38 C
Phnom Penh

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ជំរុញ​ឱ្យ​អ្នកនយោបាយ​តម្កល់​ផលប្រយោជន៍​ជាតិ​ទាមទារ​ឱ្យ​វៀតណាម​ប្រគល់​ដី​ដែល​ខ្លួន​ឈ្លាន ពាន​មកវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ហៅ​កាត់​ថាSMD ជំរុញ​ឱ្យ​អ្នកនយោបាយ ខ្មែរ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ឯកភាពជាតិ ក្នុង​ការចូលរួម​ការពារ​បូរណភាពទឹកដី​ជាតិខ្មែរ។ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្តីអំពី​ជំហរ​ឯកភាពជាតិ នៅ​ថ្ងៃទី១៧ខែមិថុនា​នេះ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​អំពាវនាវ​ដល់​ខ្មែរ​គ្រប់​ភាគី គ្រប់​និន្នាការ​នយោបាយ ជាពិសេស ឥស្សរជន កម្ពុជា​សំ​ខាន់​ៗ ដូចជា​លោក​នា​យក​រដ្ម​មន្ត្រី ហ៊ុន សែន ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង អតីត​មេ​បក្ស​សង្រ្គោះ​ជាតិ​ទាំងពីរ​រូប រួមមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​រួម​មួយ​ជាបន្ទាន់។

ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ បញ្ជាក់​ថា​ដំណោះស្រាយ​នយោបាយ​រួម​ត្រូវ​ឈរ​លើ​គោល​កា​រណ៏​ឯកភាពជាតិ និង​កិច្ចសហការ​គ្នា​ក្នុង​ការ​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ប្រគល់​ទឹកដី​ដែល​វៀតណាម​បាន​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង ជាពិសេស​កោះត្រល់ ត្រូវ​ប្រគល់​មក​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ តាម​ខ្លឹមសារ និង​យន្តការ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ឆ្នាំ១៩៩១ ឯកសារ​ផ្លូវការ​នានា និង​ច្បាប់​ជាតិ​-អន្តរជាតិ​ទាំងឡាយ​ជា​មូលដ្ឋាន។

សេចក្តី​ថ្លែងការណ៍​ដដែល​លើកឡើង​ថា ផ្អែក​តាម​ភស្ដុ​តាង​បង្ហាញថា វៀតណាម គឺជា​ចារី ឬជា​ជន​ដៃដល់​ក្នុង​ការទន្ទ្រាន​ចូលកាន់​កាប់​ទឹកដី​ខ្មែរ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។ លើស​ពីនេះ វៀតណាម​បាន​ប្រើ​គ្រប់​ឧបាយកល​ក្ដៅ និង​ត្រជាក់ ដើម្បី​សម្រេច​បាន​នូវ​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ច្រៀក​យក​ទឹកដី​កម្ពុជា តាម​រយ:ការ​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​លើ​កម្ពុជា។

ការ​បញ្ជូន​កងទ័ព​ចូល​ឈ្លានពាន​កម្ពុជា​ដោយ​ខុសច្បាប់ ការ​បង្ហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​រាប់​លាន​នាក់ ចូល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា និង​ការ​បង្ក​អសន្តិសុខ​និង​បញ្ហា​ផ្សេង​ៗ បង្កើត​ជា​គ្រោះ​ដល់​ទឹកដី​កម្ពុជា។ ជាង​នេះ​ទៅទៀត ការឈ្លានពាន​ប្រទេស​កម្ពុជា​ពីសំណាក់​វៀតណាម ក៏​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព និង​សន្តិភាព​នៃ​ប្រជាជាតិ​អាស៊ាន (ASEAN​) ដែរ។ប្រធានប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បញ្ជាក់​ពី​គោលបំណង​នៃ​ការ​ចេញ​ញត្តិ​នេះ​ថា «ពលរដ្ឋខ្មែរ​ទូទៅ​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ ទាំង​កំពុង​កាន់អំណាច និង​មិនទាន់​កាន់អំណាច ចាត់ទុក​ការ​ការពារ​បូរណភាពទឹកដី​គឺជា​បញ្ហា​រួម ហើយ​សហការ​គ្នា​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ប្រគល់​ទឹកដី​ដែល​វៀតណាម​បាន​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង ជាពិសេស កោះត្រល់ ប្រគល់​មក​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​វិញ» ។

ជាង​នេះ​ទៅទៀត​ក្រុម​ចល​នា​និ​ស្ស​តិ​ដែល​ទើប​ចាប់កំណើត​ជា​លើក​ទី២ នេះ បាន​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម ដែល​ជាស​មា​ជិ​ករបស់ អង្គការសហប្រជាជាតិ ជាស​មា​ជិ​កអាស៊ាន និង​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ដែរ​នោះ ត្រូវតែ​គោរព​អធិបតេយ្យ​ភាព និង​បូរណភាពទឹកដី​កម្ពុជា និង​ត្រូវ​ទទួលខុសត្រូវ​នៅចំពោះមុខ​គោលការណ៍ និង​ច្បាប់អន្តរជាតិ នៅពេល​ដែល​វៀតណាម​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ក្នុង​ការ​ចូល​ឈ្លានពាន​យក​ទឹកដី​ខ្មែរ ជាបន្តបន្ទាប់។

ទោះបីជា​យ៉ាងនេះ​ក្តី ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily តាម​ទូរស័ព្ទ​ថា ការ​អំពាវនាវ​របស់​ក្រុម​ចលនា​និស្សិត​នេះ​គឺ​ដើម្បី​ចង់បាន​ល្បីឈ្មោះ​ប៉ុណ្ណោះ។

លោក​បន្ដ​ថា ការ​ទាមទារ​កោះត្រល់​មកវិញ​លុះត្រាតែ​កម្ពុជា​មាន សេដ្ឋកិច្ច​ខ្លាំង មានការ​ត្រៀមខ្លួន​រួចជាស្រេច​ពីសំណាក់​មហាជន និង​មាន​កំលាំង​យោធា​ខ្លាំង​ជាមុន។ លោក​បាន​បញ្ជាក់​ទៀត​ថា ពុំ​មាន​ផែនទី​ណាមួយ​បញ្ជាក់​ថា​កោះត្រល់​ជា​របស់​ខ្មែរ​នោះ​ទេ សូម្បី​សៀវភៅ​របស់​លោក ស៊ាន ប៉េង​សែ ក៏​សរសេរខុស​ពាក់ព័ន្ធ​នឹង​បញ្ហា​កោះត្រល់​នេះ​ដែរ។

ទោះជាយ៉ាងណា​ក៏ដោយ​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក ម៉ែ​ន ណាត បាន​ប្រតិកម្ម​ថា ចលនា​និស្សិត កំណើត​ទី២ នេះ មិនមែន​បង្កើត​ឡើង​ដើម្បី​ចង់ល្បី​ឈ្មោះ​ដូច​លោក សុខ ទូច និយាយ​ទាំង​ខ្វះ​ការពិចារណា​នោះ​ទេ។លោក​បន្ត​ថា ចលនា​និស្សិត​នេះ បង្កើត​ឡើង​តាំងពី​ខែកញ្ញា ឆ្នាំ១៩៩៨ មក​ម៉្លេះ។

ចលនា​និស្សិត​នេះ ត្រូវ​បាន​រៀបចំឡើង​វិញ​ក្នុង​ទស្សនវិស័យ និង​គោលបំណង​ច្បាស់លាស់ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុម​អ្នកជំនាញ​ព្រំដែន អ្នកច្បាប់ និង​បញ្ញវន្ត​ជា​ឥស្សរជន​ជាច្រើន​ទៀត។អ្នកឃ្លាំមើល​ខាង​កិច្ចការ​ព្រំដែន​រូប​នេះ​អះអាង​ថា ចលនា​និស្សិត កំណើត​ទី២ នេះ មាន​ទស្សនវិស័យ «ចង់​ឃើញ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យ និង​បូរណភាពទឹកដី​ពេញលេញ» និង​មាន​គោលបំណង « ធ្វើការ​តស៊ូ​មតិ​អហិង្សា​ជាមួយ​ស្ថាប័នជាតិ និង​អន្តរជាតិ ក្នុង​ការ​ស្តារ​លិទ្ធិ​ប្រជាធិបតេយ្យ ការពារ​បូរណភាពទឹកដី និង​លើកកម្ពស់​ការចូលរួម​ថែរក្សា​ស្ថេរ​ភាព និង​សន្តិភាព​នៅ​កម្ពុជា»។

លោក ម៉ែ​ន ណាត បន្ត​ថា ចំពោះ​ករណី​រឿងរ៉ាវ​កោះត្រល់ មិន​អាច​និយាយ​ថា «ជា​ការបាត់បង់​យូរហើយ​នោះ​ទេ ឬបាត់បង់​តាំងពី​ឆ្នាំ ១៩៣៩ ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន និង​លោក សុខ ទូច នោះ​ទេ»។ លោក​បន្ត​ថា ការ​អះអាង​របៀប​នេះ គឺជា​ការ​សម្លាប់​ខ្លួនឯង និង​ជា​ការ​ចង់​បំបាត់​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​ទាំងមូល​តែប៉ុណ្ណោះ។លោក​បន្ត​ថា រឿង​កោះត្រល់​នេះ គឺ​ត្រូវ​បាន​វៀតណាម បង្ខំឲ្យ​លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ព្រំដែន​ទឹង​ប្រវត្តិសាស្ត្រ នៅ​ខែកក្កដា ឆ្នាំ១៩៨២ ដែល​បាន​គូស​ផែនទី «លេប​ត្របាក់​យក​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​ផង​ដែរ»។

ចំណែក​ឯកសារ​ចរាចរ របស់​លោក ប្រ​វី​វេ ដែល​ចុះ​ថ្ងៃទី ៣១ មករា ១៩៣៩ បាន​បញ្ជាក់​លំអិត​ថា «កោះត្រល់ ជា​របស់​ប្រទេស​កម្ពុជា ហើយ​បារាំង​គ្រប់គ្រង​កោះត្រល់​តែ​ផ្នែក​ប៉ូល​ី​ស និង​រដ្ឋបាល​ប៉ុណ្ណោះ»។ ព្រះរាជ​ក្រឹត្យ​របស់​ស្តេច​ព្រះ នរោត្តម សុ​រា​ម្រិ​ត ឆ្នាំ១៩៥៧ បញ្ជាក់​ថា «កោះត្រល់ ឬ កោះ​ភូ​កុក គឺជា​ឈ្មោះ​កោះ​តែមួយ ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា»។លុះដល់​រដ្ឋាភិបាល ក្នុង​សម័យ​លោក​សេនាប្រមុខ លន់ នល់ និង​របប​ក្រហម ក៏​នៅតែ​បញ្ជាក់​ថា «កោះត្រល់ គឺជា​កម្មសិទ្ធិ​របស់​កម្ពុជា» ហើយ​នៅ​ឆ្នាំ១៩៧៦ កងទ័ព​ខ្មែរក្រហម បាន​លើកទ័ព​ឈរជើង​នៅ​លើ​កោះត្រល់ បាន​មួយ​រយៈ​ផង​ទៀត។

រហូតមកដល់​ឆ្នាំ ២០០៥ អតីត​ព្រះមហាក្សត្រ សម្តេច​នរោត្តម សីហនុ ក៏បាន​រំលឹក​ទៅ​លោក ហ៊ុន សែន ជាមុ​ខរដ្ឋាភិបាល​ថា «គ្មាន​សម័យ​ណា គ្មាន​មេដឹកនាំ​ណា ដែល​ហ៊ាន​និយាយ​ថា កោះត្រល់ ត្រូវ​បាន​កាត់​ទៅ​ឲ្យ​វៀតណាម​ទេ»។ ព្រះអង្គ​មាន​បន្ទូល​ថា «កោះត្រល់ ជា​របស់​កម្ពុជា»។ បើ​តាម​ឯកសារ​ផ្លូវច្បាប់ រួម​ទាំង​ច្បាប់​សមុទ្រ និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ផង គឺថា​ភាគី​កម្ពុជា​មាន​អាទិភាព​ផ្លូវច្បាប់​ពេញលេញ ជា​ម្ចាស់​កោះត្រល់។

លោក ម៉ែ​ន ណាត អះអាង​ថា​ដោយសារ​ភស្តុតាង​ទាំងអស់​នេះ​ហើយ ហើយ​បាន​ជា​ចលនា​និស្សិត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​មោក្ខ​ភាព ឬលុបចោល​រាល់​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​នានា ក្នុង​ទសវត្សរ៍​ទៅ៨០ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​រឿង​កោះត្រល់ ទៅតាម​យន្តការ​អន្តរជាតិ ដែល​អាច​ធានា​យុត្តិធម៌ ទាំង​ភាគី​កម្ពុជា និង​វៀតណាម។យ៉ាងនេះ​ក្តី ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បង្ហាញ​សុទិដ្ឋិនិយម​ថា ឥស្សរជន​នយោបាយខ្មែរ សំ​ខាន់​ៗ ខាងលើ នឹង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​រួមគ្នា​ដោះស្រាយ​វិបត្តិ​ទឹកដី​របស់​ប្រទេសជាតិ ដែល​កំពុង​ប្រឈម​គ្រោះអន្តរាយ​នេះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស