40.9 C
Phnom Penh

អ្នកជំនាញ​សេដ្ឋកិច្ច​អះអាង​កម្ពុជា​អាច​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ កូ​វីដ១៩ ដោយ​ពឹងផ្អែក​ទៅលើ​វិស័យ​សំខាន់​ចំនួន៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា បាន​អះអាង​ថា មាន​វិស័យ​សំ​ខាន់​ៗចំនួន៣ ដែល​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​វិល​ទៅ​រក​ភាព​ប្រសើរ​ឡើយ​ក្រោយ​បញ្ចប់​វិបត្តិ​ជំងឺ​កូ​វីដ១៩ គឺ​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក វិស័យ​កសិកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​ធម្យម ឬហៅ​ថាSME ។

ថ្លែង​ក្នុង​វេទិកា​តុមូល​អំពី ការរៀបចំ​ខ្លួន​របស់​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​រៀបចំឡើង​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា នេះ អ្នកជំនាញ​សេដ្ឋកិច្ច​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ មានប្រសាសន៍​ថា វិស័យ សំ​ខាន់​ៗចំនួន៣រួមមាន វិស័យ​ទេសចរណ៍​ក្នុង​ស្រុក វិស័យ​កសិកម្ម និង​វិស័យ​សហគ្រាស​ធុន​តូច និង​ធម្យម គឺជា​វិស័យ​ដែល​កម្ពុជា​គួរតែ​រៀបចំ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​ស្តារ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩។

លោក​បន្ត​ថា កម្ពុជា​ត្រូវ​ស្តារ​ទេសចរណ៍​ក្នុង​ស្រុក និង​ត្រូវ​កែច្នៃ​កសិកម្ម​របស់​កម្ពុជា​ឱ្យទៅ​ជា​កសិកម្ម​ដែល​អាច​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ និង​ផលិតផល​បែប​សិរី​រាង្គផង​ដែរ។បន្ថែម​ពីនេះ កម្ពុជា​គួរ​កាត់បន្ថយ​ថ្លៃដើម​លើ​ការ​ដឹកជញ្ជូន និង​យកចិត្ត​ទុកដាក់ ទៅលើ​ឧស្សាហកម្ម​ខ្នាត​តូ​ចនិងម​ធ្សម ដែល​ជា​ឧស្សាហកម្ម​ដ៏​សំខាន់ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​អាច​មានឱកាស​រួមគ្នា​នាំចេញ​ទៅក្រៅ​ប្រទេស​បាន។ថ្លែង​នៅក្នុង​ឱកាស​នោះ​ដែរ ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​ជំរុញ​ឱ្យ​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​អ្នក​ហូប មក​ជា​ប្រទេស​អ្នក​ផលិត​វិញ ដោយ​ទាមទារ​ឱ្យ​មានការ​ខិតខំ​កែច្នៃ​ផលិតផល​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ដំណាំស្រូវ ប៉ុន្តែ​កម្ពុជា​មិនទាន់​បាន​កែច្នៃ​ស្រូវ​ឱ្យទៅ​ជា​ផលិត​ផល​ផ្សេង​ៗ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​នៅ​លើ​ពិភពលោក​នោះ​ទេ។ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​រូប​នេះ យល់ឃើញ​ថាបើ​កម្ពុជា​អាច​កែច្នៃ​ស្រូវ​ឱ្យទៅ​ជា​អាហារ ឬផលិត​ផល​ផ្សេង​ៗបាន កម្ពុជា​នឹង​មាន​ទីផ្សារ​ច្រើន ហើយក៏​អាចប​ង្កើត​ការងារ​នៅក្នុង​ស្រុក​កាន់តែ​ច្រើន​ទៀត ផង។

លោក​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​កម្ពុជា​ខ្លាំង និង​ក្លាយទៅជា​ប្រទេស​អ្នក​ផលិត កម្ពុជា​ត្រូវ​ធ្វើ​កំណែទម្រង់​ធនធានមនុស្ស ក៏ដូចជា​សង្គម​ទាំងមូល។កាលពី​ចុងខែ​ឧសភា ធនាគារពិភពលោក​បាន​ចេញ​របាយការណ៍​មួយ​ដោយ​មើលឃើញ​ថា វិស័យ​សំ​ខាន់​ៗដែល​គាំទ្រ​កំណើន​សេដ្ឋកិច្ច កម្ពុជា កំពុងតែ​រង​ផល​ប៉ះពាល់​កើត​ចេញពី​វិបត្តិ​កូ​វីដ១៩ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ការងារ​រាប់​លាន​កន្លែង។ធនាគារពិភពលោក​មួយ​នេះ លើកឡើង​ថា​ជំងឺរាតត្បាត​កូ​វីដ១៩ កំពុង​វាយប្រហារ​លើ​វិស័យ​ទេសចរណ៍ ការនាំចេញ​ឧស្សាហកម្ម និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំង​បី​នេះ រួមចំណែក​ជាង ៧០ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ប្រភព​ដដែល ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ២០២០នឹង​មាន​ភាពយឺត​យ៉ាវ​បំផុត​មិនធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ១៩៩៤មក ពោល​គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្ថិតនៅ​ចន្លោះ​ដក ១ភាគរយ ទៅ​ជិត​ដក៣ភាគរយ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស