26 C
Phnom Penh

លោក ហ៊ុន សែន ជំរុញ​ពលរដ្ឋ​រៀន​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឱ្យ​បាន​កាន់តែ​ច្រើន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ​និង​ធានា​ថា កម្លាំង​ពលកម្ម​របស់​ពលរដ្ឋ​ដែល​អាច​ចាប់​យក​ឱកាស​ការងារ និង​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​ស្ទុះ​ងើបឡើង​វិញ​បាន​យ៉ាង​រហ័ស​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ១៩ ព្រមទាំង​ធានា​ថា កង្វះ​ជំនាញ​នឹង​មិន​ក្លាយជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ការសម្រេច​បាន​នូវ​កំណើន​ខ្ពស់ និង​អនាគត ភ្លឺស្វាង​ក្នុងរយៈពេល​មធ្យម និង​វែង​ខាងមុខនេះ​ឡើយ។

សារ​ជំរុញ​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ ធ្វើឡើង​នា​ឱកាស​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី៣ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៥ ខែមិថុនា​នេះ។លិខិត​របស់​លោក ហ៊ុន សែន បន្ត​ជំរុញ​លើកទឹកចិត្ត​និង​បង្កើន​ការ​ចុះឈ្មោះ​កូនចៅ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បី​មានចំណេះ​ដឹង និង​ជំនាញ​ច្បាស់លាស់ ហើយ​មាន​ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ។លោក​ថា​ទាំងនេះ ជា​កត្តា​កំណត់ ភាព​ប្រកួតប្រជែង​សម្រាប់​ចាប់​យក​ឱកាស​ការងារ​ល្អ​ក្នុង​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ដែល​នាំ​ឱ្យ​គ្រួសារ​មាន ប្រាក់ចំណូល​និង​ជីវភាព​កើនឡើង និង​រួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សង្គម​មានការ​អភិវឌ្ឍ។

ជាមួយគ្នា​នេះ​ប្រមុខ​រដ្ឋាភិបាល​ស្នើ​ឱ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពី​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់​ដឹង អំពី​សារៈសំខាន់​លើ​វិស័យ​នេះ ក្នុងចំណោម​សាធារណជន។

របាយការណ៍​របស់ក្រ​សួង​ការងារ កាលពី​ឆ្នាំមុន​បានឱ្យ​ដឹង​ថា ចំនួន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស​មាន​ជាង១លាន២សែន​នាក់ ហើយ​ប្រទេស​ថៃ​មាន​ចំនួន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ច្រើនជាង​គេ ប៉ុន្តែ​សង្គម​ស៊ីវិល​ធ្លាប់​លើកឡើង​ថា ចំនួនពិត​ប្រាកដ​អាច​មាន​ច្រើនជាង​នេះ។សង្គម​ស៊ីវិល​នៅតែ​លើកឡើង​ថា នៅ​កម្ពុជា​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ ដោយ​កម្មករ​ភាគច្រើន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​សុទ្ធតែ​ជា​កម្មករ​ប្រើ​កម្លាំងបាយ ដែល​ធ្វើ​ឱ្យ​ការ​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​របស់​ពួក​គាត់​បាន​កំរិត​ទាប។

បន្ថែម​ពីនេះ នៅក្នុង​ប្រទេស​វិញ រដ្ឋាភិបាល​ក៏​មិនទាន់​បង្កើត​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬជំនាញ​ជូន​ដល់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ​ទេ ដោយ​ភាគច្រើន​សាលា​វិជ្ជាជីវៈ​ទាំងនោះ​ជា​របស់​អង្គការ​សង្គម​ស៊ីវិល ឬក្រោម​ជំនួយបរទេស និង​របស់​ឯកជន​ជាដើម​៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស