អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំង ដែលរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាថ្មី ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩មក។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃម្សិលមិញ Human Right Watch បានលើកឡើងថា ក្នុងស្ថានភាពវិបត្តិកូវីដ១៩ រដ្ឋាភិបាលគប្បីបញ្ចប់ការបង្ក្រាបលើក្រុមប្រឆាំង និងត្រូវដោះលែងពួកគេឱ្យមានសេរីភាពផងដែរ។Human Right Watch បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ ២០២០ អាជ្ញាធរកម្ពុជាបានឃុំខ្លួនមនុស្សចំនួន១៥ នាក់ដោយចោទប្រកាន់បែបប្រឌិតពាក់ព័ន្ធរឿងនយោបាយ។ប្រភពដដែលឱ្យដឹងថាមនុស្ស ៨០នាក់ផ្សេងទៀតត្រូវបានដោះលែងនៅក្រៅឃុំប៉ុន្តែពួកគេ ប្រឈមមុខនឹងការចាប់ខ្លួនម្តងទៀតនៅពេលណាមួយ។
បន្ថែមពីនេះរដ្ឋាភិបាលគួរតែដោះលែងអ្នកជាប់ឃុំ ៣២ នាក់និងអ្នកជាប់ឃុំជាបណ្តោះអាសន្នដែលជាប់ចោទពាក់ព័ន្ធបញ្ហានយោបាយ ដោយក្នុងនោះមានសមាជិកគណបក្សសង្គ្រោះជាតិចំនួន២៣ នាក់ដែលជាមនុស្សជាប់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយពេលគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការលោកហ៊ុន សែន រំលាយកាលពីចុងឆ្នាំ២០១៧។
Human Right Watch លើកឡើងទៀតថា ម្ចាស់ជំនួយនិងសហគមន៍អន្តរជាតិគួរតែអំពាវនាវជាសាធារណៈឱ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោះលែងអ្នកទោសនយោបាយនិងអ្នកជាប់ឃុំទាំងអស់។នាយករងអង្គការ Human Right Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson មានប្រសាសន៍ថា“ រដ្ឋាភិបាលកម្ពុជាគួរតែបញ្ឈប់ការប្រើប្រាស់វិបត្តិកូវីដ១៩ ដើម្បីជាឱកាស បង្ក្រាបលើក្រុមប្រឆាំងបន្តទៀត ។
បន្ថែមពីនេះ រដ្ឋាភិបាលលោកហ៊ុន សែន មិនគួរប្រើការព្រួយបារម្ភពីជំងឺនេះ ដើម្បីរំលោភសិទ្ធិមនុស្សនោះឡើយ” ។ យ៉ាងនេះក្តី កាលពីថ្ងៃទី១ ខែមិថុនាលោក ហ៊ុន សែន បានព្រមានទៅក្រុមប្រឆាំងទាំងនៅក្រៅប្រទេសនិងក្នុងប្រទេស ដោយថាលោកនឹងកម្ទេចអ្នកនៅក្នុងប្រទេសបន្ថែមទៀត តាមរយៈការប្រើយុទ្ធសាស្ត្រកាត់ក្បាល បំបែកដងខ្លួនក្រុមនេះឱ្យអស់ ប្រសិនបើពួកគេហ៊ានយកស្ថានភាពជំងឺកូវីដ១៩ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
ដំណាលគ្នានឹងសារព្រមាននេះ សមត្ថកិច្ចរបស់លោកបានចាប់ខ្លួនអតីតសមាជិកក្រុមប្រឹក្សារាជធានីខេត្តគណបក្សសង្រ្គោះជាតិ៤នាក់ បន្ថែមទៀត រួមមានអតីសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារៈ ។
អតីតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក ពៀប ម៉ាប់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ស៊ុន ធន់ និង អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី។ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់ ក្រោមបទចោទប្រហាក់ប្រហែលគ្នា ដូចជារួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់មិនឱ្យកងទ័ពស្តាប់បញ្ជា ដែលជាបទល្មើសចាស់កើតឡើងតាំងពីឆ្នាំ២០១៨ និង២០១៩។
លោក Phil Robertson ជំរុញឱ្យសហគមន៍អ៊ឺរ៉ុបនិងរដ្ឋជាសមាជិករបស់ខ្លួន គួរតែមានវិធានការជាក់លាក់ណាមួយបន្ថែមទៀត ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបន្តបង្ក្រាបលើសំឡេងប្រឆាំងឥតស្រាកស្រាន្តជាថ្មីទៀតនេះ៕