តពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងព្រះសង្ឃនៃវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល រាប់រយនាក់ផ្ទុះការតវ៉ា រហូតឈានទៅបិទផ្លូវជាតិលេខ៦A នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ដើម្បីទាមទារឱ្យម្ចាស់អាជីវកម្មដេប៉ូ លក់ខ្សាច់និងថ្ម ប្រគល់ដីមួយកន្លែងដែលពួកគេអះអាងថាជាដីវត្ត ឱ្យមកវត្តវិញ។
ការតវ៉ានេះ បន្ទាប់ពីពលរដ្ឋអះអាងថាម្ចាស់ដេប៉ូ លក់ខ្សាច់បានជួលដីវត្ត ដើម្បីស្តុកទុកខ្សាច់ សម្រាប់លក់បន្តឱ្យអាតិថិជន ប៉ុន្តែទីតាំងនោះត្រូវបានថៅកែខ្សាច់រំលោភយកធ្វើជាកម្មសិទ្ធិតែម្តង និងបានកាយដីរបស់វត្ត លក់ឱ្យឈ្មួញថែមទៀត។ក្រុមអ្នកតវ៉ា និយាយថា ដំបូងឡើយវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញ បានជួលទីតាំងនោះឱ្យទៅម្ចាស់អាជីវកម្មសម្រាប់ដាក់ស្តុកខ្សាច់ និងថ្ម តែក្រោយមក ម្ចាស់អាជីវកម្មនោះ បែរជាកាយដីវត្តនោះលក់ទៅវិញ ខណៈកុងត្រាជួលក៏បានផុតកំណត់។
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីការតវ៉ារហូតឈានទៅដល់ការបិទកំណាត់ផ្លូវជាតិលេខ៦ A ដែលបានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវជាតិមួយនេះ។យ៉ាងនេះក្តី នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ អាជ្ញាធរខេត្តកណ្តាលបានចុះសម្របសម្រួលករណីនេះ រហូតដល់ពលរដ្ឋ ព្រមទាំងព្រះសង្ឃផងបានយល់ព្រមបើកផ្លូវធ្វើចរាចរណ៍ឡើងវិញ។
អ្នកវិភាគដែលមានមូលដ្ឋាននៅក្រៅប្រទេសលោក គឹម សុខ លើកឡើងដោយភ្ជាប់រូបភាពមហាជនផ្ទុះការតវ៉ារឿងរំលោភដីវត្តនេះ ដោយលោកថា ក្រុមមេដឹកនាំនយោបាយ ដែលប្រជាពលរដ្ឋគាំទ្រជាងកន្លះនគរទៅហើយ បែរជាមិនមានយុទ្ធសាស្ត្រដឹកនាំពលរដ្ឋដណ្ដើមយកឈ្នះ ឈានទៅរកការផ្លាស់ប្ដូរបែបប្រជាធិបតេយ្យ។ លោកបន្តថា ពលរដ្ឋក្នុងសង្គមភាគច្រើននៅកម្ពុជាកំពុងរង់ចាំអ្នកនយោបាយដែលអាចជាមេដឹកនាំរបស់ពួកគាត់បាន៕