27 C
Phnom Penh

សមត្ថកិច្ច​បង្ក្រាប​និង​ដុត​កម្ទេច​ចោល​បន្លែ​ដែល​រក​ឃើញថា​មាន​ជាតិពុល​នាំ​ពី​ប្រទេស​វៀតណាម​ជាង៥តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប និង​ដុត​កម្ទេច​ចោល​នូវ​បន្លែ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម ហើយ​ត្រូវ​បាន​រក​ឃើញថា​មាន​ផ្ទុក​សារធាតុគីមី ជាង៥តោន​នាំចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ ក្នុង​ភូមិ​ជ្រៃធំ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្តកណ្តាល។

ដោយមាន​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក មួង ដារ៉ា ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ​, លោក​វរសេនីយ៍ទោ វង្ស ចាន់ នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ និង​លោក សែ ជុន​ទ្រី ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បន្ត​ចុះ​ពិនិត្យ​គុណភាព​បន្លែ​គ្រប់​ប្រភេទ ដែល​នាំ​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុ​ ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ លោក មួង ដារ៉ា បាន​ប្រាប់​សារព័ត៌មាន​ស្និត​រដ្ឋាភិបាល Fresh News នៅ​ថ្ងៃនេះ​ថា ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​បន្លែ​ចំនួន៥មុខ ក្នុងចំណោម​បន្លែ​ទាំង២២មុខ ដែល​ក្រុម​អាជីវករ​ខ្មែរ​នាំ​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​គឺ មាន​ផ្ទុក​កាកសំណល់​ថ្នាំ សម្លាប់សត្វ​ល្អិត។

លោក​បញ្ជាក់​ថា បន្លែ​ចំនួន៥ប្រភេទ ដែល​មាន​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ទាំងនោះ​រួមមាន បន្លែ​ស្ពៃបូកគោ បន្លែ​ពោត​បារាំង បន្លែ​ផ្កា​គូឆាយ ផ្លែ​ល្ពៅ និង​ក្រូចឆ្មារ​តូច​សម្រាប់​ធ្វើ​តែ​ជ្រក់ ដែល​ជា​ប្រភេទ​បន្លែ​គ្មាន​សុវត្ថិភាព​សម្រាប់​ការប្រើ​ប្រាស់ និង​មិន​អនុញ្ញាត​ឱ្យ​នាំចូល​ជា​បណ្តោះអាសន្ន រហូតដល់​ពិនិត្យ​ឃើញថា មាន​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់​ទើប​អនុញ្ញាត​ឲ្យ​នាំ​ឡើងវិញ។

ជាមួយគ្នា​នេះ លោក​ថា សមត្ថកិច្ច​បាន​ពន្យល់​ណែនាំ និង​ហាមមិនឲ្យ​ក្រុម​អាជីវករ​ខ្មែរ នាំ​បន្លែ​ដែល​មាន​សារធាតុ​កាកសំណល់​ថ្នាំ​សម្លាប់សត្វ​ល្អិត ព្រោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ចូល​មក​ប្រទេស​កម្ពុជា​ជាដាច់ខាត។យ៉ាងនេះ​ក្តី ប្រភព​ដដែល បញ្ជាក់​ថា ការអនុវត្ត​ចាប់​បន្លែ​មាន​ផ្ទុក​សារធាតុពុល​នេះ សមត្ថកិច្ច​គ្រាន់តែ​យក​បន្លែ​ទាំងនោះ​ទៅ​ដុត​ចោល និង​ហៅ​ម្ចាស់​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការនាំចូល​បន្លែ​ទាំងនេះ​ចូល​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន ចាត់វិធានការ​ច្បាប់ផ្សេង​ទៀត​នោះ​ឡើយ។

ដោយឡែក​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃម្សិលមិញ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ក្រុង​សិរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ បាន​បង្ក្រាប​រថយន្ត​តូ​យូ​តា១គ្រឿង ដែល​ផ្ទុក​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ជាង​កន្លះ​តោន ដែល​ឈ្មួញ​បាន​ដឹក​តាម​ច្រករបៀង​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​កាលពី​ថ្ងៃទី ១៤មិថុនា។ បញ្ហា​នាំ​បន្លែ ផ្លែឈើ មាន​ជាតិគីមី និង​ការនាំចូល​ត្រី​សាច់ ខូចគុណភាព​មក​កម្ពុជា​ពី​ប្រទេសជិតខាង​ពិសេស​វៀតណាម និង​ថៃ​នេះ នៅតែ​ជា​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ទូទៅ។

កាលពី​ថ្ងៃទី ១២ ឧសភា ក្រសួងមហាផ្ទៃ តាម​សំណើ​របស់ក្រ​សួង​កសិម្ម បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ជាប់​ព្រំដែន​ប្រទេសជិតខាង​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់ និង​ពង្រឹង​ការទប់ស្កាត់​ការ​នាំ​បន្លែ ផ្លែឈើ​មាន​សា​ធារ​ពុល​គីមី​ចូល​មក​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ធានា​ដល់​សុខ​មា​ភាព និង​អាយុជីវិត​ពលរដ្ឋ។

បញ្ហា​នេះ​ទទួល​បានការ​សាទរ​ពី​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​ធ្វើការងារ​ស្និត​ជាមួយ​ពលរដ្ឋ ប៉ុន្តែ​ពួក​គេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​នេះ​ប្រកបដោយ​ឆន្ទៈ​ពិតប្រាកដ ជៀសវាង​ធ្វើ​បានតែ​មួយ​គ្រា​លៗ។ ជាង​នេះ​ទៀត ត្រូវ​ធ្វើការងារ​នេះ​ស្និត​ជាមួយ​ពលរដ្ឋ ដោយ​បើកទូលាយ​ឱ្យ​ពលរដ្ឋ​រាយការណ៍​មក​រដ្ឋាភិបាល​តាមរយៈ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​អំពី​ភាព​អសកម្ម ឬ ការ​ឃុបឃិត​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ទំនិញ​ទាំងនោះ​ចូល​មក​កម្ពុជា។

ក្រុម​អ្នក​តាមដាន​សង្គម​យល់ឃើញ​ថា ដើម្បី​ឱ្យ​ការងារ​នេះ​កាន់តែ​មានប្រសិទ្ធភាព​នោះ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាងណា​លុបបំបាត់​អំពើពុករលួយ​ព្រោះ​ជា​បញ្ហា​ធំ​ដែល​នាំ​ឱ្យ​មានការ​បន្លែ ផ្លែឈើ​មាន​ជាតិពុល​ចូល​កម្ពុជា។ បន្ថែម​ពីនេះ​ត្រូវ​បង្កើន​ធនធានមនុស្ស ធនធាន​ថវិកា និង​ធនធាន​សម្ភារៈ​បច្ចេកទេស​ដើម្បី​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ឱ្យ​បាន​គ្រប់គ្រាន់​ជាដើម​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស