ភរិយារបស់លោក គង់ រ៉ៃយ៉ា សម្តែងការសោកស្ដាយជាខ្លាំង ដែលតុលាការក្រុងភ្នំពេញនៅតែមិនហ៊ានបង្ហាញភាពស្អាតស្អំជូនស្វាមីខ្លួន។អ្នកស្រី សុខ ស្រីនិច្ច ភរិយារបស់យុវជនកែម ឡី និយម គឺលោក គង់ រ៉ៃយ៉ា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃនេះ ដោយសម្តែងការសោកស្តាយដែលតុលាការមិនបានផ្តល់ភាពស្អាតស្អំដល់ស្វាមីរបស់គាត់។
អ្នកស្រីងថែមទាំងហៅការសម្រេចប្រកាសសាលក្រមកាត់ទោសប្តីរបស់អ្នកស្រីឱ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយ អនុវត្តន៍ទោសរយៈពេល ៤ខែ១៨ថ្ងៃនេះ ជារឿងអយុត្តិធម៌បំផុត។អ្នកស្រីបន្តថាបី្តរបស់អ្នកស្រីគ្រាន់តែពាក់ព័ន្ធរឿងលក់អាវយឺតមានរូបនិងទស្សនៈរបស់លោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ ប៉ុន្តែត្រូវបានតុលាការសម្រេចឱ្យមានទោសទៅវិញ។
អ្នកស្រី ហៅក្រុមដែលធ្វើបាបប្តីរបស់អ្នកស្រីថា ជាពួកខ្លាចស្រមោល។ សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃសុក្រ បានសម្រេចផ្ដន្ទាទោសលោក គង់ រ៉ៃយ៉ាឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ដោយចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» និង បទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិមកាលពីពេល កន្លងមក។
ចៅក្រមដដែលបន្តថា ទោសចំនួន ២ ឆ្នាំនេះ លោក គង់ រ៉ៃយ៉ា បានអនុវត្តនៅក្នុងពន្ធនាគារបាន ៤ ខែ១៨ ហើយទោសដែលនៅសេសសល់ត្រូវព្យូរទាំងអស់។យ៉ាងនេះក្តី មេធាវីការពារក្ដីឱ្យលោក គង់ រ៉ៃយ៉ា គឺលោក សំ សុគង់ ប្រាប់អ្នកសារព័ត៌មាន ដោយចាត់ទុកការសម្រចរបស់តុលាការពេលនេះថា មិនទាន់បានផ្ដល់យុត្តិធម៌ឱ្យកូនក្ដីរបស់លោកនៅឡើយទេ ដោយសារពេលសវនាការហ្នឹង លោកបានស្នើសុំឱ្យទម្លាក់បទចោទប្រកាន់ និងប្រគល់វត្ថុដែលចាប់យកឱ្យកូនក្ដីរបស់លោកវិញ។
លោកបន្តថាកូនក្តីរបស់លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះឡើយ។ លោក គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១៨ខែ កាលពីឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពេលលោកបានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលបច្ចុប្បន្ន។លោក គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនជាលើកទីពីរ បន្ទាប់ពីលោកប្រកាសលក់អាវយឺតមានភ្ជាប់រូបថតអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី តាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។
ការចាប់ខ្លួនយុវជនកែម ឡី និយមរូបនេះ ធ្វើឡើយមុនមួយថ្ងៃនៃការរំឮកខួបបីឆ្នាំសម្រាប់ឃាតកម្មលើលោក កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់ ទាំងកណ្តាលថ្ងៃក្នុង ស្តារម៉ាត់ នៃស្ថានីយ៍ប្រេងឥន្ធនៈ ជាប់ស្តុបបូកគោ ក្រុងភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦។
ការបាញ់សម្លាប់លោកកែម ឡី ធ្វើឡើង២ថ្ងៃក្រោយពេលលោកបានបកស្រាយនូវរបាយការណ៍របស់អង្គការអន្តរជាតិGlobal Witness ដែលបានបង្ហាញពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន ដែលបានក្តោបក្តាប់ជំនួញក្នុងស្រុកខ្មែរស្ទើរតែអស់ ក្នុងតម្លៃទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក៕