26 C
Phnom Penh

បុគ្គ​លិ​កណា​ហ្គាវើលដ៍ ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ពួក​គាត់ អំឡុង​ពេល​ក្រុមហ៊ុន​ព្យួរការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​របស់​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍​(Naga World​) ប្រមាណ៣០០នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រសួងការងារ​នៅ​ព្រឹក​ថ្ងៃទី ១៦មិថុនា​នេះ ដើម្បី​ស្នើសុំ​រដ្ឋាភិបាល​អន្តរាគមន៍​ផ្តល់​ប្រាក់ឧបត្ថម្ភ​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ​អំឡុង​ពេល​ក្រុមហ៊ុន​ល្បែង​និង​សណ្ឋាគារ​មួយ​នេះ​ព្យួរការងារ​ពួក​គាត់ ដូច​កម្មករ​វិស័យ​ដទៃទៀត។

ការ​ប្រមូល​ផ្តុំគ្នា​នេះ ក្រុម​បុគ្គលិក​ទាំងនោះ បាន​ស្នើ​ឱ្យ​រដ្ឋ​ជួយឧបត្ថម្ភ​ប្រាក់ ៤០ដុល្លារ​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​អំឡុង​ពេល​ក្រុមហ៊ុន​ព្យួរការងារ​ពួក​គាត់ ដូចគ្នា​ទៅ​នឹង​កម្មករ​ឬបុគ្គលិក​ដែល​បម្រើការ​ងារ​នៅ​វិស័យ​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ។ក្រុម​បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍ ក្រៅពី​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​ថវិកា ៤០ដុល្លារ​ពី​រដ្ឋាភិបាល ពួក​គេ​ក៏​ស្នើសុំ​ឱ្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ចរចា​ជាមួយ​ខាង​ភាគី​ក្រុមហ៊ុន​ដើម្បី​ជួយឧបត្ថម្ភ​ដល់​ពួក​គាត់​បន្ត​ទៀត និង​អាច​ឱ្យ​ពួក​គេ​ខ្ចីប្រាក់​ក្នុងអំឡុងពេល​ព្យួរការងារ​ដោយ​វិបត្តិ​កូ​វីដ១៩នេះ ទៀតផង។

ការ​ស្នើសុំ​របស់​បុគ្គលិក​នេះ បន្ទាប់ពី​តំណាង​បុគ្គលិក​អះអាង​ថា ចាប់តាំងពី​ក្រុម​ហ៊ុន​ណា​ហ្គាវើ​លបាន​សម្រេច​ព្យួរការងារ​បុគ្គលិក​មក ខាង​ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់ ៥០ភាគរយ​នៃ​ប្រាក់ខែ​ជូន​បុគ្គលិក​កន្លងមក ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​អះអាង​ថា ចាប់ពី​ខែមិថុនា​ទៅ នឹង​ឈប់​ផ្តល់​ប្រាក់ ៥០ភាគរយ​ជូន​បុគ្គលិក​ទៀតហើយ។តំណាង​បុគ្គលិក និង​បុគ្គលិក​ផ្ទាល់ ដែល​ប្រមូល​ផ្តុំគ្នា​ដើម្បី​ដា​ក់ញ្ញ​ត្តិ​ទៅ​ក្រសួងការងារ​នោះ សុទ្ធតែ​បាន​អះអាង​ប្រហាក់​ប្រហែលគ្នា​ថា នៅពេល​ក្រុមហ៊ុន​បញ្ឈប់​ការ​ផ្តល់​ប្រាក់ឧបត្ថម្ភ៥០ភាគរយ​ដល់​ពួក​គាត់ នឹង​ធ្វើ​បុគ្គល​ទាំងអស់​កាន់តែ​ប្រឈម​ក្នុង​ជីវភាព​គ្រួសារ ដូចជា​គ្មាន​ប្រាក់​ចំ​ណាយ​ផ្សេង​ៗ រួមមាន​ម្ហូបអាហារ​ប្រចាំថ្ងៃ បង់ថ្លៃ​ផ្ទះ​ជួល ទឹក​ភ្លើង ពិសេស​គ្មាន​ប្រាក់​សងបំណុល​ធនាគារ​តែម្តង។

អត្ថន័យ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ក្រសួងការងារ បាន​ដាក់ស្នើ​នូវ​ជម្រើស​មួយចំនួន ក្នុង​នោះ​ជំរុញ​ឱ្យ​ខាង​ភាគី​ក្រុមហ៊ុន​ជួយឧបត្ថម្ភ​ប្រាក់ ៣០ភាគរយ និង​ឱ្យ​ពួក​គាត់​ខ្ចី ២០ភាគរយ នៃ​ចំនួន​ប្រាក់ខែ​បុគ្គលិក​ម្នា​ក់ៗ។ ជម្រើស​ទី២ ស្នើសុំ​ដល់​ក្រុមហ៊ុន​ឱ្យ​គ្រប់​បុគ្គលិក​ខ្ចី​ចំនួន ៣០០ដុល្លារ​រាល់​ខែ​ស្មើ​ៗគ្នា​ទាំងអស់​រហូតដល់​ថ្ងៃ​ចូល​ធ្វើការ និង​ជម្រើស​មួយទៀត ស្នើសុំ​ឱ្យ​បុគ្គលិក​ខ្ចីប្រាក់​ថ្ងៃបុណ្យ​ជាតិ​ក្នុង​ឆ្នាំ២០២០ ប៉ុន្តែ​បុគ្គលិក​មិន​ទាមទារ​ទាំង ៣ ចំណុច​នេះ​ទេ។

ញ្ញ​ត្តិ​របស់​ក្រុម​បុគ្គលិក​ត្រូវ​បាន​តំណាង​ក្រសួងការងារ​ទទួលយក ប៉ុន្តែ​នៅ​មិនទាន់​សម្រេច​បែប​ណា​នៅឡើយ​ទេ។ រដ្ឋាភិបាល បាន​ប្រកាស​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ទូទាំង​ប្រទេស​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ចាប់តាំងពី​ថ្ងៃទី១ ខែមេសា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩។ក្រុមហ៊ុន ណា​ហ្គា មាន​បុគ្គលិក​សរុប​ទាំងអស់ ទាំង​ផ្នែក​កាស៊ីណូ និង​សណ្ឋាគារ ចំនួន​ជិត១ម៉ឺន​នាក់ រួម​ទាំង​បុគ្គលិក​បរទេស​ផង ដែលគេ​ដឹង​ថា​ក្រុមហ៊ុន​សណ្ឋាគារ​និង​ល្បែងស៊ីសង​នៅ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​មួយ​នេះ​មាន ថៅកែ​ជា​ជនជាតិ​ម៉ាឡេស៊ី។

ទោះបីជា​យ៉ាងនេះ​ក្តី បុគ្គ​លិ​ក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍​សង្ឃឹមថា​ភាគី​ក្រុមហ៊ុន​និង​បន្ត​ជួយ​ជ្រោមជ្រែង​ដល់​ជីវភាព​របស់​បុគ្គលិក​ដែល​ប្រឹងប្រែង​ធ្វើការ​តាំងពី​ដើម​រៀងមក ហើយក៏​សង្ឃឹមថា​ក្រុមហ៊ុន​និង​មិន​បោះបង់ចោល​ពួក​គេ​ដែល​ជា​បុគ្គលិក​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​នេះ​ចោល​នោះ​ដែរ។លើស​ពីនេះ​ពួក​គេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រសួងការងារ​ក៏ដូចជា​រាជរដ្ឋាភិបាល​ព្រមទាំង​ភាគី​ក្រុមហ៊ុន នឹង​មាន​ដំណោះស្រាយ សមប្រកប​ណាមួយ​ដែល​អាច​អោយ​បុគ្គលិក​ទាំងអស់​ទទួលយក​បាន ដើម្បី​បន្តជីវិត​រស់​បន្ត​ទៀត​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស