27 C
Phnom Penh

កម្ពុជា​ប្រាប់​ទៅ​អ្នករាយការណ៍​ពិសេស​របស់UN ថា​មិន​ត្រូវ​វាយតម្លៃ​កម្ពុជា​ផ្អែកលើ​ទស្សនៈ​ផ្ទាល់ខ្លួន​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ បាន​ស្នើ​ទៅ​អ្នករាយការណ៍​ពិសេស​របស់​ស្ថាប័ន​មួយ​នេះ​ថា​មិន​ត្រូវ​ផ្តល់​ពិន្ទុ​ដល់​កម្ពុជា​លើ​វិស័យ​សិទ្ធិមនុស្ស ដោយ​ផ្អែកលើ​ទស្សនៈ​យល់ឃើញ​ផ្ទាល់ខ្លួន​នោះ​ឡើយ។

ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស លោក អាន សុខ​ខឿន អះអាង​ថា​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស គឺ​ជួយ​រដ្ឋ​ជាស​មា​ជិ​ក ក្នុង​វិស័យ​សិទ្ធិមនុស្ស​តាមរយៈ​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិ​ការ មិនមែន​តាម រយៈ​ការវិនិច្ឆ័យ​ផ្ដល់​ពិន្ទុ​ទៅតាម​ទស្សនៈ​យល់ឃើញ​ផ្ទាល់ខ្លួន​នោះ ឡើយ។

ការ​លើកឡើង​របស់​លោក អាន សុខ​ខឿន នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី៤៣ កិច្ចពិភាក្សា​ទូទៅ លើ​របៀបវារៈ​ទី៥ ស្តី​ពី​យន្តការ​សិទ្ធិមនុស្ស​កាលពី​ថ្ងៃច័ន្ទ ។លោក​បន្ត​ថា អ្នករាយការណ៍​ពិសេស​ត្រូវ​ស្វែងរក​អង្គហេតុ និង​ព័ត៌មាន​ពិត​ពី​កម្ពុជា ដោយ​មិន​គួរ​ចាត់ទុក​រាល់​របាយការណ៍ ដែល​ទិតៀន​រដ្ឋាភិបាល ថា​ជា​ការពិត​ក្រោម​ហេតុផល​នយោបាយ​អ្វី​នោះ​ឡើយ។ លោក អាន សុខ​ខឿន បញ្ជាក់​ទៀត​ថា អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ក្រម​ប្រតិបត្តិ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិ​ការ សម្រាប់​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។

មន្ត្រី​ជាន់ខ្ពស់​តំណាង​កម្ពុជា​ដដែល លើកឡើង​ទៀត​ថា​អ្នករាយការណ៍​ពិសេស​ត្រូវតែ​ស្វែងរក​អង្គហេតុ​ពិត ដោយ​ផ្អែកលើ​ព័ត៌មាន​សត្យា​នម័ត និង​អាច​ជឿជាក់​បាន ចេញពី​ប្រភព​ដែល​អាច​ជឿ​ទុកចិត្ត និង​ត្រូវ​បាន​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​ត្រឹមត្រូវ ដូច​មាន​ចែង​ក្នុង​មាត្រា៦ មាត្រា៨ និង​មាត្រា៩ នៃ​ក្រម​ប្រតិបត្តិ​របស់​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស។លើស​ពីនេះ លោក​ក៏​ស្នើ​ឱ្យ​អ្នករាយការណ៍​ពិសេស គោរព​ឱ្យ​បាន​ម៉ឹង​ម៉ាត់​នូវ​គោលបំណង និង​គោលការណ៍​ជា​សារ​វ័ន្ត នៃ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​តិ ដែល​ក្នុង​នោះ​បញ្ជាក់​ពី​ការគោរព​អធិបតេយ្យ​ភាព និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ។ លោក​ថា អ្នករាយការណ៍​ពិសេស មិនមែន​ជា​ចៅក្រម ហើយក៏​មិនមែន​ជា​ព្រះរាជអាជ្ញា​នោះ​ដែរ។

ការ​លើកឡើង​របស់​ឯកអគ្គ​រាជទូត​កម្ពុជា ប្រចាំ​ការិយាល័យ​អង្គការសហប្រជាជាតិ​រូប​នេះ ជា​ការ​ឆ្លើយតបទៅនឹង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ដែល​តែង​វាយតម្លៃ​ក្នុង​រូបភាព​អាក្រក់​ដល់​កម្ពុជា លើ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​និង​នយោបាយ​នា​ពេល​កន្លងមក។អ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ ពិសេស​អ្នករាយការណ៍​ពិសេស​របស់​របស់​អង្គការ​អន្តរជាតិ​កំពូល​មួយ​នេះ​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត តែង​វាយតម្លៃ​ថា​បញ្ហា​សិទ្ធិមនុស្ស សេរីភាព​បញ្ចេញមតិ សិទ្ធិ​ប្រមូល​ផ្តុំ​ដោយសន្តិវិធី ពិសេស​ការ​ធ្វើទុក្ខ​បុកម្នេញ​ឥតស្រាក​ស្រាន្ត ទៅលើ​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ គឺជា​ការ​ដើរថយក្រោយ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អ្នកជំនាញ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ក៏​តែង​វាយតម្លៃ​អវិជ្ជមាន​អំពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ខណៈ​ការរិះគន់​ទាំងនោះ​ត្រូវ​បាន​កម្ពុជា​ច្រានចោល និង​ចាត់ទុកថា​ជាសកម្ម​ភាព​ជ្រៀតជ្រែក និង​រំលោភ​មក​លើ​អធិបតេយ្យ​ភាព​កម្ពុជា​ទៀតផង។

កម្ពុជា​ទទួលយក​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស ចំនួន៦រូប​ហើយ ចាប់តាំងពី​ឆ្នាំ១៩៩៣មក ។ នៅ​ឆ្នាំ២០១៩ រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ឯកភាព​បន្ត​អាណត្តិ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាថ្មី​ទៀត ដោយ​អាណត្តិ​នេះ​មាន​រយៈពេល​ពីរ​ឆ្នាំ​តទៀត​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស