34 C
Phnom Penh

លោក ហ៊ុន ម៉ា​ណែ​ត អះអាង​ថា ថវិការ​ទិញ​រថយន្ត​យោធា​ជិត៣០០គ្រឿង ជា​ថវិកា​សប្បុរសជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា​រថយន្ត​យោធា ទំនើប​ៗធុន​ធំ​ជិត៣០០គ្រឿង​ដែល​ទិញ​មក​ពី​ចិន ជា​ថវិកា​របស់​សប្បុរសជន​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ថា​រថយន្ត​ទាំងនោះ ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​ឪពុក​របស់​លោក។

ឧត្តមសេនីយ៍ឯក​រូប​នេះ បញ្ជាក់​ក្នុង​ពិធី​ប្រគល់​រថយន្ត​យោ​ធា​ទំនើប​ៗទាំងនោះ ជូន​ដល់​កងយោធពល​ខេមរភូមិន្ទ និង​កង​នគរបាល​ជាតិ ថា​រយ​ថន្ត​ទាំងនោះ​ត្រូវ​បាន​បញ្ជាទិញ​ពី​ប្រទេស​ចិន តាំងពី​មុន​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ១៩ម្លេះ។លោក​ឱ្យ​ដឹង​លើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​នៅ​ថ្ងៃនេះ​ថា ថវិការ​ដែល​ទិញ រថយន្ត​យោធា​នោះ ជា​ថវិការ​បាន​មក​ពី​ការចូលរួម​ជួយ​ឧប​ត្ថ​មពីសំណាក់​ក្រុម​សប្បុរសជន​ក្នុង​ប្រទេស ដែល​មាន​សមានចិត្ត​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព និង​លទ្ធភាព របស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន។

យ៉ាងនេះ​ក្តី លោក​មិនបាន​បញ្ជាក់​ពី​តម្លៃ ឬការ​ចំណាយ​ថវិកា​លើ​ថ្លៃ​ទិញ​រថយន្ត​ទាំង​ជិត៣០០គ្រឿង​នោះ​ឡើយ។ក្រុម​អ្នកឃ្លាំមើល​យល់ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ចំណាយ​ថវិកា​ទៅលើ​ការទិញ​រថយន្ត​យោធា​ទាំងនេះ​ដែល​មិនទាន់​ចាំបាច់​នោះ​ឡើយ និង​ចំ​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ១៩ ហើយ​ពលរដ្ឋ​កំពុង​ប្រឈម​បាត់បង់​ការងារ​ធ្វើ និង​បាត់បង់​ប្រាក់ចំណូល​រាប់​សែន​នាក់​នោះ។

សម្រាប់​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ការពារ​ថា ការ​លើកឡើង​បែបនេះ ជា​ការយល់​ច្រឡំ ត្បិត​ការ​បញ្ជាទិញ​រថយន្ត​យោធា​ទាំងនេះ បាន​ធ្វើឡើង​តាំងពី​មុន​ពាក់កណ្តាល​ឆ្នាំ២០១៩ ពោល​គឺ​តាំងពី​មុន​ជំងឺ​កូ​វីដ​ផ្ទុះឡើង​ទៅទៀត ហើយក៏​បាន​កក់លុយ​មួយចំនួន​ថែមទៀត​ផង។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស លោក គឹម សុខ បាន​បង្ហាញ​ការយល់ឃើញ​ថា​រថយន្ត​យោធា​ទាំងនោះ ទំនងជា​ចិន​ផ្ដល់​ឱ្យ ប៉ុន្តែ​រដ្ឋបាល​លោក ហ៊ុន សែន ប្រឹង​ផ្សព្វផ្សាយ​បំភ័ន្ត​ទាំង​ឥត​ទំនង​ថា ប្រើ​លុយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ទិញ​រថយន្ត​ទាំងនោះ​ពី​ចិន។លោក​បន្ត​ថា ការ​សុំ​ជំនួយ​ឡាន​ទាហាន​ច្រើន​ពី​ចិន​នេះ អនុវត្ត​តាម​គម្រោង​ត្រៀម​ទុក​ដឹក​កម្លាំង​បង្ក្រាប​ចលនាមហាជន ដោយ​លោក ហ៊ុន សែន បារម្ភ​ថា ក្រែង​ប្រជាពលរដ្ឋ​ទូទៅ ដែល​សព្វថ្ងៃ​មាន​បាតុកម្ម​ក្នុងចិត្ត​ស្ទើរគ្រប់​គ្នា​ទៅ​ហើយ។

លោក​បន្ត​ថា បើ​ដល់ពេលណា​មួយ​ពួក​គាត់​ទ្រាំ​នឹង​ការឈឺចាប់​លែង​បាន ក៏​ស្រាប់តែ​ងើបឡើង ប្រើ​សិទ្ធិ​និង​កាតព្វកិច្ច​ស្របច្បាប់​ជា​ពលរដ្ឋ នាំគ្នា​តវ៉ា​ពីគ្រប់ទិស​ទូទាំង​ប្រទេស​បុក​ចូល​ភ្នំពេញ​មែន នោះ​ឡាន​ទាហាន​ក្នុង​បរិមាណ​បច្ចុប្បន្ន​នេះ​នឹង​មិន​អាច​ដឹក​កម្លាំង​ពង្រាយ​ទប់​ប្រតិកម្ម​នៃ​សកម្មភាព​មហាជន​ទាន់ពេល​ឡើយ​៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស