ្តើមកាន់កាន់ទឹកដីខ្មែរតាមព្រំដែនអោយបានច្រើន រួចទើបធ្វើការចរចាព្រំដែនជាក្រោយ។
លោកបន្តថា តំបន់ខ្លះ នៅពេលដែលវៀតណាមដណ្តើមកាន់កាប់ដីខ្មែរបានប៉ុណ្ណា គឺកំណត់ព្រំដែនត្រឹមណោះ ហើយតំបន់ខ្លះវៀតណាម អោយដីមកខ្មែរខ្លះវិញ និងតំបន់ខ្លះវៀតណាមអោយមកខ្មែរវិញដោយយកដីខ្មែរនៅតំបន់ផ្សេងដូរអោយទៅពួគេវិញ មានន័យថា យកដីខ្មែរដូរនឹងដីខ្មែ។ លោកបន្តថា ប្រធានគណកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មិនបានចុះទៅពិនិត្យមើលតង់ទាំងនោះទេ ដោយចាំមើលតែរបាយការណ៏ថ្នាក់ក្រោមតែប៉ុណ្ណោះ៕