32 C
Phnom Penh

តំណែង​ទីប្រឹក្សា និង​ជំនួយការ​នៅ​តាម​ក្រសួង​ចំនួន៤ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​បញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រមុខ​រដ្ឋាភិបាល បានសម្រេច​បញ្ចប់​មុខតំណែង​ទាំងអស់​របស់​ទីប្រឹក្សា និង​ជំនួយការ ដែល​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​ក្រសួង​ចំនួន ៤ផ្សេងគ្នា។ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ថ្ងៃទី១០ ខែមិថុនា ដែល The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ៍​នេះ បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​បានសម្រេច​បញ្ចប់​មុខតំណែង​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែល​មាន​ឋានៈ​ស្មើ អម​ថ្នាក់ដឹកនាំ​អម​ក្រសួង ចំនួន៤ រួមមាន​នៅ​ក្រសួង​យុត្តិធម៌ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួងធម្មការ និងសាសនា ក្រសួង​មុខងារ​សាធារណៈ ដែល​បាន​តែងតាំង​ដោយ​អនុក្រឹត្យ​មុន​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ក្នុង​អនុក្រឹត្យ​ដដែល​មិនបាន​បញ្ជាក់​មូលហេតុ​នៃ​ការ​បញ្ចប់​តំណែង​ទីប្រឹក្សា និង​ជំនួយការ​នេះនោះ​ឡើយ ប៉ុន្តែ​ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា​នេះ​ប្រហែលជា​វិធានការ​ដើម្បី​ទប់ទល់​សេដ្ឋកិច្ច​ជាតិ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩។យ៉ាងនេះ​ក្តី ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​កាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​ប្រមាណ​ពាក់កណ្តាល​ចាប់ពី​ឆ្នាំ២០២០ ដល់​ឆ្នាំ២០២៣។ការកាត់បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​ដែល​រដ្ឋាភិបាល​សម្រេច​គ្រោង​នឹង​ចំណាយ​នៅ​ឆ្នាំ២០២០ប្រមាណ៨ពាន់​លាន​ដុល្លារ មក​នៅ​ប្រមាណ​ពាក់កណ្តាល​វិញ ពោល​គឺ​មក​នៅ​ត្រឹម​ជិត៤ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ តាមរយៈ​លិខិត​មួយ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន កាលពី​ថ្ងៃទី៩មិថុនា ។

ធនាគារពិភពលោក កាលពី​ខែឧសភា បាន​ចេញ​របាយការណ៍​មួយ ដោយ​បង្ហាញថា វិស័យ​សំ​ខាន់​ៗដែល​គាំទ្រ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កំពុងតែ​រង​ផល​ប៉ះពាល់​កើត​ចេញពី​វិបត្តិ​កូ​វីដ១៩ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ការងារ​រាប់​លាន​កន្លែង ។វិស័យ​ទាំងនោះ រួមមាន​វិស័យ​ទេសចរណ៍ ការនាំចេញ​ឧស្សាហកម្ម និង​វិស័យ​សំណង់ ដោយ​វិស័យ​ទាំង​បី​នេះ បាន​រួមចំណែក​ដល់ទៅ​ជាង ៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ធនាគារពិភពលោក​លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០នេះ នឹង​មាន​ភាពយឺត​យ៉ាវ​បំផុត​មិនធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ១៩៩៤មក ពោល​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្ថិតនៅ​ចន្លោះ​ដក ១ភាគរយ ទៅ​ដក​ជិត៣ភាគរយ​នៅ​ឆ្នាំ២០២០នេះ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស