លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រតិកម្មចំពោះការលើកឡើងថាលោកខកចិត្ត ព្រោះមិនបានសម្រេចផែនការផ្ទេរអំណាចទៅកូនប្រុសច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ក្នុងតំណែងរបស់លោកបច្ចុប្បន្ន។
ថ្លែងនៅក្នុងពិធី ចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅព្រឹកនេះ លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្នគ្មាននណាមានសមត្ថភាពមកជំនួសតំណែងរបស់លោកបានឡើយ សូម្បីក្នុងជួរគណបក្សប្រជាជនកម្ពុជាក៏គ្មានអ្នកចង់មកជំនួសតំណែងរបស់លោកនោះដែរ។ បើមានមែនលោកប្រាប់ឱ្យអ្នកទាំងនោះចេញមុខ ដើម្បីបង្ហាញដល់លោកឱ្យបានដឹងទៀតផង។លោកថាអ្នកស្រម៉ៃកាន់តំណែងរបស់លោកបច្ចុប្បន្ន គឺមានតែក្រុមប្រឆាំងប៉ុណ្ណោះ ប៉ុន្តែលោកប្រាប់ថាពួកគេអាចមានសមត្ថភាពកាន់តំណែងរបស់លោកបាន គឺមានតែត្រូវរង់ចាំជាតិក្រោយប៉ុណ្ណោះ។ លោកហ៊ុន សែន បញ្ជាក់ថា គ្មានហេតុផលណាកូនប្រុសរបស់លោកចង់បានតំណែងរបស់លោកក្នុងពេលលោកកំពុងដឹកនាំប្រទេសនោះឡើយ ដោយលោកថានឹងដឹកនាំប្រទេសរយៈពេល១០ឆ្នាំទៅមុខទៀត។
បុរសខ្លាំងនៅកម្ពុជារូបនេះ និយាយថា បេក្ខជនជានាយករដ្ឋមន្ត្រី គឺ មិនមែនមានតែកូនប្រុសច្បងរបស់លោក នោះទេ ព្រោះបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងជួរបក្សប្រជាជនកម្ពុជាមានច្រើនណាស់ ប៉ុន្តែលោកគាំទ្របេក្ខភាពកូនប្រុសរបស់លោក និងតែងអប់រំប្រៀនប្រដៅកូនរបស់លោកឱ្យក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ ទោះបីមិនបានស្មើលោក ប៉ុន្តែក៏បានប្រហាក់ប្រហែលលោកដែរ។
យ៉ាងនេះលោកថា ត្បិតតែលោកហ៊ុន ម៉ាណែត មានការគាំទ្រពីលោកក្តី ប៉ុន្តែការជំនួសតំណែងលោកបាន គឺត្រូវមានការគាំទ្រពីផ្ទៃបក្ស និងមានការសម្រេចពីពលរដ្ឋ តាមរយៈការបោះឆ្នោតផងដែរ។ទោះបីជាយ៉ាងនេះក្តី លោកហ៊ុន សែនថា មានតែពេលវេលាប៉ុណ្ណោះដែលអាចបង្ហាញការពិតអំពីបេក្ខជនដែលអាចជំនួសតំណែងលោកបាន។កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាឪពុកបង្កើតរបស់លោកដំឡើងតំណែងនៅក្នុងជួរគណបក្សកាលពីពេលថ្មីៗនេះ ពីតំណែងអនុប្រធាន ទៅជាប្រធានយុវជនគណបក្សកាន់អំណាច ថ្នាក់កណ្តាល។លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតំណែងកំពូលក្នុងបក្សមួយទៀតគឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស។
ចំណែកតួនាទីនៅក្នុងជួរកងទ័ពវិញ លោកហ៊ុន ម៉ាណែត មានតួនាទីសំខាន់ៗ ដូចជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក តំណែងជាប្រធានចារកម្ម ព្រមទាំងតំណែងមួយចំនួនផ្សេងទៀត។
យ៉ាងនេះក្តី អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងនៅថ្ងៃនេះដែរថា វិបត្តិសម្លាប់កម្ពុជា គឺរឿងអំណាច ហ៊ុន ម៉ាណែត សុទ្ធសាធ។ លោកថា វិបត្តិកម្ពុជាគ្មានច្រកចេញរហូតដល់បច្ចុប្បន្ន និងគាំងយូរទៅទៀត គឺផែនការមហិច្ឆតាអំណាចសម្រាប់ ហ៊ុន ម៉ាណែត។ រីឯអំណាចលោក ហ៊ុន សែន ខណៈនេះ គ្រាន់តែជាគ្រឿងទ្រនាប់សម្រួលផ្លូវប៉ុណ្ណោះ។លោកបន្តទៀតថា បើត្រឹមតែរក្សាអំណាចផ្ទាល់ខ្លួនដល់ជីវិតចុងក្រោយមែន លោក ហ៊ុន សែន មិនចាំបាច់ធ្វើមុខក្រាស់ដល់កម្រិតប្រើកណ្ដាប់ដៃដែកធ្ងន់ហួសប្រមាណដូចសព្វថ្ងៃឡើយ។លោកមើលឃើញថា សករាជលោក ហ៊ុន សែន ជាឪពុក ធ្វើឲ្យប្រទេសកម្ពុជាលួសព្រលឹងផ្ទៃក្នុង បាត់បង់ដីតាមព្រំដែន របូតកោះនិងផ្ទៃទឹកសមុទ្រខ្មែរយ៉ាងធំធេង ទៅក្រោមការគ្រប់គ្រងរបស់យួននិងសៀម។ ប៉ុន្តែបើពលសង្គមខ្មែរគ្រប់រូប បណ្ដោយឲ្យលោក ហ៊ុន ម៉ាណែត ជាកូនឡើងតោងអំណាចបានដោយគ្មានឧបសគ្គវិញ នោះជាតិកម្ពុជាអាចនឹងត្រូវបាត់ព្រលឹងទាំងស្រុង ឬក្ស័យប្រទេសត្រឹមសម័យលោក ហ៊ុន ម៉ាណែតនេះទៀតផង៕