កម្មករដែលធ្វើការងារផ្នែកសេវាកម្សាន្តមួយចំនួន បង្ហាញការខកចិត្ត និងសោកស្តាយចំពោះលិខិតឆ្លើយតបរបស់ក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈ ដោយមិនព្រមជួយដល់ពួកគេអំឡុងពេលរាជរដ្ឋាភិបាលប្រកាសបិទអាជីវកម្មវិស័យនេះ ដែលធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារធ្វើ និងគ្មានប្រាក់ចំណូល។
ការលើកឡើងនេះ ក្រោយពេលកម្មករក្នុងវិស័យចំណីអាហារ និងសេវាកម្មមួយចំនួនបានយកញ្ញតិ្តសុំកិច្ចអន្តរាគមន៍ទៅដាក់នៅក្រសួងការងារ ដើម្បីស្នើឱ្យរដ្ឋាភិបាលជួយផ្តល់កញ្ចប់ប្រាក់ចំនួន៤០ដុល្លារ ឧបត្ថម្ភដល់ពួកគាត់អំឡុងវិបត្តិកូវីដ១៩ ដូចកម្មករវិស័យកាត់ដេរនិងទេសចរណ៍ផងដែរ។សហជីពកម្មករចំណីអាហារ និងសេវាកម្ម បានលើកឡើងកាលពីថ្ងៃម្សិលមិញ ដោយដកស្រង់ការលើកឡើងរបស់ស្ត្រីបម្រើការសេវាកម្មកម្សាន្តម្នាក់ ក្នុងចំណោមអ្នកដែលបានទៅដាក់ញ្ញតិ្តទាមទារឱ្យក្រសួងការងារជួយអន្តរាគមន៍លើបញ្ហាប្រឈមនេះ កញ្ញា ចរិយា បានបង្ហាញពីការខកចិត្ត ដែលរាជរដ្ឋាភិបាលមិនព្រមដោះស្រាយបញ្ហាជូនពួកគាត់។កញ្ញាបញ្ជាក់ថា ពួកគាត់ជួបការលំបាកខ្លាំងណាស់ បានជាពួកគាត់ទៅស្នើឲ្យក្រសួងជួយ ទាំងហាលភ្លៀងហាលថ្ងៃក៏ព្រោះតែក្រពះពួកគាត់ឃ្លាន អត់មានបាយហូប កន្លែងផ្ទះជួលស្នាក់នៅប្រឈមគេដេញចេញ។
ចំណែកភ្លើងទឹកវិញ ត្រូវបានកាត់ផ្តាច់កន្លងមកដោយសារតែមិនមានលុយបង់ឲ្យទាន់ពេលជាដើម។ជាមួយគ្នានេះកម្មករវិស័យនេះម្នាក់ទៀត អ្នកស្រី ពៅ ចំរ៉ុង បានលើកឡើងថា ពួកគាត់ដាក់ញ្ញត្តិស្នើសុំការជួយពីរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ ឲ្យដូចវិស័យកាត់ដេរ ព្រោះពួកខ្ញុំក៏ជាពលរដ្ឋដូចគ្នា ហើយបានបង់ពន្ធដល់រដ្ឋដូចគ្នាដែរ ដូច្នេះអ្នកស្រីស្នើឱ្យរដ្ឋាភិបាលជួយដល់ពួកគាត់ផង។
ការឆ្លើយតបបញ្ហានេះ កាលពីថ្ងៃទី ១៥ខែមិថុនា ក្រសួងការងារ បានចេញលិខិតមួយទៅសហជីពមួយនេះវិញ ដោយថារដ្ឋាភិបាលបានគិតគូរល្អិតល្អន់ដល់ជីវភាពនិងការរស់នៅរបស់ពលរដ្ឋ និងបានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់ដីនិងធនាគារដើម្បីពន្យារពេលក្នុងការបង់ប្រាក់ ឬបញ្ចុះតម្លៃផ្ទះជួលជាដើម។ ប៉ុន្តែ ក្រសួងមិនអាចជួយឧបត្ថម្ភប្រាក់ដល់កម្មករសេវាកម្មកម្សាន្ត ដែលកំពុងតែរងផលប៉ះពាល់ដោយសារតែការប្រកាសឲ្យអាជីវកម្មក្នុងវិស័យសេវាកម្សាន្ត ដូចជាខារ៉ាអូខេ ក្លឹប បៀរហ្គាឌិនជាដើម ផ្អាកជាបណ្ដោះអាសន្ននោះឡើយ។
ទោះបីជាយ៉ាងនេះក្តី ក្រុមកម្មករក្នុងវិស័យសេវាកម្សាន្តដែលជាស្ត្រីអះអាងថា ពួកគាត់នឹងត្រឡប់ទៅជួបជុំគ្នាជាថ្មីនៅមុខក្រសួងការងារ ដើម្បីធ្វើការដាក់ញ្ញត្តិម្តងទៀត ដើម្បីស្នើឲ្យរាជរដ្ឋាភិបាលគិតគូរដល់បញ្ហាប្រឈមរបស់ពួកគាត់ពេលនេះ៕