រយៈពេលមួយសប្ដាហ៍ចុងក្រោយសកម្មភាពរំកិលទ័ព និងសព្វាវុធទៅកាន់ព្រំដែនរួមនៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានក្លាយទៅជារឿងក្ដីព្រួយបារម្ភពីការផ្ទុះសង្គ្រាមដែលងាយនឹងកើតមាន។ដោយសារសង្គ្រាមស៊ីវិលរយៈពេលបួនឆ្នាំដែលទីបំផុតបានហែកប្រទេសជាពីរគឺខាងត្បូង និងខាងជើងមកទល់សព្វថ្ងៃនេះ។
ខាងត្បូងប្រកាន់យកការដឹកនាំនៃ របប ប្រជាធិបតេយ្យសេរីនិយម។ រីឯខាងជើងប្រកាន់យកការដឹកនាំ របបកុម្មុយនីស្ដនិយម។ស្ថានភាពតានតឹងដែលបង្កឱ្យឡើង ដំបូងត្រូវបានគេមើលឃើញថាដោយសារតែពលរដ្ឋកូរ៉េខាងជើងដែលរត់ទៅជ្រកកោន នឹងកូរ៉េខាងត្បូងបានបង្ហោះសារឃោសនា វាយប្រហារមេដឹកនាំកូរ៉េខាងជើង។ដោយព្រមានមិនស្ដាប់ពីសំណាក់ប្អូនស្រីរបស់លោកគីមជុងអ៊ុន គឺអ្នកស្រី គីម យូចុង ក៏បានបញ្ជាឱ្យបិទការិយាល័យទំនាក់ទំនងរួមនៅតាមព្រំដែនរួមនៃប្រទេសទាំងពីរនៃតំបន់យុទ្ធសន្ដិភាព។
មិនបានប៉ុន្មានថ្ងៃផង កូរ៉េខាងជើងបានគម្រាមកាន់តែខ្លាំងឡើងៗហើយស្រាប់ តែបង្កឱ្យមានភាពតានតឹងមួយរំពេច។ទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានចុះផ្សាយថាកាលពីថ្ងៃទី១៥ ខែមិថុនាថា រដ្ឋាភិបាលក្រុងសេអ៊ូលបានដាក់ពង្រាយយន្ដហោះចម្បាំង F-35-A នៅតាមព្រំដែន ហើយមួយថ្ងៃក្រោយមករដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបំផ្ទុះគ្រាប់បែកបំផ្លាញការិយាល័យទំនាក់ទំនងរវាងប្រទេសទាំងពីរដែលស្ថាបនាឡើងនៅទីប្រជុំជន Kaesong គឺនៅរសៀលថ្ងៃអង្គារទី១៦មិថុនានេះដែលជាសញ្ញានៃការកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយនឹងកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងKCNAបានចុះផ្សាយនៅថ្ងៃទី1៦មិថុនាថាការិយាល័យទំនាក់ទំនងយុទ្ធសន្ដិភាពនេះត្រូវបានកម្ទេចទាំងស្រុងអស់ហើយ ដោយមានផែនការសង់បន្ទាយកងទ័ពកូរ៉េខាងជើងឡើងវិញ។ ការិយាល័យនេះស្ថិតក្នុងតំបន់គ្មានកងទ័ពដែលគេហៅថា DMZត្រូវបានបង្កើតឡើងដើម្បីធ្វើទំនាក់ទំនងបង្រួបបង្រួមជាតិ។ស្របពេលនេះសេចក្ដីរាយការណ៍ពីកូរ៉េខាងត្បូងបានឱ្យដឹងថាក្រុមប្រឹក្សាសន្ដិសុខជាតិរបស់ប្រទេសនេះបានកោះប្រជុំសមាជិករបស់ខ្លួនជាបន្ទាន់ដើម្បីពិនិត្យមើលស្ថានការណ៍ចុងក្រោយដែលកូរ៉េខាងជើងឈានដល់ការបំផ្លាញនិមិត្តរូបសន្ដិភាពរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យសម្រាប់ការិយាល័យប្រធានាធិបតីបានប្រាប់បណ្ដាញផ្សាយព័ត៌មាន NBC News ថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានកំពុងពិនិត្យមើល និងតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះចលនាកងទ័ពរបស់កូរ៉េខាងជើងដែលកំពុងចល័តមកកាន់ព្រំដែន។ប៉ុន្ដែអ្នកនាំពាក្យនេះបានបញ្ជាក់ថាសម្រាប់កូរ៉េខាងត្បូងនៅតែព្យាយាមគ្រប់គ្រងស្ថានការណ៍ដោយស្ថិតក្នុងស្ថានភាពមិនបង្កជម្លោះអ្វីឡើយលើកឡើងតែកូរ៉េខាងជើងប៉ុណ្ណោះហើយព្រមានថាកងទ័ពកូរ៉េខាងត្បូងអាចនឹងឆ្លើយតបភ្លាមៗដោយខ្លាំងក្លាប្រសិនបើការបង្ក សង្គ្រាមណាមួយកើតចេញពីកូរ៉េខាងជើង។
ប៉ុន្ដែមុនពេលដែលកូរ៉េខាងជើងបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនងនៅតាមព្រំដែននៃប្រទេសទាំងពីរ គឺមានសេចក្ដីរាយការណ៍មកថា កងទ័ពកូរ៉េខាងជើងបានរំកិលចូលទៅតំបន់គ្មានយោធាដែលនាំឱ្យកូរ៉េខាងត្បូងបង្កើនចលនាកងទ័ពភ្លាមៗតាមព្រំដែន។
ជាការកត់សម្គាល់មុននឹងស្ថានភាពធ្លាក់ដល់កម្រិតនេះគឺអ្នកស្រី គីម យូចុង ដែលតំណាងឱ្យលោកគីមជុងអ៊ុនបានបើកកិច្ចប្រជុំជាមួយកម្មាភិបាលបក្សពលករ ហើយភ្លាមនោះអ្នកស្រី បានធ្វើសេចក្ដីសម្រេចដោយព្រមានធ្ងន់ៗទៅលើកូរ៉េខាងត្បូងក្រោមពាក្យថាកូរ៉េខាងត្បូងពេលនេះបានក្លាយជាសត្រូវ នឹងកូរ៉េខាងជើងហើយ។
ប៉ុន្ដែអ្វីដែលនាំឱ្យអ្នកសង្កេតការណ៍ងឿងឆ្ងល់គឺបុរសខ្លាំងគីមជុងអ៊ុនបែរជាមិនចេញមុខដោយទុកឱ្យប្អូនស្រីក្ដោបក្ដាប់កងទ័ពជំនួសវិញ។មានការព្រមានថាប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរជាង៣០គ្រាប់អាចនឹងធ្វើឱ្យឧបទ្វីបកូរ៉េរលាយប្រសិនបើអាវុធប្រល័យលោកនេះត្រូវបានទាញទម្លាក់ក្នុងសង្គ្រាមឧបទ្វីបជាថ្មីម្ដងទៀត។
តែនៅជាមួយគ្នានេះទាំងរដ្ឋាភិបាលទីក្រុងប៉េកាំង និងក្រុងម៉ូស្គូដែលជាមហាមិត្តរបស់ក្រុងព្យុងយ៉ាងបានចេញសេចក្ដីថ្លែងការណ៍ដោយអំពាវនាវឱ្យកូរ៉េទាំងពីរព្យាយាមឈរលើគោលការណ៍អត់ធ្មត់បំផុត ។ចំណែកប្រទេសជប៉ុន ដែលកូរ៉េខាងជើងតែងតែគម្រាមកំហែង គឺប្រទេសនេះកំពូងស្ថិតក្នុងសភាពស្ងប់ស្ងាត់ ។
យ៉ាងណាកងទ័ពសហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងមាន ជាង៣ម៉ឺននាក់ ក៏នឹងអាចក្លាយជាកម្លាំងប្រដាប់អាវុធមួយនៅពីក្រោយកងទ័ពកូរ៉េខាងត្បូង ហើយនៅលើទឹកដីប្រទេសជប៉ុនជាងបួនម៉ឺននាក់ក៏ត្រូវបានរាយការណ៍មកថាក៏បានត្រៀមដើម្បីជួយកងទ័ពកូរ៉េខាងត្បូងប្រសិនបើសង្គ្រាមឧបទ្វីបកូរ៉េផ្ទុះឡើងនោះ៕