អាជ្ញាធររាជធានីភ្នំពេញ បានចុះហាមឃាត់សកម្មភាពក្រុមយុវជនស្រលាញ់បរិស្ថាន ដែលគ្រោងនឹងរៀបចំតាំងពិព៍រណ៌រូបភាពសម្រស់កោះកុងក្រៅ ដើម្បីបង្ហាញឱ្យសាធារណៈជនមានការចាប់អារម្មណ៍ និងចូលរួមតំបន់កោះមួយនេះ។
សកម្មភាពរារាំងនេះ កើតឡើងនៅរសៀលថ្ងៃច័ន្ទនេះ នៅសួនច្បារវត្ដបទុមវត្ថី ដោយអាជ្ញាធរខណ្ឌដូនពេញអះអាងថាសកម្មភាពដែលក្រុមយុវជនធ្វើជារឿងខុសច្បាប់ ព្រោះមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន។យ៉ាងនេះក្តី តាមរយៈវីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ស្ថាបនិកអង្គការចលនាមាតាធម្មជាតិ លោកអាឡិច ហ្គន់សាឡេស ដេវិតសុន នៅរសៀលនេះក្រុមយុវជនបង្ហាញការខកចិត្ត និងមិនពេញចិត្តឡើយចំពោះសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយអះអាងថាសកម្មភាពរបស់ពួកគាត់មិនបានខុសច្បាប់ទេ និងមិនមានអ្វីប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនោះដែរ។ពួកគេបានហៅសកម្មភាពនេះ ថាជាការគំរាមកំហែងដល់ពួកគាត់ និងជាការបំបាក់ស្មារតី នៃការចូលរួមការពារបរិស្ថានកម្ពុជាថែមទៀតផង។
កាលពីថ្ងៃទី ៣ មិថុនាក្រុមយុវជនដែលមានគ្នាប្រមាណ២០នាក់ បាននាំគ្នាធ្វើយុទ្ធនាការជិះកង់ ពីខេត្តកោះកុងឆ្ពោះមកភ្នំពេញ ក្នុងគោលបំណងយកញ្ញត្តិមកដាក់ជូនលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឱ្យដាក់តំបន់កោះកុងក្រៅ ជាតំបន់អភិរក្សធម្មជាតិ ឬ តំបន់ឧទ្យានជាតិសមុទ្រជាផ្លូវការ។ ប៉ុន្តែសកម្មភាពរបស់ពួកគាត់ត្រូវបានអាជ្ញាធរខេត្តកោះកុងឃាត់ និងចាប់យកកង់របស់ពួកគេប្រមាណ១០គ្រឿងរក្សាទុក និងគំរាមមិនឱ្យក្រុមយុវជនយកញ្ញត្តិមកដាក់នៅខុទ្ទកាល័យលោកហ៊ុន សែនឡើយ។ ប៉ុន្មានថ្ងៃក្រោយមកទើបអាជ្ញាធរខេត្តនេះ ព្រមប្រគល់កង់ទាំងនោះឱ្យក្រុមយុវជនវិញ។
កាលពីថ្ងៃទី៣ ខែមិថុនា នោះដែរ ក្រសួងបរិស្ថានសេចក្តីប្រកាសព័ត៌មានដោយសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូចដែលសម្តែង ធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុង ឱ្យដាក់ជាតំបន់ការពារ។ក្រសួងបរិស្ថានបានចាត់ទុកសកម្មភាពនោះគ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។
ក្រសួងបរិស្ថាន បញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បីដាក់តំបន់នេះ ជា«ឧទ្យានជាតិសមុទ្រ»ព្រោះតំបន់នេះសម្បូណ៍ដោយសក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារនិងអភិរក្ស។ក្រសួង រំពឹងថានឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា«ឧទ្យានជាតិសមុទ្រ»អំឡុងឆ្នាំ ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។
នៅថ្ងៃទី ៤ ខែមិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅថា ការរារាំង និងសាកសួរក្រុមយុវជនបរិស្ថានអស់ជាច្រើនម៉ោង ព្រមទាំងចាប់យកកង់របស់ពួកគេ និងឃាត់មិនឱ្យក្រុមយុវជនដើរដោយថ្មើជើងមកភ្នំពេញ ពីសំណាក់អាជ្ញាធរខេត្តកោះកុង គឺជាការបំភិតបំភ័យមួយដល់យុវជន ដែលស្រលាញ់ និងចង់ការពារធនធានធម្មជាតិ ។
ក្រោយមានភាពចម្រូងចម្រាសប៉ុន្មានថ្ងៃនេះ ក៏បានលេចចេញនូវគម្រោងផ្តល់ការវិនិយោគកោះកុងក្រៅ ទៅជាតំបន់អភិវឌ្ឍទៅឱ្យក្រុមហ៊ុនឯកជន មួយ ដែលគេស្គាល់ថាជាក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ មនុស្សស្និតនិងលោកហ៊ុន សែន។កោះកុងក្រៅដែលជាកោះធំបំផុតរបស់កម្ពុជាស្ថិតនៅក្នុងខេត្តកោះកុង មានទំហំ ១០៣ គីឡូម៉ែត្រក្រឡា និងជាកោះដែលមានសម្រស់ស្អាត មានឆ្នេរសក្បោះ មានសម្រស់ធម្មជាតិស្រស់ស្អាតជាងគេនៅកម្ពុជា។
សកម្មជនបរិស្ថាន បានលើកឡើងពីគុណវិបត្តិ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចការពារតំបន់នេះបាន ដោយអាចនឹងមានការអន្តរាយផ្នែកបរិស្ថាន ប្រសិនបើធនធានធម្មជាតិក្នុងតំបន់នេះ ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជន ៕