ពលរដ្ឋ និងក្រុមហ៊ុនអចលនទ្រព្យភាគច្រើន នៅខេត្តព្រះសីហនុ បានរអ៊ូរទាំ និងរិះគន់ចំពោះសកម្មភាពអនុវត្តការងារ របស់មន្ត្រីជំនាញមួយចំនួនដែលកំពុងបំរើការងារនៅក្នុងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ថាមានការយឺតយ៉ាវ ឬបង្កកផ្អឹបទុកឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី មានរយៈពេលយូរខែឆ្នាំ។
ពួកគេអះអាងថា ឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី របស់ពួកគាត់ បានដាក់ជូនទៅមន្ទីរសុរិយោដីខេត្តព្រះសីហនុ មានរយៈពេលយូរខែ រហូតទៅហើយ ប៉ុន្តែមិនទាន់ត្រូវបានមន្ត្រីជំនាញទទួលបន្ទុកតាមជំនាញនីមួយៗនោះ ផ្អឹបទុកឯកសារ របស់ពួកគាត់ អូសបន្លាយរយៈពេលជាច្រើនខែ។ភាពយឺតយ៉ាវនេះពលរដ្ឋភាគច្រើន បានដាក់បន្ទុកទៅលើមន្ត្រីទទួលបន្ទុកពិនិត្យឯកសារម្នាក់ មានតួនាទីជា អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឈ្មោះ សេង សុខណាក់ ដែលមិនព្រមស៊ីញ៉េលើឯកសារកាត់ឈ្មោះ ឬក៏ផ្ទេរកម្មសិទ្ធិដីធ្លីជូនពួកគាត់ឲ្យបានឆាប់ទេ និងបានបង្កផលផលវិបាក ព្រមទាំងប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិតជូន របស់ពួកគាត់។
ពួកគេចោទលោក សេង សុខណាក់ ថាជាអ្នកផ្អឹបទុកសំណុំឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លី របស់ពួកគាត់ ដែលជាហេតុនាំឲ្យឯកសារដីធ្លី របស់ពួកគាត់ មិនអាចបញ្ចូនបន្តទៅដល់ដៃ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ពិនិត្យសំរេចចុងក្រោយ។ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋភាគច្រើន រស់នៅខេត្តព្រះសីហនុបានសំណូមពរដល់ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ឲ្យជួយពិនិត្យទៅលើសកម្មភាពការងារ របស់មន្ត្រីក្រោមឱវាទ ជាពិសេសពិនិត្យសកម្មភាពការងារ របស់លោក សេង សុខណាក់ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដែលបានផ្អឹបទុកឯកសារកាត់ឈ្មោះ ឬផ្ទេរកម្មសិទ្ធិដីធ្លីពួកគាត់ អូសបន្លាយពេលរាប់ខែមកហើយនេះ។
បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋ ក៏ដូចជាតំណាងក្រុមហ៊ុនអចលនទ្រព្យទិញលក់ដីមួយចំនួន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមិនពេញចិត្ត ចំពោះសកម្មភាពការងារ របស់លោក សេង សុខណាក់ ក៏បានស្នើដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យជួយមានវិធានការបន្ថែម ឬចុះអង្កេតទៅលើការអនុវត្តការងារ របស់ លោក សេង សុខណាក់ ដើម្បីជួយពន្លឿនដោះស្រាយឯកសារទិញ-លក់ ផ្ទេរកម្មសិទ្ធិ និងកាត់ឈ្មោះម្ចាស់កម្មសិទ្ធិដីធ្លី ឲ្យបានឆាប់ផង។
សាព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក សេង សុខណាក់ អនុប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនៅឡើយទេ ។ចំណែក លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានឲ្យដឹងតាមប្រព័ន្ធ Telagram ដោយស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនប្រាប់ឈ្មោះ ដើម្បីអាចឲ្យរូបគាត់ជួយស្រាវជ្រាវជូន។ លោក ចេង ស្រុង បានផ្ញើសារដូច្នេះ៖” តើប្រជាពលរដ្ឋឈ្លោះអ្វី? ខាងក្រុមហ៊ុនអចលនទ្រព្យក្រុមហ៊ុនឈ្មោះអ្វី? ខ្ញុំនិងស្រាវជ្រាវជូន? កុំស្មាន ខ្ញុំមិនដឹង និងអរគុណ ដែលបានចូលក្នុងការស្ថាបនា”។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គមប្រចាំខេត្តព្រះសីហនុ ក៏បានអះអាងដែរថា ពិតជាមានប្រជាពលរដ្ឋ និងក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បានរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការចេញប្លង់កម្មសិទ្ធិ ការកាត់ឈ្មោះ ការផ្ទេកម្មសិទ្ធិដីធ្លី នៅមន្ទីរសុរិយោដីខេត្តព្រះសីហនុ អូសបន្លាយពេលយូរ ឬច្រើនខែពិតមែន។
ព្រមជាមួយគ្នានេះ មន្ត្រីសង្គមស៊ីវិលទាំងនោះ ក៏បានស្នើដល់ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ឲ្យជួយពន្លឿនការចេញប្លង់កម្មសិទ្ធិដីធ្លី ការកាត់ឈ្មោញ និងការផ្ទេរកម្មសិទ្ធិដីធ្លីជាដើម ជួនប្រជាពលរដ្ឋ ឲ្យបានឆាប់ ព្រោះឯកសារខាងលើនេះវាមានសារៈសំខាន់ចាំបាច់ ដើម្បីឈានទៅពង្រីកមុខរបរ របស់ពួកគាត់ ជាពិសេសកាត់បន្ថយវិវាទដីធ្លីនៅខេត្តព្រះសីហនុ។
ជាងនេះទៀត មន្ត្រីសង្គមស៊ីវិលទាំងនោះ ក៏បានស្នើដល់ លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ឲ្យជួយពិនិត្យតាមដានឯកសារផ្ទេរកម្មសិទ្ធិដីធ្លី ឬកាត់ឈ្មោះកម្មសិទ្ធិដីធ្លី ឲ្យស្របតាមកង្វល់ និងសំណូមពរ របស់ប្រជាពលរដ្ឋ លើកឡើងមកនេះ ឲ្យបានឆាប់ផងដែរ៕