29 C
Phnom Penh

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប១ឆ្នាំ​ជូន​ជនរងគ្រោះ​ស្លាប់​ដោយ​បាក់​រលំ​អគារ​កាលពី​ឆ្នាំ២០១៩​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គ្រោង​នឹង​រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​សព​កម្មករ២៨នាក់ ដែល​ស្លាប់​ដោយសារ​បាក់​រលំ​អាគារ​កម្ពស់៧ជាន់ កាលពី​ឆ្នាំ២០១៩។សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១៥ ខែមិថុនា ដែលThe Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ នឹង​រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​សព​កម្មករ២៨នាក់ ដែល​ស្លាប់​ដោយសារ​បាក់​រលំ​អាគារ​កម្ពស់៧ជាន់ នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​កាល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់​ថា​ពិធី​នេះ នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅ​វត្ត​ឥន្ទ​ញាណ ហៅ​វត្ត​ក្រោម ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ ដោយ​ពិធី​នឹង​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ជាម ហ៊ី​ម និង​អភិបាលខេត្ត​នេះ លោក គួច ចម្រើន ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ផង​ដែរ។

សោកនាដកម្ម​បាក់​រលំ​អគារ​កម្ពស់៧ជាន់ ដែល​ជា​ការ​វិនិយោគ​ដោយ​ជនជាតិ​ចិន កាលពី​ថ្ងៃទី២២ មិថុនា ឆ្នាំមុន បណ្តាល​ឱ្យ​កម្មករ​ខ្មែរ២៨នាក់​ស្លាប់​និង២៦នាក់​ទៀត​រង​របួសធ្ងន់​ស្រាល។ក្រោយ​បញ្ចប់​បេសកកម្ម​រុករក​អ្នក​ជាប់​ក្នុង​គំនរ​អគារ​ពេលនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ព្រឹត្តិ​ការណ៍​នោះ​ថា​ជា​សោកនាដកម្ម​របស់​ជាតិ ហើយ​លោក​ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការងារ​នេះ​ជាបន្ទាន់ ដោយ​ត្រូវ​បង្កើត​គណៈកម្មការ​វាយតម្លៃ​សំណង់​អគារ​នៅ​ខេត្ត​នេះ​និង​នៅ​តំបន់​ផ្សេងទៀត ហើយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​សំណង់​អគារ​កំពុង​សាងសង់ ពិស​សត្រូវ​បញ្ឈប់​តែម្តង​នូវ​សំណង់​ទាំងឡាយ​ណា​ដែល​ខុសច្បាប់​និង​ខុស​បច្ចេកទេស ដើម្បី​បញ្ចៀស​មិន​ឱ្យ​សោកនាដកម្ម​នេះ​កើតឡើង​បន្ត​ទៀត។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី កាលពី​ថ្ងៃទី ៩ ខែមិថុនា អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បញ្ជាក់​ថា​សំណុំរឿង​នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ​យក​មក​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ចំនួន ៦នាក់ មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ ហើយ​សំណុំរឿង​នេះ​កំពុង​ស្ថិតនៅ​ដៃ​តុលាការ។

ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃទី៩ ខែមិថុនា​ដែរ​នោះ ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក ចេង ស្រុង លើកឡើង​ថា ការ​រីក​លូតលាស់​នូវ​វិស័យ​សំណង់​លឿន​ហួសកំណត់​នេះ ខណៈ​ការសាងសង់​របស់​អ្នក​វិនិយោគ​ចិន​មាន​ភាព​ប្រញាប់​ប្រញាល់ និង​លឿន​ផង ដែល​ធ្វើ​ឱ្យ​ការ​ត្រួតពិនិត្យ ឬគ្រប់គ្រង​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កន្លងមក នៅ​មាន​ភាព​ខ្វះចន្លោះ។លោក​បន្ត​ថា ភាព​ខ្វះចន្លោះ​នោះ​ហើយ ដែល​ធ្វើ​ឱ្យ​កើតមាន​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់​កាលពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំមុន បណ្តាល​ឱ្យ​ពលរដ្ឋ​ចំនួន ២៨នាក់​ស្លាប់ និង​រង​របួស​ចំនួន ២៦នាក់។

ប៉ុន្តែ​លោក មកដល់ពេលនេះ បញ្ហា​សំណង់​អគារ​ខុសច្បាប់ ខុស​បច្ចេកទេស​មិន​មាន​ទៀត​ឡើយ។យ៉ាងណាក៏ដោយ​ក្រោយ​ហេតុ​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ក៏​មាន​ករណី​បាក់​រលំ​សំណង់​សាលាឆាន់​វត្ត​ប្រាសាទគោក​ចក ស្ថិត​ក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី៣ ខែធ្នូ បណ្ដាល​ឱ្យ​មនុស្ស ៣នាក់​ស្លាប់ និង ១៦នាក់​ផ្សេងទៀត​រង​របួស។មួយ​ខែ​បន្ទាប់ ពោល​គឺ​នៅ​ថ្ងៃទី ៣ខែមករា ឆ្នាំ២០២០ អគារ​កម្ពស់ ៧ជាន់ ស្ថិត​ក្នុង​ក្រុងកែប​ខេត្ត​កែប បាន​បាក់​រលំ​បណ្តាល​ឱ្យ​មាន​មនុស្ស​សរុប៣៦នាក់ និង​របួស ២៣នាក់។

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​នេះ យល់ឃើញ​ថា ករណី​បែបនេះ​នឹង​កើតឡើង​បន្ត​ទៀត​ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ ពិសេស​ការអនុវត្ត​ច្បាប់​ធូរ​លុង បញ្ហា​អំពើពុករលួយ ព្រមទាំង​វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង​នៅតែ​បន្ត​កើតមាន​ទៀត​នោះ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស