34.8 C
Phnom Penh

លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា​ថវិកា​រក​សាង​ស្នាក់​ការ​បក្ស​ប្រជាជន​កម្ពុជា​ជាង៣០លាន​ដុល្លារ ជា​ថវិកា​ររបស់​សមាជិក​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​លោក ហ៊ុន សែន អះអាង​ជាថ្មី​ទៀត​ថា ថវិកា​រក​សាង​ស្នាក់​ការ​គណបក្សប្រជាជន​កម្ពុជា​ជាង៣០លាន ដុល្លារ សហរដ្ឋអាមេរិក គឺជា​ថវិកា​ររបស់​សមាជិក​បក្ស​របស់​ខ្លួន​ប៉ុណ្ណោះ។

ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅក្នុង​ពិធី​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​នៅ​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ។លោក ហ៊ុន សែន បញ្ជាក់​ថា វា​គ្មាន​រឿង​អ្វី​ពិបាក​រកលុយ​ត្រឹម​ជាង ៣០លាន​ដុល្លារ ដើម្បី​យក​មក​កសាង​ស្នាក់​គណបក្ស​នោះ​ឡើយ ព្រោះ​សមាជិក​បក្ស​របស់​ខ្លួន​មាន​រាប់​លាន​នាក់ តាំងពី​កូន​កសិករ រហូតដល់​អ្នក​សេដ្ឋី និង​កូន​សេដ្ឋី​ថែមទៀត​ផង។

ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​រូប​នេះ លើកឡើង​ថា​លោក​មិន​ខ្វល់​នឹង​ការរិះគន់​នោះ​ឡើយ ដោយ​ថា​នៅ​ថ្ងៃទី២៨ ខែមិថុនា​ខាងមុខនេះ គណបក្ស​នឹង​សូត្រ​មន្ត​ឡើង​អគារ​ថ្មី​នៃ​ស្នាក់​ការ​កណ្តាល​បក្ស​កាន់អំណាច និង​ចំ​ថ្ងៃកំណើត​បក្ស​នេះ​ផង​ដែរ។អគារ​ស្នាក់​ការ​កណ្តាល​របស់​គណបក្ស​កាន់អំណាច ដែល​មាន​ទីតាំងនៅ​ក្បែរ​ក្រសួងមហាផ្ទៃ និង​ក្បែរ​អគារ​ព្រឹទ្ធសភា​នេះ បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី នៃ​ទីតាំង​អគារ​ចាស់​មាន​ទំហំ​ប្រមាណ​ជាង១ហិ​កតា និង​មាន​កម្ពស់​ចំនួន ៥ជាន់ ពណ៌ស រចនា​ប័ទ​ខ្មែរ ដោយ​ចាប់​ដំណើរការ​សាងសង់​ឡើងវិញ តាំងពី​ខែ​ខែវិច្ឆិកា ឆ្នាំ២០១៨ មក​ម្លេះ។លោក​ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​កសាង​អគារ​ស្នាក់​ការ​កណ្តាល​របស់​បក្ស​កាន់អំណាច​យ៉ាង​ស្កឹមស្កៃ និង​ប្រណិត​នេះ​ដើម្បី​ពង្រឹង​អំណាច​បក្ស​របស់​ខ្លួន​ឲ្យ​យូរអង្វែង​បន្ថែម​ទៀត​ដោយ​ក្បាលម៉ាស៊ីន​និង​រចនាសម្ព័ន្ធ​បក្ស​នឹង​ត្រៀម​ដឹកនាំ​រយៈពេល​ពី៥០ ទៅ១០០ឆ្នាំខាងមុខ​ទៀត។

ក្រុម​អ្នកវិភាគ​ធ្លាប់​លើកឡើង​ថា អំណាច​បក្ស​ប្រជាជន​កម្ពុជា អាច​រឹងមាំ​ទៅ​បាន​ដោយសារ​ការអនុវត្ត​វប្បធម៌​អញ​ជួយ​ឯង ឯង​ជួយ​អញ្ញ ការ​សហការ​គ្នា​ជា​ប្រព័ន្ធ​នឹង​ការ​ក្តោប​ក្តាប់​ក្រុម​អ្នកមាន​ប្រាក់ ដោយ​ការ​បើកដៃ​ឱ្យ​មានការ​ប្រព្រឹត្ត​អំពើពុករលួយ និង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម។ ប៉ុន្តែ​បញ្ហា​និរន្ត​ន៍​ភាព​អំណាច​បក្ស​នេះ​ទៅ​ថ្ងៃខាងមុខ​អាច​នឹង​ប្រឈម​បញ្ហា​វិបត្តិ​ផ្ទៃក្នុង ការ​លែង​ជួយ​ជ្រោមជ្រែង​ពី​បរទេស និង​ការ​អស់ជំនឿ​ពី​ពលរដ្ឋ​តែម្តង​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស