31 C
Phnom Penh

អតីតមន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្តកំពត អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​ដល់​ពួក​គាត់ ដើម្បី​ធានា​បាន​នូវ​ស្មារតី​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្តកំពត មួយ​រូប​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទចោទប្រកាន់ លើ​អ្នកស្រី និង​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​ដទៃទៀត ដោយសារ​ពួក​គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​អ្វី​នោះ​ឡើយ។

អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​អ្នកស្រី ប៉ែន មុំ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ឆ្នាំ២០១៩ ប៉ុន្តែ​អ្នកស្រី​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដូចជា​តម្រូវ​ឱ្យ​អ្នកស្រី​ទៅ​ជួប​មន្ត្រី​នគរបាល​ប៉ុស្តិ៍១ខែ​ម្តង មិន​អាច​ចេញទៅ​ក្រៅប្រទេស​បាន មិន​អាច​ប្តូរ​ទីលំនៅ​បាន និង​មិន​អាច​ធ្វើសកម្មភាព​ប្រមូល​ផ្តុំ ធ្វើបាតុកម្ម ឬការ​តវ៉ា​ណាមួយ​ដែល​ខុសច្បាប់​ជាដើម។ អ្នកស្រី ប៉ែន មុំ ត្រូវ​បាន​តុលាការខេត្ត​កំពត​ចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​ជាតិ។

យ៉ាងនេះ​ក្តី តាមរយៈ​វីដេអូ​ឃ្លី​បមួយ អ្នកស្រី ប៉ែន មុំ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​លោក​ហ៊ុន សែន និង​តុលាការ មេត្តា​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​មក​លើ​អ្នកស្រី។ ជាង​នេះ​ទៅទៀត​អ្នកស្រី​ហៅ​ការចោទប្រកាន់​មក​លើ​គាត់​ថា ជា​រឿង​អយុត្តិធម៌ ដោយសារ​អ្នកស្រី​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​អ្វី​នោះ​ឡើយ។

បន្ថែម​ពីនេះ អ្នកស្រី​ក៏​ស្នើ​ទៅ​តុលាការ​ទម្លាក់​ចោទ​សំណុំរឿង​លើ​អ្នកជាប់ឃុំ​នយោបាយ​ផ្សេងទៀត ដើម្បី​ឱ្យ​ពួក​គេ​មាន​សេរីភាព​រស់នៅ​ជួបជុំ​គ្រួសារ​ប្រកបមុខរបរ​ដោយ​គ្មាន​ការភ័យខ្លាច និង​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ ដូច​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​លើកឡើង។

ទោះបីជា​យ៉ាងនេះ​ក្តី​កាលពី​ថ្ងៃទី១ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​សារ​ជាថ្មី​ទៀត ក្នុង​ការប្រើ​ប្រាស់​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ដងខ្លួន​គណបក្ស​សង្រ្គោះ​ជាតិ​បន្ថែម​ទៀត ពិសេស​នឹង​តាម​កម្ទេច​អ្នក​នៅក្នុង​ស្រុក ដែល​ហ៊ាន​បង្កចលាចល​ក្រោម​លេស​ជំងឺ​កូ​វីដ១៩ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

ស្របគ្នា​នឹង​សារ​ព្រមាន​នេះ​យ៉ាងហោចណាស់​មាន​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​គណបក្ស​សង្រ្គោះ​ជាតិ៤ រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់ ហើយ​តុលាការ​សម្រេច​ឃុំខ្លួន​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស បទ​រួមគំនិតក្បត់ និង​ញុះញង់​កុំឱ្យ​យោធា​ស្តាប់​បង្កាប់​ជាដើម ខណៈ​សំណុំរឿង​ទាំងនោះ​ជា​សំណុំរឿង​ចាស់​ដែល​កើតឡើង​តាំងពី​ឆ្នាំ២០១៨ និង២០១៩។

ក្រុម​អ្នកឃ្លាំមើល​សង្គម​បាន​ចាត់ទុក​សារ​ព្រមាន​កម្ទេច​បក្ស​ប្រឆាំង​ពីសំណាក់​លោក​ហ៊ុន សែន នោះ​ថា​នឹង​មិន​ផ្តល់​ប្រយោជន៍អ្វី​ដល់​ប្រជាជន និង​ប្រទេសជាតិ​នោះ​ឡើយ ប៉ុន្តែ​ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ពី​រូបភាព​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង​តែប៉ុណ្ណោះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស